ភ្នំពេញ៖ ក្បួនតវ៉ាសុំដំឡើងប្រាក់ខែសមរម្យ ដឹកនាំដោយសហជីពធំៗចំនួន៦ និងមានការចូលរួមពីកម្មករ-កម្មការិនី ប្រមាណជិត ៣.០០០នាក់ បានបញ្ចប់ប្រកបដោយ ផ្លែផ្កានៅម៉ោង ប្រមាណ ១១ និង៥៥នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៤នេះ ដោយទទួលបានការសន្យាអះអាង ជួយជ្រោមជ្រែង សម្រេចការទាមទារ របស់ពួកគេពី តំណាងរាស្រ្ត នៃគណបក្សនយោបាយ ទាំងពីរនៅក្នុងរដ្ឋសភា។
ក្បួនដង្ហែញត្តិសុំទាមទារប្រាក់ខែសមរម្យ បានទៅដល់វិមានរដ្ឋសភានាម៉ោងប្រមាណ ១១ និង៣០នាទី ក្រោយ ពេលទៅដល់ភ្លាម ក៏មានការអញ្ជើញ ចេញមកទទួលញត្តិ របស់ក្រុម សហជីព និងកម្មករ និយោជិតភ្លាមៗផងដែរ ពីសំណាក់លោក អេង ឆៃអៀង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ និងលោក ហ៊ូ ស្រ៊ី សមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអ៊ាង បានថ្លែងគូសបញ្ជាក់ ការកត់សម្គាល់ របស់លោកថា ការទទួលញត្តិពី ក្រុមអ្នកតវ៉ានាព្រឹកនេះ គឺជារឿងល្អមួយ និង ជាលើកដំបូង ដែលមាន ការទទួល រួមគ្នាពីតំណាងរាស្ត្រ នៃគណបក្សនយោបាយទាំងពីរ។ លោក ក៏បានសន្យាអះអាងឲ្យថ្នាក់ដឹកនាំ សហជីព និងកម្មករ ជឿងទុកចិត្តលើសមាជិក សភាផង ដែរថា ពួកគេនឹង រិះរកគ្រប់វិធី ដើម្បីជួយដោះស្រាយ និង សម្រេចការទាមទាររបស់កម្មករ និយោជិត។ លោក អេង ឆៃអ៊ាង នៅបានបញ្ជាក់ទៀតថា នៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះ រូបលោកនឹងកោះហៅថ្នាក់ដឹកនាំសហជីពទាំង៦ ចូលជួបដើម្បីស្វែងរក យន្តការដោះស្រាយបញ្ហា ប្រាក់ខែជូនកម្មករផងដែរ។
ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏បានស្នើដល់តំណាងរាស្ត្រទាំងពីររូប ឲ្យជួយពិនិត្យ ទៅលើពង្រាងច្បាប់ស្តីពីសហជីពផងដែរ។ លោក ប៉ាវ ស៊ីណា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ ហាក់បាន ត្បិតត្បៀតដល់សេរីភាពបញ្ចេញមតិ និងការទាមទាររបស់សហជីព ក៏ដូចជាកម្មករ និយោជិត និងហាក់ មានផល ចំណេញច្រើនទៅភាគីរោងចក្រទៅវិញ។ ឆ្លើយតបការទាមទាររបស់សហជីព កម្មករ និងនិយោជិតនេះដែរ លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី ៣ នៃរដ្ឋសភា ក៏បានបញ្ជាក់ ផងដែរថា លោកស្រី នឹងកោះហៅរដ្ឋមន្រ្តីក្រសួងការងារលោក អ៉ិត សំហេង ដើម្បី ពិភាក្សាលើបញ្ហា ប្រាក់ខែរបស់កម្មករ៕