ភ្នំពេញ ៖ មនុស្សចំនួន៤ នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ ដោយសារតែបុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុក នៅ ចំណុចស្តុបសន្ទម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ហើយរថយន្ត បង្កបានព្យាយាមបើករត់រហូតដល់ចំណុចមុខផ្សារដេប៉ូ ក៏ជ្រុលបុកនឹងរ៉ឺម៉កកង់បី បណ្តាលឲ្យរងរបួស ម្នាក់ ហើយរថយន្តជាប់ទៅមុខលែងរួច ត្រូវបានសមត្ថកិច្ចឃាត់ជាប់តែម្តង ។
តាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូសេ ១២៥ មួយគ្រឿង ឌុបនារី ២ នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច ស្តុបសន្ធរម៉ុក ក៏ត្រូវបានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-1190 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្តោយផ្លូវកម្ពុជាក្រោយ ក្នុងទិសដៅពីលិចទៅ កើត ក្នុងល្បឿនលឿន ជ្រុលបុកពីជំហៀង បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្ក បានព្យាយាម បើករត់ រហូតដល់ចំណុចមុខផ្សារដេប៉ូ ក៏បានជ្រុលបុករ៉ឺម៉កកង់បី មួយគ្រឿងទៀត បណ្តាលឲ្យបុរស ម្នាក់រងបួស ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច សហការគ្នាឃាត់បានភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំម្ចាស់ រួមទាំងរថយន្តបង្កទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលផ្សារ ដេប៉ូទី៣ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