កំពង់ឆ្នាំង ៖ ជនសង្ស័យ ចែកចាយគ្រឿងញៀន ចំនួន០២នាក់ ត្រូវបានកម្លាំង នគរបាល ស្រុករលាប្អៀរ ដឹកនាំដោយនាយរង ការិយាល័យ កណ្តាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង លោក គឹម សារ៉េត ធ្វើការចាប់ឃាត់ ខ្លួនបានខណៈជនសង្ស័យ កំពុងធ្វើការចែកចាយ នៅចំណុចស្ពានជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ហេតុការ ឃាត់ជនសង្ស័យនេះ បានធ្វើឡើងនៅ វេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ ។
លោក គឹម សារ៉េត នាយរង ការិយាល័យ កណ្តាលប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខណៈពេលដែលកម្លាំង នគរបាល មូលដ្ឋាន ដើរល្បាតក៏ ប្រទះឃើញ ជនសង្ស័យ ទាំងពីរនាក់ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ប្រភេទ ម៉ាទឹកក ភ្លាមៗនោះ លោកបានដឹកនាំកម្លាំង ចុះធ្វើការបង្ក្រាបតែម្តង។
តាមចម្លើយ សារភាព របស់ជនសង្ស័យ បានដោយដឹងថា ពួកគេបានទទួលគ្រឿងញៀន ប្រភេទម៉ាទឹកកក ដែលផ្ញើតាមឡាន តាក់ស៊ី មកពីរាជធានីភ្នំពេញ ដើយវេចខ្ចប់បន្លំក្នុងសឺមី ដូចជាកញ្ចប់ឯកសារ ក្រោយពីពួកគេ ទទួលបានគ្រឿងញៀនទាំងនេះ ពួកគេក៏យកទៅចែកចាយបន្ត តែម្តង ។
ជនសង្ស័យ ទី១-ឈ្មោះ ម៉ន គង់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទី២-ឈ្មោះ ញឹម ងួនឡុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
វត្ថុតាង ឃាត់ចាប់បានរួមមាន ម៉ាទឹកកក ២កញ្ចប់ ស្មើ ២,៦៨ក្រាម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ ឌ្រីមសង់ ០១គ្រឿង និងប្រាក់រៀល មួយចំនួនទៀត ។ ជនសង្ស័យ ត្រូវបានកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ៕