-ទំហំពាណិជ្ជកម្ម កម្ពុជា-ចិននឹងកើនឡើង ៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧
រតនគីរី ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីការតភ្ជាប់រួចរាល់នូវ បណ្តាញគមនាគមន៍នូវភូមិភាគឥសាន្ត នោះតំបន់នេះនឹងក្លាយទៅ ជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា ជាមិនខានឡើយ ហើយនឹង ជួយជម្រុញ ឲ្យមានការកំណើនសេដ្ឋកិច្ច និងការរស់នៅ ប្រជាពលរដ្ឋ ដែលរស់ នៅតំបន់នេះ។
ក្នុងឱកាស ចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពង់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិ៧៨ ចាប់ពីអូរពងមាន់ មកដល់ក្រុងបានលុង ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា « ខ្ញុំសង្ឃឹមថា នៅមិនយូរប៉ុន្មានការ តភ្ជាប់ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី វានឹងក្លាយទៅជា ប៉ូលសេដ្ឋកិច្ចទី ៤ នឹងចាប់ផ្តើមនៅភូមិភាគ ឥសាន្តរបស់កម្ពុជា បន្ទាប់ពីប៉ូល សេដ្ឋកិច្ចទី ១ នៅភ្នំពេញ ប៉ូលសេដ្ឋកិច្ចទី ២ នៅខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី ៣ នៅខេត្តសៀមរាប» ។
សម្តេចតេជោបានបន្តទៀតថា ប៉ូលសេដ្ឋកិច្ចទី៤ នេះគឺជាប៉ូលសេដ្ឋកិច្ចកសិ-ឧស្សាហកម្ម ដែលវានឹងធានាទៅ ដល់ការអភិវឌ្ឍ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា « ខ្ញុំធ្លាប់បាននិយាយហើយថា ខ្ញុំអត់មានការជឿជាក់ទាល់តែសោះ បើគ្រាន់តែមានការតភ្ជាប់ ជានយោបាយ និងរដ្ឋាភិបាល ប៉ុន្តែគ្មានការតភ្ជាប់ជារូបវន្ត ពិសេសទាក់ទងនឹងសមាហរណកម្មផ្ទៃក្នុងខ្លួនឯង អំពីប្រព័ន្ធផ្លូវនេះឯង»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា« ខ្ញុំពិតជាមានការរីករាយណាស់ដែលអ្វីៗជាទីសង្ឃឹម ជាការស្រមៃបានក្លាយទៅ ជាការពិតមួយ ដែលក្នុងនោះមិត្តចិនបានធ្វើ ឲ្យក្តីស្រមៃ និងការសង្ឃឹមនេះក្លាយ ទៅជាការពិត សម្រាប់ការតភ្ជាប់ខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគីរី។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនតាមរយៈលោក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលបានគាំទ្រនូវគម្រោងនៃការតភ្ជាប់របស់កម្ពុជា»។
សម្តេចតេជោថ្លែងថា ការបើកចំហរទីផ្សារឲ្យកម្ពុជានាំចេញអង្ករ នាំចេញកសិផល និង ទំនិញមួយចំនួនទៅកាន់ប្រទេសចិននឹងមានការ កើនឡើង ដែលធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរបស់យើងក្នុងក្របខ័ណ្ឌនៃភាពជាដៃគូជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់ តែរឹងមាំថែមទៀតជាមិនខានឡើយ។
សម្តេចតេជោបានលើកឡើងពីទំនាក់ទំនងជាមួយប្រទេសមហាយក្យចិនថា អ្វីដែលជាការគិតគូរ នៅក្នុងការចរចា រវាងមេដឹកនាំចិន ជាមួយនឹង ថ្នាក់ដឹកនាំកម្ពុជា តាមរយៈទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី វេន ជាប៉ាវ ស្តីអំពីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នឹងបន្តរីក ចម្រើន ហើយទំហំពាណិជ្ជកម្មទ្វេភាគី នឹងរីកចម្រើនដល់ ៥.០០០ លានដុល្លារ សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែលចំណងដៃសម្រាប់បម្រើដល់ប្រជាពលរដ្ឋ ក៏ដូចជាចរន្តសេដ្ឋកិច្ចថ្មីមួយនេះ មានប្រវែង ១២១,១០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ៧៣,៣លានដុល្លារ ជាកម្ចីសម្បទានរបស់ចិន និង ប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