ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយមានជំនឿជឿជាក់ថា កងពលខេមរភូមិន្ទ ជាពិសេស កងពលតូចលេខ៧០ នឹងបន្តអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ឲ្យកាន់តែ ល្អប្រសើរ នៅក្នុងបេសកកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ បាន កន្លងផុតទៅ ក្នុងនោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានចូលរួម ការពារសុវត្ថិភាព មិនឲ្យ មានបញ្ហាអ្វីកើតឡើង ពិសេសកងកម្លាំង ង ៧០ បានចូលរួមយ៉ាងសកម្ម នៅក្នុងការបង្ក្រាបក្រុមអនា ធិបតេយ្យនៅលើកំណាត់ផ្លូវវ៉េងស្រេង ដែលបានកើតឡើង ពីការទាមទារប្រាក់ខែកម្មករ កាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ២០១៤ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១០ ថ្ងៃ កំណើតកងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ថា «ខ្ញុំមានជំនឿ យ៉ាងមុតមាំថា កងយោធពលខេមរភូមិន្ទរបស់យើង ជាពិសេសកងពលតូចលេខ៧០ នឹងបន្តការងារពង្រឹង និងពង្រីក សមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការ នៅក្នុងបេសកកម្ម ប្រកបដោយអង់អាចក្លាហាន ដើម្បីជាតិ អធិបតេយ្យភាពបូរណភាពដែនដី សុខសន្តិភាព និងការអភិវឌ្ឍន៍ជូនសង្គមជាតិ និងមាតុភូមិ ទាំងក្នុង ពេលបច្ចុប្បន្ន និងអនាគត»។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ចំពោះសកម្មភាពរស់រវើកររបស់កង ពលតូច លេខ៧០ ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ នាពេលងកន្លងមក ដោយសា្មរតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះ មុត មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ ថែរក្សាការពារដល់សន្តិសុខ សុវត្ថិភាពជាតិ និងសណ្តាប់ធ្នាប់សង្គមទាំងមូល ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ការប្រារព្ធខួប នៃកំណើតកងពលតូចលេខ៧០នេះ គឺមិនត្រឹមតែបានឆ្លុះ បញ្ចាំងពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តខ្ពស់ ដល់ មេបញ្ជាការ មេ បញ្ជាការរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាស ក្រើន រំលឹកពីភាពចាំបាច់ខានពុំបាន នៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតី រួមចំណែកបន្ត លើកកម្ពស់ដល់ការថែរក្សា ឲ្យបានគង់វង្សនូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និង សុខុមាលភាព របស់ប្រជាជាតិទាំងមូល ៕