ភ្នំពេញ៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន បានឧបត្ថម្ភ នូវទឹកប្រាក់ មួយចំនួន ដល់សាច់ ញាតិ យុវជនរងគ្រោះ ដែលបានលង់ ទឹកស្លាប់ កាលពី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅពីព្រោះ ជនរងគ្រោះ រូបនេះ បានធ្វើ សកម្មភាពច្រើន នៅពេលមានជីវិត ដែលការ ជួយឧបត្ថម្ភ នូវ អំណោយ ជាថវិកា របស់អភិបាលខណ្ឌ ខាងលើនេះ បានបង្ហាញ ឲ្យឃើញ ពីការយកចិត្តទុកដាក់ ទៅលើ គ្រួសារ ជនរងគ្រោះ ដែលមាន លំនៅឋាននៅ ក្នុងខណ្ឌមានជ័យ និងជនរងគ្រោះ ធ្លាប់បាន ចូលរួម ការងារ សង្គម ជាច្រើន ដល់សង្គម។
ការនាំយក អំណោយ ជាថវិកាទៅប្រគល់ ជូនដល់សាច់ ញាតិ ជនរងគ្រោះខាងលើ បានធ្វើឡើង ពីសំណាក់ លោក ឡុង ង៉ែត នាយករដ្ឋបាល សាលា ខណ្ឌមានជ័យ និងលោក អូ វឌ្ឍនា ប្រធានការិយាល័យ ខណ្ឌមានជ័យ ព្រមទាំងមន្រ្តី មួយចំនួនទៀត និងក្រុមយុវជន ខណ្ឌមានជ័យ និងសង្កាត់ក្បាលកោះ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ។
នៅក្នុងឱកាសនោះ លោក ឡុង ង៉ែត បានមានប្រសាសន៍ថា ក្រោយពីទទួលព័ត៌មាន ស្តីពីការស្លាប់ របស់យុវជន សាំង រាមរតនា ហៅស្រ៊ុន អាយុ ២៤ឆ្នាំ ដោយសារតែ លង់ទឹកភ្លាម លោកអភិបាល ខណ្ឌមានជ័យ គួច ចំរើន ក្នុងនាម ជាអាជ្ញាធរ ខណ្ឌមានជ័យ បានចាត់ឲ្យលោក និងមន្រ្តី សាលាខណ្ឌ នាំយកនូវថវិកា ចំនួន៥០ ម៉ឺនរៀល និងលុយដុល្លារ ចំនួន១៩៥ ដុល្លារ មកប្រគល់ ជូនសាច់ញាតិ ជនរងគ្រោះ។
លោក ឡុង ង៉ែត បានបន្តថា លោកអភិបាលខណ្ឌ គួច ចំរើន បានផ្តាំផ្ញើ ការសួរសុខទុក្ខ ដល់ក្រុមគ្រួសារ យុវជនគ្រោះ ដែលស្លាប់ ពីព្រោះ ជនរងគ្រោះគឺជាយុវជន ម្នាក់ ដែលបាន ចូលរួមចំណែក ក្នុងការងារ សង្គមយ៉ាង ច្រើន ជាមួយក្រុមយុវជន របស់សាលា ខណ្ឌមានជ័យ។
សូមបញ្ជាក់ថា យុវជនម្នាក់ ក្នុងចំណោម មិត្តភក្តិ ៥នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារ លង់ទឹកទន្លេ ខណៈទូកលិចនៅ កណ្តាលទន្លេ កាលពីវេលា រសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១២ នៅចំណុចដៃ ទន្លេមេគង្គ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
យុវជនរងគ្រោះខាង លើនេះមានឈ្មោះ សាំង រាមរតនា ហៅ ស្រ៊ុន អាយុ ២៤ ឆ្នាំ មានមុខរបរ ជាអ្នកលេង ភ្លេងខ្មែរ ស្នាក់នៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះ និងមិត្តភក្តិ បាន បបួលគ្នា ទៅជិះទូក ទៅលេងកោះ នៅភូមិចន្លក់ក្រៅ តែទូក បានលិចកណ្តាលទន្លេ បណ្តាលឲ្យយុវជន សាំង រាមរតនា ស្លាប់តែម្នាក់ឯង។ ចំណែកឯមិត្តភក្តិផ្សេងទៀតនោះ ចេះហែលទឹក ក៏រួចផុតពីការលង់ ទឹកស្លាប់។ ក្រោយពេលស្រង់ចេញពីទឹក សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅលំនៅឋានក្នុងភូមិជ្រោយអម្ពិល៕