កំពង់ឆ្នាំង ៖ ជាងម៉ៅការសំណង់ម្នាក់ឈ្មោះ ទិត្យ សុធី ត្រូវបានម្ចាស់ SK CLUB ដាក់ពាក្យបណ្តឹងទៅកាន់ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ពីបទរំលោភសេចក្តីទុកចិត្ត។
តាមការរៀបរាប់របស់តំណាងម្ចាស់ SK CLUB បានអោយដឹងថា ជាងសំណង់រូបនេះ បានទទួលម៉ៅការធ្វើ សំណង់ SK CLUB ដោយធ្វើឡើងគ្មានគុណភាព ធ្វើអោយទីតាំង CLUB ទាំងមូលជ្រាបហូរទឹកដក់នៅផ្នែក ជាន់ខាងលើ ជាងនោះសោតសំណង់ មានស្ថានភាពប្រេះស្រាំ ដែលជាកត្តាធ្វើអោយខាតបង់ថវិកា និងប៉ះ ពាល់ធ្ងន់ធ្ងរដល់ភ្ញៀវ ក្នុងការមកលេងកំសាន្តជាគ្រួសារ។
តំណាង SK CLUB បានបន្តថា ជាងសំណង់ខាងលើ ខណៈសុំធ្វើការកែប្រែ និងជួសជុលអោយមានភាពល្អ ប្រសើរឡើងវិញ ប៉ុន្តែជាងសំណង់រូបនោះ មិនព្រមធ្វើតាមកិច្ចសន្យា ទើបម្ចាស់ SK CLUB ដាក់ពាក្យបណ្តឹង ទៅស្នងការនគរបាល ខេត្តកំពង់ឆ្នាំងតែម្តង ។
បើតាមនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជាងសំណង់ឈ្មោះ ទិត្យ សុធី អាយុ ៤៣ឆ្នាំ និងប្រពន្ធ ឈ្មោះ គង់ សុធារី មានទីលំនៅបច្ចុប្បន្ន ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានកោះហៅ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ និងដោះស្រាយករណីបណ្តឹង របស់ម្ចាស់សំណង់ SK Club ដែលប្តឹងពីបទ រំលោភលើ សេចក្តីទុកចិត្ត ដែលសាងសង់សំនង់គ្មានគុណភាព មិនគោរពតាមបទដ្ឋានបច្ចេកទេស ឈ្មោះ ទិត្យ សុធី ជាអ្នកម៉ៅការខាងលើនេះ បានចូលខ្លួនមកដោះស្រាយចំនួន ២លើក រួចមកហើយ ប៉ុន្តែមិនបានអះអាងថា នឹងទទួលខុសត្រូវលើការសាងសង់របស់ខ្លួននៅឡើយ ។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាលើ ដើមអម្ពិល មិនទាន់អាចទំនាក់ទំនងសុំការបកស្រាយ ពីលោក ទិត្យ សុធី ជាងសំណង់ខាងលើបាននៅឡើយទេ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤នេះ ៕