ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែតុលាថា គិតត្រឹមពាក់កណ្តាល សប្តាហ៍នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺអ៊ីបូឡាបានកើនឡើង លើសពី ៤.០០០នាក់ហើយ ដែលនេះជាចំនួន ទ្វេដងកាលពីខែមុន។
បណ្តាញព័ត៌មានជប៉ុន ក្យូដូ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០១៤នេះទៀតថា ការចម្លងមេរោគ អ៊ីបូឡា បានសាយភាយយ៉ាងលឿន ចេញពីប្រទេសអាហ្រិ្វកខាងលិច ខណៈដែលករណីផ្សេងទៀត ត្រូវបាន រាយការណ៍ថា កើតមានជំងឺនេះផងដែរ នៅសហរដ្ឋអាម៉េរិក និងអាស្ប៉ាញ ។
ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺនេះ មាន ៤.០៣៣ នាក់ ដោយប្រទេសលីបេរីយ៉ាមាន ២. ៣១៦នាក់ សៀរ៉ាឡេអូន ៩៣០នាក់ ហ្គីណេ ៧៧៨នាក់ នីហ្សេរីយ៉ា ៨នាក់ និង សហរដ្ឋអាម៉េរិក ម្នាក់ ពោលគឺកើនឡើង ចាប់ពី ៣.០០០ នាក់កាលពី ២ សប្តាហ៍មុន ។
គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក បានឲ្យដឹងពីតួរលេខសរុបករណី នៃការសាយភាយ មេរោគ អ៊ីបូឡានេះ មានចំនួន ៨.៣៩៩ករណី ដែលប្រទេសអេស្ប៉ាញ និងសហរដ្ឋអាម៉េរិក មានម្នាក់មួយករណី និង នីហ្សេរីយ៉ា មាន ២០ ករណី ។
គួរបញ្ជាក់ថា ជំងឺនេះត្រូវបានចាត់ទុក ជាជំងឺគ្រុនឈាមនៅ អាហ្វិ្រកខាងលិច ដែលកើត នៅលើ មនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹងជាដើម។ ជំងឺនេះ ចាប់ផ្តើម រាតត្បាតដំបូង នៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គោ និងតំបន់ដាច់ស្រយាល ក្នុងប្រទេសស៊ូដង់ ហើយជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ ក្នុងព្រៃកា្រស់ ដែលផ្ទុកវីរុសអេបូទ្បានេះ ៕