Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការទាមទារប្រាក់ ឈ្នួលសមរម្យ របស់សហជីពទាំង៦ ទទួលបានការគាំទ្រ ពីសមាជិកសភាទាំងពីរបក្ស

$
0
0

-តំណាងរាស្រ្តទាំងពីរគណបក្ស នឹងជួបតំណាងសហជីពទាំង៦ នៅវិមានរដ្ឋសភា នៅថ្ងៃចន្ទទី១៣តុលា ដើម្បីពិភាក្សាលម្អិត
-លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នឹងទៅឆ្លើយបំភ្លឺចំពោះគណៈកម្មការទី៨សភា ពីបញ្ហា ប្រាក់ឈ្នួលកម្មករ
ភ្នំពេញ៖ យុទ្ធនាការទាមទារប្រាក់ឈ្នួលសមរម្យ របស់សហជីពធំៗចំនួន៦នៃប្រទេសកម្ពុជា ដែលបានដើរ ដង្ហែដាក់ញ្ញត្តិ ទៅកាន់រដ្ឋសភា និងស្ថានទូតចំនួន២ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤នេះ ទទួលបាន ការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកតំណាងរាស្រ្ត មកពីគណបក្សទាំងពីរ ដែលមានអសនៈនៅក្នុងសភា ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសំណូមពរទៅកាន់តំណាងរាស្រ្ត នៃគណបក្ស ប្រជាជនកម្ពុជា និងគណបកសង្រ្គោះជាតិ សូមឱ្យជួយដោះស្រាយជីវភាពរស់នៅរបស់កម្មករ ដែលកំពុងជួប ការខ្វះខាត ដោយសូមតែរស់នៅឱ្យបានសមរម្យប៉ុណ្ណោះ។

លោក បន្តថា “សកម្មភាពយើងធ្វើនៅពេលនេះ គឺធ្វើឡើងដោយឯករាជ្យនិងមិនឱ្យគណបក្សណាកេងចំណេញ នោះទេ”។

បន្ថែមលើសពីនេះ លោក ប៉ាវ ស៊ីណា ក៏បានស្នើឱ្យសមាជិកសភា ជួយពិនិត្យ និងស្តាប់កង្វល់របស់បងប្អូន កម្មករ និងសហជីពផងដែរ ចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលហាក់ដូចជាដាក់គំនាបយ៉ាងធ្ងន់ធ្ងរ មកលើកម្មករ ក៏ដូចជាសហជីព ផ្ទុយទៅវិញ ច្បាប់នោះ បានការពារថៅកែរោងចក្ររឺនិយោជកតែប៉ុណ្ណោះ ជាពិសេសមានការប្រើប្រាស់ តាមប្រព័ន្ធតុលាការដើម្បីគំរាមកំហែង និងសិទ្ធិសេរីភាពរបស់សហជីព។

តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា លោក ស៊ិន ប៊ុនហុក និងជាអនុប្រធានគណៈកម្មការទី១០ ក៏បានថ្លែង ស្វាគមន៍ផងដែរ ចំពោះការកិច្ចខិតខំប្រឹងប្រែង របស់សហជីពទាំង៦ ក៏ដូចជាកម្មករ-កម្មការិនី ដើម្បីទាមទារ សិទិ្ធក្នុងការរស់នៅសមរម្យនាពេលនេះ។

លោក បន្តថា សមាជិកសភាមកពីគណបក្សទាំងពីរ នឹងខិតខំដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង ដោយ ឈរលើគោលការណ៍គោរព ផលប្រយោជន៍ទៅវិញ រវាងខាងកម្មករ និងខាងរោងចក្រ។ “សុខទុក្ខរបស់កម្មករ គឺជាសុខទុក្ខរបស់តំណាងរាស្រ្ត” ។

