ភ្នំពេញ៖ លោក ពុយ គា ប្រធានអ្នក ឆ្លើយឆ្លងព័ត៌មាន របស់ទីភ្នាក់ងារ ជប៉ុនក្យូដូ និងជាទីប្រឹក្សា របស់ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) រួមសហការ ជាមួយអ្នកសារព័ត៌មាន ជើងចាស់ពីររូប របស់វិទ្យុ បារាំង អន្តរជាតិ (RFI) គឺលោក ហ្សង់ហ្វ្រង់ស័រ តាន់ អ្នកវិភាគភូមិសាស្ត្រ នយោបាយពិភពលោក និងលោក ប៉ែន បូណា អ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយខ្មែរដើម្បីរៀបចំ បើកវគ្គសិក្សា ពិសេសមួយ ទាក់ទង នឹងគន្លឹះ ក្នុងការសរសេរ និងវិភាគព្រឹត្តិការណ៍ ព័ត៌មានជាតិ និងអន្តរជាតិ។
វគ្គសិក្សាពិសេសនេះ នឹងបើកក្នុងពេលឆាប់ៗ នៅនៅឯសាកលវិទ្យាល័យ AUPP ។ តទៅនេះជាកិច្ចសម្ភាសន៍ជាមួយ លោក ពុយ គា អ្នករៀបចំវគ្គសិក្សានេះ។
សំណួរ ៖ លោក ពុយ គា ហេតុអ្វីបានជាលោក មានគំនិតបើកវគ្គសិក្សានេះឡើង?
ចម្លើយ ៖ ខ្ញុំសង្កេតឃើញថា កន្លងទៅនេះមានការ បើកវគ្គសិក្សា វគ្គបណ្តុះបណ្តាល ច្រើនហើយ ទាក់ទងនឹងអាជីព អ្នកកាសែត មានទាំងវគ្គសិក្សាឥតបង់ប្រាក់ និងមានទាំងវគ្គ សក្សាដែលត្រូវ បង់ប្រាក់ ។ តាមរយៈវគ្គសិក្សាទាំងនោះ អ្នកកាសែតយើង ក៏បានទទួលចំណេះដឹងថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងអាជីពរបស់ខ្លួន។
មិនត្រឹមតែ អ្នកកាសែតទេ តែអ្នកធ្វើការ ក្នុងស្ថាប័នផ្សេងៗទៀត ក៏ទទួលបាន ប្រយោជន៍ពីវគ្គសិក្សា ទាំងនោះដែរ មានដូចជា មន្ត្រីព័ត៌មានរបស់អង្គការ ស្ថាប័នរដ្ឋ ឯកជន និងសង្គមស៊ីវិល ជាដើម ។ ប៉ុន្តែអ្វីដែលខ្ញុំឃើញថា នៅមិនទាន់មាននៅឡើយ គឺវគ្គសិក្សាបែបស៊ីជម្រៅ ដែលផ្តោតទៅលើគន្លឹះ ក្នុងការសរសេរព័ត៌មានខ្លី ខ្លឹម គន្លឹះធ្វើការជាមួយអ្នកកាសែត និងជាពិសេស គឺគន្លឹះក្នុងការវិភាគ ព្រឹត្តិការណ៍ព័ត៌មានជាតិ និងអន្តរជាតិ ។
គន្លឹះទាំងនេះ មានសារសំខាន់មិនត្រឹមតែ សម្រាប់អ្នកកាសែតទេ តែក៏សម្រាប់រាល់ អ្នកសរសេររបាយការណ៍ និងជាពិសេសមន្ត្រី ព័ត៌មានទាំងឡាយផងដែរ ដែលត្រូវចេះជំនាញនេះ ។ ដោយសារមើលឃើញ ពីសារសំខាន់នេះហើយ បានជាខ្ញុំត្រូវសហការណ៍ជាមួយអ្នកកាសែតជើង ចាស់ទាំងពីររៀបចំវគ្គសិក្សា ពិសេសឡើងនេះឡើង។
សំណួរ ៖ ហេតុអ្វីបានជាលោកជ្រើសរើស យកលោក ហ្សង់ហ្វ្រង់ស័រ តាន់ និងលោក ប៉ែន បូណា ជាវាគ្មិនក្នុងវគ្គសិក្សាពិសេសនេះ?
