វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណអាម៉េរិក បានឲ្យដឹងថា ខ្លួនអាចនឹងបញ្ជូន កងទ័ពចំនួនប្រហែល ៤ពាន់នាក់ ទៅកាន់ ប្រទេសលីបេរីយ៉ា ដែលជាផ្នែកមួយ នៃផែនការផ្តល់ជំនួយដ៏ទូលំទូលាយ ដើម្បីប្រឆាំងនឹងការផ្ទុះ ឡើងនៃជំងឺ Ebola ប៉ុន្តែខ្លួនបានសង្កត់ធ្ងន់ថា ចំនួនពិតប្រាកដអាចនឹងមានការផ្លាស់ប្តូរ ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា យោងតាមមន្ត្រី ជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណលោក ចន គឺរប៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយថា រដ្ឋមន្រ្តី ការពារជាតិអាមេរិក លោក ឆាក់ ហាហ្គែល បានអនុម័តសម្រាប់ ការដាក់ពង្រាយកងទ័ពចំនួន ៤ពាន់នាក់ ទៅឱ្យប្រទេសលីបេរីយ៉ា។ លោកថា “ខ្ញុំចង់ធ្វើឱ្យ រឿងមួយច្បាស់លាស់ និងពិតប្រាកដថា នេះជាការដាក់ ពង្រាយកងទ័ពដ៏មាន សក្តានុពលមួយ ហើយនោះមិនមានន័យថា អាចនឹងទទួលបាន ចំនួនពិតប្រាកដ មួយនោះទេ” ។
លោកប្រធានាធិបតី អាម៉េរិកលោក អូបាម៉ា កាលពីមុនបានប្តេជ្ញា ដាក់ពង្រាយក្នុងចំនួនជិត ១ពាន់នាក់ នៅពេលដែលមានមនុស្សជាលើកដំបូង ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺ Ebola នៅក្នុងសហរដ្ឋ អាម៉េរិក កាលពីដើមសប្តាហ៍មុននេះ ដែលជាការធ្វើអាជ្ញាធរ ផ្នែកសុខាភិបាល មានការប្រុងប្រយ័ត្នខ្ពស់ ។
ប្រភពខាងលើ បានបន្ថែមទៀតថា បច្ចុប្បន្ននេះមានបុគ្គលិកយោធា របស់សហរដ្ឋអាម៉េរិក ក្នុងប្រទេស លីបេរីយ៉ា មានត្រឹមតែ ២០៥នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយ មន្ទីរពិសោធន៍បានធ្វើតេស្ត រកជំងឺ Ebola លើមនុស្សចំនួនពីរនាក់ ដែលធ្វើឡើងដោយបុគ្គលិក មកពីមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងនាវាចរណ៍អាម៉េរិក ដែលបច្ចុប្បន្នកំពុង ប្រតិបតិ្តការយ៉ាងពេញទំហឹងលើបញ្ហាទប់ស្កាត់ជំងឺ Ebola៕