ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ នៅតែបន្តអំពាវនាវដោយភាពអត់ធ្មត់ នៅកាន់ ប្រជាពលរដ្ឋ នៅតំបន់ស្វាយជ្រំ ឃុំស្រអែម ស្រុកជាំក្សាន្ត ឲ្យមករស់នៅក្នុង ភូមិធម្មជាតិសម្តេចតេជោ តាមរយះការផ្តល់បន្ថែមនូវ សេវាសាធារណៈផ្សេងៗ ដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ(សាលារៀន វត្តអារាម ទីផ្សារ។ល។) ដីកសិកម្ម ផ្ទះសម្បែងតាមរយះក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ពីព្រោះតំបន់ស្វាយជ្រុំ ត្រូវបានកំណត់រៀបចំជាតំបន់ អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ រវាងប្រទេស កម្ពុជា និងអង្គការយូណេស្កូ ។
ការថ្លែងអំពាវនាវរបស់អាជ្ញាធរខេត្ត ទៅកាន់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេតាមរយៈ តំណាងប្រមាណ ២០នាក់ មិនទទួលការពន្យល់ពីហេតុផល និងមិនមក តាំងលំនៅកន្លែងថ្មី ពោលពួកគេចង់ បន្តការរស់នៅកន្លែងចាស់ដូចដើម និងទាមទារឲ្យរាជរដ្ឋា ភិបាល ផ្តល់ប្លង់កម្មសិទ្ធិដីធ្លី និងសុំកសាងវត្ត កសាងសាលារៀន ព្រមទាំងធានាសុវត្ថិភាពលើការរស់នៅ ។
ការបដិសេធសាជាថ្មីរបស់តំណាងប្រជាពលរដ្ឋ នៅតំបន់ស្វាយជ្រុំ អមដោយព្រះសង្ឃឯករាជ្យចំនួន ១០អង្គ និងមន្ត្រីសង្គមស៊ីវិលខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នៅវត្តមរតកតេជោ ខណៈដែលពួកគេចូលជួប និងស្តាប់ការពន្យល់ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងប្រធានអាជ្ញាធរ ជាតិព្រះវិហារ លោក ជុច ភឿន ស្តីពីបញ្ហាទាំងនេះ ។
អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានថ្លែងឲ្យដឹងថា តំបន់ស្វាយជ្រុំ ដែលស្ថិតនៅឃុំស្រអែម ស្រុក ជាំក្សាន្ត ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ ឆ្នាំ២០១១ និងអនុក្រឹត្យឆ្នាំ២០១៣ ដោយតម្រូវឲ្យរៀបចំជា តំបន់អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ តម្រូវឲ្យផ្លាស់ទីទៅកាន់ ភូមិធម្មជាតិវិញ ។
អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា "យើងបានធ្វើរឿងនេះ ជិត២ឆ្នាំហើយ ដែលបងប្អូនបានទទួលគោល នយោបាយមានដី មានផ្ទះ មានដីកសិកម្ម ហើយបងប្អូនក៏បានទទួលអស់ដែរ ប៉ុន្តែបែរជាមកតវ៉ាសុំរស់នៅ កន្លែងដើមទៅវិញ ។ រឿងនេះពួកគេបានយកលេសថា ព្រះរាជក្រឹត្យចេញក្រោយពួកគេមកតាំងលំនៅ" ។
លោក អ៊ុំ ម៉ារ៉ា បានបន្តទៀតថា " នេះជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើ ក្នុងនាមជាម្ចាស់ផ្ទះ និងអង្គការ យូណេស្កូ អញ្ចឹងហើយបានជាយើងរៀបចំតំបន់ស្នូល និងតំបន់ទ្រនាប់ឲ្យត្រឹមត្រូវ ដែលបងប្អូនប្រជាពលរដ្ឋ បានទៅមើលនាថ្ងៃនេះ ហើយយើងត្រូវអនុវត្តឲ្យខានតែបាន ថ្នាក់ខេត្ត និងក្រុមការងារថ្នាក់ជាតិ បានខិតខំ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល" ។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានលើកឡើងទៀតថា បើសិនជាបងប្អូន គិតថា ការផ្តល់សេវាមិនទាន់គ្រប់គ្រាន់ ខ្វះផ្លូវ ខ្វះសាលារៀន ខ្វះមន្ទីរពេទ្យ ខ្វះផ្សារនោះ យើងអាចជជែក និង ពិភាក្សាគ្នាបានតាមរយៈ ការស្វែងរកដៃគូវិនិយោគ សប្បុរសជន និងថវិកាជាតិ ដើម្បីជួយបងប្អូន ប៉ុន្តែអ្វីដែល បងប្អូនទាមទារ និងស្នើសុំនោះ ហួសពីដែនសមត្ថកិច្ចរបស់យើងហើយ ។
បើយោងតាមអភិបាលខេត្ត ប្រជាពលរដ្ឋដែលរស់នៅតំបន់ស្វាយជ្រុំនោះ មានចំនួន ២៥៣គ្រួសារ ប៉ុន្តែភាគ ច្រើនបានទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយនៅសល់មួយចំនួនទៀត បែរជាមកធ្វើការ តវ៉ាទៅវិញ ។
សម្រាប់បងប្អូនដែលយល់ព្រមទទួល គោលនយោបាយ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិធម្មជាតិនោះ នឹង ទទួលបានដីកសិកម្ម ដែលត្រូវរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដី ចែកជូននៅចុង ឆ្នាំ២០១៤ នេះ ដោយក្នុងមួយគ្រួសារចំនួន ២ហិកតា ដែលរបបគោលនយោបាយនេះ វាសមស្របហើយ ។
យ៉ាងណាក៏ដោយ បើទោះបីប្រជាពលរដ្ឋទាំងនេះ ដែលធ្វើការតវ៉ាទាំងនេះ នៅបន្តបដិសេធនោះ លោកអភិបាលខេត្តព្រះវិហារ នៅបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ វិលប្រឡប់មកវិញ និងទទួលយកវិធាន ការរបស់អាជ្ញាធរខេត្ត និងថ្នាក់ជាតិ បោះបង់ចោលការតវ៉ា និងកុំចាញ់បោកការញុះញង់ទាំងឡាយ នាំឲ្យធ្លាក់ ចូលក្នុងផលប្រយោជន៍នយោបាយ ។
តំណាងប្រជាពលរដ្ឋទាំងនេះ ក្រោយបញ្ចប់ការហូបបាយ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ ដឹកនាំអាជ្ញាធរជាតិព្រះវិហារ នៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ នេះ ពួកគេអម ដំណើរដោយព្រះសង្ឃឯករាជ្យ និងអង្គការសង្គមស៊ីវិលនោះ បានធ្វើដំណើរមកភ្នំពេញ ដោយបន្តស្នាក់នៅក្នុង វត្តសាមគ្គីរង្សី ក្នុងគោលបំណងស្វែងរកអន្តរាគមន៍ថែមទៀត ៕