ចម្លើយ៖ ទី១៖ មកពីខ្ញុំសង្កេតឃើញថា វិទ្យុបារាំងអន្តរជាតិ ( RFI) ជាខេមរភសា មានកម្មវិធីល្អៗប្លែកពីគេ។ ក្រៅពីផ្សាយព័ត៌មានប្រចាំថ្ងៃ ដែលយើងហៅថាព័ត៌មានក្តៅហើយ វិទ្យុនេះក៏បានពន្យល់ ដល់អ្នកស្តាប់នូវព្រឹត្តិការណ៍ធំៗ ក្នុងពិភពលោក មានកម្មវិធីវិភាគ ភូមិសាស្ត្រនយោបាយ ពិភពលោក វិភាគព្រឹត្តិការណ៍សង្គម និងនយោបាយកម្ពុជាជាដើម។
កម្មវិធីទាំងនោះ អនុញ្ញាតឲ្យអ្នកស្តាប់ទទួលបានព័ត៌មានផង និងបានយល់ស៊ីជម្រៅទៅលើព្រឹត្តិការណ៍ផ្សេងៗ ផងទាំងជាតិ និងអន្តរជាតិផង។ កម្មវិធីបែបនេះយើង មិនសូវឃើញមានក្នុង ប្រព័ន្ធផ្សាយព័ត៌មានក្នុងស្រុកទេ។
ទី២៖ អ្នកវិភាគរបស់វិទ្យុ បារាំងអន្តរជាតិ ជាពិសេស គឺលោក ហ្សង់ហ្វ្រង់ស័រ តាន់ និងលោក ប៉ែន បូណា ជាទូទៅមានការគាំទ្រ ច្រើនបើតាមខ្ញុំស្ទាបស្ទង់មើលពីព្រោះ ពួកគាត់ទាំងពីរវិភាគ ដោយសម្អាង ទៅលើការស្រាវជ្រាវ ទៅលើហេតុផលសត្យានុម័តតែមិនមែនសម្អាង លើនិន្នាការនយោបាយទេ ។ អ៊ីចឹងហើយបានជាអ្នកស្តាប់ជាទូទៅគេទទួលយកបាន។
ទី៣៖ ពួកគាត់ទាំងពីរជា អ្នកកាសែតអាជីព ដែលមានការសិក្សាវិជ្ជាជីវៈនេះច្បាស់លាស់និងមានបទ ពិសោធ ២០ឆ្នាំឬជិត២០ឆ្នាំ ហើយម្នាក់ៗ។ ដូច្នេះ ខ្ញុំគិតថា ពួកគាត់ទាំងពីរ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចែករម្លែក បទពិសោធដល់ដិក្ខាកាម ហើយស័ក្តិសម នឹងត្រូវជ្រើសរើស ជាវាគ្មិនក្នុង វគ្គសិក្សាពិសេសនេះ។
សំណួរ៖ លោក ពុយ គា វគ្គសិក្សានេះ មានរយៈពេល៤សប្តាហ៍ តែរៀនតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទេ ។ តម្លៃសិក្សាគឺ ១៥០ ដុល្លារ។ តម្លៃនេះដូចជា ខ្ពស់ដែរសម្រាប់សិក្ខាកាមមួយចំនួន ដែលគ្មានលទ្ធភាព។ តើហេតុអ្វីបានជាយកតម្លៃខ្ពស់ម្ល៉េះ? ចម្លើយ៖ យើងថាតម្លៃខ្ពស់ក៏ថាបាន ប៉ុន្តែ តម្លៃនេះគឺយើងទទួល បន្ទុកទាំងអាហារ សម្រន់២ពេលក្នុ1ថ្ងៃ អាហារថ្ងៃត្រង់ និងត្រូវបង់ថ្លៃអាគារសិក្សា និងតម្លៃសេវាកម្មរដ្ឋបាល និងការផ្សព្វផ្សាយ ពាណិជ្ជកម្ម រួមទាំងវិញ្ញាបនបត្រសម្រាប់ចែកជូន ដល់សិក្ខាកាមក្រោយ បញ្ចប់វគ្គផងដែរ។ ម្យ៉ាងទៀត វគ្គសិក្សានេះយើងចង់ឲ្យសិក្ខាកាមទទួល បានចំណេះដឹងថ្មីៗ ពិតៗ ដោយមានការ អនុវត្តជាក់ស្តែង និងស៊ីជម្រៅ។
ដូច្នេះហើយ ទើបយើងកំណត់ចំនួនអ្នក ដែលត្រូវចូលរៀន ក្នុងវគ្គនីមួយៗតែ៥០នាក់ និងត្រូវបែងចែក ជា២ថ្នាក់ ដើម្បីងាយស្រួល ក្នុងការរៀននិងការបង្រៀន។ បើគ្រាន់តែ ទៅអង្គុយស្តាប់របៀបដូចជា សិក្ខាសាលា យើងអាចទទួលយកមនុស្សប៉ុន្មាននាក់ក៏បាន ហើយតម្លៃ ក៏ទាបជាងនេះឆ្ងាយដែរ។
សូមបញ្ជាក់ថា វគ្គសិក្សានេះមិនសំដៅទៅលើតែ អ្នកសារព័ត៌មានទេ តែក៏ជាឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នឯកជន ឬមនុស្សទូទៅដែលចង់ស្វែង យល់ពីវិស័យសារព័ត៌មាន ចង់ធ្វើការជាមួយបណ្តាញផ្សាយព័ត៌មានឲ្យមានប្រសិទ្ធភាព ឬក៏គ្រាន់តែជា ចំណេះដឹងផ្ទាល់ខ្លួន ក្នុងការតាមដានព័ត៌មានក៏បាន។
ដោយសារវគ្គសិក្សានេះ ត្រូវចំណាយពេលច្រើន ហើយវាគ្មិនក៏ជាអ្នកមាន បទសោធ និងមានកេរ្តិ៍ឈ្មោះដែរនោះ ខ្ញុំជឿថា តម្លៃនេះមិនខ្ពស់ទេ។
បើយើងគិតជា ម៉ោងរៀនវិញ គឺមួយម៉ោងប្រហែលជា ៤ ដុល្លារតែប៉ុណ្ណោះហើយ មានទាំងអាហារ សម្រន់ និងអាហារថ្ងៃត្រង់ទៀត ៕
(លេខទូរស័ព្ទទំនាក់ទំនងចុះឈ្មោះសិក្សា 089 60 88 89 និង 092 25 04 92)