ភ្នំពេញ ៖ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ ការតវ៉ារបស់បងប្អូន សហគមន៍ខ្មែរកម្ពុជាក្រោម បានកើនឡើងជាង ១០០នាក់ ក្នុងនោះរួមមានព្រះសង្ឃឯករាជ្យជិត ២០អង្គផងដែរ បាននាំគ្នាតវ៉ាជាលើកទី២ របស់ ពួកគេនៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមន្ត្រី ស្ថានទូតវៀតណាម បកស្រាយរឿងថា ទឹកដីខ្មែរកម្ពុជាក្រោម ជារបស់វៀតណាម តាំងយូរលង់ណាស់មកហើយនោះ ។
ព្រះសង្ឃនាម សឺន ហាយ បានដឹកនាំក្រុមបាតុករ ធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ខណៈលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ពុំមាន វត្តមាននៅឡើយទេនៅព្រឹកនេះ ។
យ៉ាងណាក៏ដោយ ការតវ៉ារបស់ក្រុមបាតុករ សហគមន៍ខ្មែរកម្ពុជាក្រោមនៅព្រឹកនេះ ពុំមានការប៉ះទង្គិចគ្នាទេ ខណៈ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានដាក់ពង្រាយនៅជុំវិញស្ថានទូតវៀតណាម ដើម្បីការពារសន្តិសុខ ក៏ដូចជាបញ្ចៀស ការកកស្ទះចរាចរណ៍ផងដែរ ៕