កំពត ៖ ក្រុមការងារមន្ទីរធនធានទឹក ខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ បានជីក ប្រឡាយនាំទឹក និងដំឡើងម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវជូនប្រជាពលរដ្ឋ នៅឃុំដើមដូង ស្រុកអង្គរជ័យ ក្រោយ ពីជួបគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនថ្ងៃ ។
មន្ត្រីធនធានទឹក ខេត្តកំពត បានឲ្យដឹងថា ក្រោយពីស្រូវរបស់ប្រជាពលរដ្ឋជួបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក លោក លឹម គានហោ បានបញ្ជាឲ្យក្រុមការងាររបស់ មន្ទីរធនធានទឹកខេត្តកំពត សហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ បានចុះទៅជួយអន្តរាគមន៍ជាបន្ទាន់ ។ ជាក់ស្តែងនៅថ្ងៃទី០៥ ខែតុលា នេះ ក្រុមការងារ បានជួយបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋបាន ៣៥០ហិកតា ផងដែរ ៕