ភ្នំពេញ ៖ ក្រុមហ៊ុនម៉ៅការស្ថាបនា លូរំដោះទឹក យីហោ «CCES» ដែលប្រតិបត្តិការ តាមបណ្ដោយ ផ្លូវ៥៩៨ ខណៈកំពុងធ្វើការ ស្ថាបនាកាយ យកអាចម៍ដី និងបង្កប់លូ យ៉ាងធំអមសងខាងផ្លូវខាងលើ ស្រាប់តែបុគ្គលិកបញ្ជា គ្រឿងចក្រម្នាក់ បានរុញដី និងលូដោយមិនប្រុងប្រយ័ត្ន បណ្ដាលឱ្យ ស្ដ្រី ជាកម្មករលាយសីម៉ង់ត៍ ម្នាក់ ត្រូវលូដ៏ធំនោះរមៀលកិនកំពៀត ដូចចេកចៀនធ្លាយខួរ ចេញមកក្រៅ ស្លាប់យ៉ាង អាណោចអាធ័មបំផុត ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីដែលបង្កឱ្យភ្ញាក់ផ្អើល លើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៤ ឋិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងភូមិទួលគោក ក្រុមទី១៣ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងទៀតថា ស្ដ្រីរងគ្រោះដែល ជាកម្មករស្លាប់ដោយ លូរមៀលកិនកំពៀត ដូចចេកចៀននេះ ត្រូវបានគេស្គាល់ឈ្មោះ ឯម ង៉ែត អាយុ ៤៤ឆ្នាំ គ្មានឪពុកម្ដាយនោះទេ កំព្រាតាំង តែពីតូចមានតែសាច់ញាតិកូនក្មួយ ប៉ុណ្ណោះហើយស្ដ្រីរូបនេះមានទីលំនៅ ភូមិកូចា ឃុំព្រៃកាសាំង ស្រុកឧដុង្គខេត្ដ កំពង់ស្ពឺ ។
កម្មករដូចគ្នាបាននិយាយថា មុនពេលគ្រោះ ថ្នាក់ស្ដ្រីរងគ្រោះ បានលាយស៊ីម៉ង់ត៍ឱ្យ កម្មករប្រុស បៀកនិងបូកលូ ហើយបន្ទាប់ ពីគាត់ធ្វើកិច្ចការនេះចប់ក៏បានអង្គុយផឹក ទឹកជ្រកក្រោមម្លប់ក្បែរ កន្លែងជីកដាក់លូនោះ ។ ខណៈអង្គុយបានមួយសន្ទុះស្រាប់ តែអ្នកបញ្ជាគ្រឿងចក្រ បានយកប្រម៉ោយ រុញដីនិងលូដែលតម្រៀបគ្នា បណ្ដាលឱ្យ រមៀលទៅកិនជនរងគ្រោះដែលកំពុង អង្គុយបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។
ប្រជាពលរដ្ឋ បានរិះគន់ដល់ក្រុមហ៊ុន ម៉ៅការ ខាងលើនេះដែលធ្វើការស្ថាបនា ដាក់លូរំដោះទឹកមាន ការធ្វេសប្រហែស ទើបបណ្ដាលឈានដល់ការ បាត់បង់អាយុ ជីវិតកម្មករ រួចតំណាងក្រុមហ៊ុនបានត្រឹម តែជួយជាសំណងតិចតួច សម្រាប់ក្រុម គ្រួសារសពជនរងគ្រោះធ្វើបុណ្យតែប៉ុណ្ណោះ ។
កត្ដាខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងពេបជ្រាយ ដោយចាត់ ទុកអាយុជីវិតរបស់មនុស្សគ្មានតម្លៃបន្ដិចណាឡើយ ។ ប្រជាពលរដ្ឋដែល រស់នៅ តាមបណ្ដោយផ្លូវលេខ៥៩៨បានឱ្យដឹងថា ក្រុមហ៊ុនCCESដែលបានទទួលសិទ្ធិ ស្ថាបនាដាក់លូរំដោះទឹក ពីសាលារាជ ធានីភ្នំពេញតាមបណ្ដោយផ្លូវលេខ៥៩៨ នេះ ហាក់ដូចជាគ្មានលក្ខណៈបច្ចេកទេស ល្អត្រឹមត្រូវនោះទេ ដោយគិតតែពីជីក កាយ ហើយដាក់លូចូលវិញ កន្លែងខ្លះ គ្រាន់តែយកស៊ីម៉ង់ត៍តិចៗទៅបៀក និង កាយដីលុបវិញរួចជាស្រេច ៕