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មាការទី១ នៃរដ្ឋសភា បានថ្លែងកោតសរសើរ ចំពោះសហជីពទាំង៦ ក៏ដូចជា ក្រុមកម្មករ ដែលបានដើរដង្ហែយកញ្ញត្តិ មកដាក់ជូនអ្នកតំណាងរាស្រ្ត នៅវិមានរដ្ឋសភា ហើយលោក នឹងទទួលជួបតំណាងសហជីពទាំង៦ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០១៤ ដើម្បីពិភាក្សាលម្ពិតលើសំណើរ ទាមទារប្រាក់ឈ្នួលសមរម្យនេះ។

-រដ្ឋមន្រ្តីក្រសួងការងារ នឹងមកឆ្លើយបំភ្លឺនៅគណៈកម្មាការទី៨ រដ្ឋសភា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ លោកស្រី កែ សុវណ្ណារតន៍ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងប្រកាសប្រាប់ក្រុមតំណាង សហជីព និងកម្មករ នៅមុខវិមានរដ្ឋសភា ពេលចេញមកទទួលញ្ញតិ្តនោះផងដែរថា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមកឆ្លើយបំភ្លឺចំពោះមុខ គណៈកម្មការរបស់លោកស្រីផងដែរ នៅវិមានរដ្ឋសភា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ ពាក់ព័ន្ធនឹងស្ថានភាពវិស័យកាត់ដេរ ក៏ដូចជាដំណើរការចរចាប្រាក់ ឈ្នួលដល់កម្មករ ។

-ការដើរដង្ហែក្បូន ប្រព្រឹត្តដោយមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ការធ្វើដំណើរពីទីលានប្រជាធិបតេយ្យ ដោយថ្មើជើង សំដៅទៅកាន់ស្ថានទូតសហរដ្ឋអាម៉េរិក ស្ថានទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ក៏ដូចជា វិមានរដ្ឋ សភានោះ ត្រូវបានកត់សម្គាល់ថា មានសណ្តាប់ធ្នាប់រៀបរយល្អ ពោលកម្មករទាំងនោះ បានលើផ្លូវម្ខាង ទុកម្ខាងទៀត ឱ្យអ្នកដំណើរផ្សេងទៀតឆ្លងកាត់ និងកន្លែងខ្លះដើរនៅលើចិញ្ចើមផ្លូវផងដែរ។ ការដើរដង្ហែនេះ មានវិន័យត្រឹមត្រូវល្អ បើទោះជាកម្មករដំបូង មានប្រហាក់ជិត ២.០០០នាក់ និងក្រោយមកឡើងដល់ជាង ២.៥០០នាក់ ពេលក្បូនដើរដង្ហែទៅដល់វិមានរដ្ឋសភា ដែលជាទិសដៅចុងក្រោយនៃយុទ្ធនាការដ៏អធឹក និង សណ្តាប់ធ្នាប់ល្អនេះ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងទៅកាន់កម្មករនៅទីលានប្រជាធិបតេយ្យថា “យើងមក ទីនេះ ទាមទារប្រាក់ឈ្នួលឱ្យបានសមរម្យសម្រាប់កម្មករខ្មែរ”។

លោក លីវ ថារីន ប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ គឺទាមទារឱ្យ មានការដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យជូនកម្មករ។

-ក្រុមកម្មករយកញ្ញត្តិដាក់ជូនស្ថានអាម៉េរិក និងសហគមន៍អឺរ៉ុប ដូចការគ្រោងទុកសហជីពទាំង៦ និងកម្មករ ទាំងអស់ បានដង្ហែយកញ្ញតិ្តរបស់ខ្លួនទៅដាក់ នៅស្ថានសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា ដែលគេដឹងថា ជាប្រទេសអ្នកទិញដ៏មានសក្តានុពលសម្រាប់ ទីផ្សារវាយនភណ្ឌ និងស្បែកជើងរបស់កម្ពុជា។

លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីព មិត្តភាពកម្មករ បានថ្លែងថា លោកសង្ឃឹមស្ថានទូតអាម៉េរិក នឹងជួយអន្តរាគមន៍ចំពោះបញ្ហានេះ ពីអាម៉េរិក ជាប្រទេសដែលផលិតផលពីកម្ពុជា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>