បាកដាដ ៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្កើនឥទ្ធិពល របស់ខ្លួន កាន់តែខ្លាំង ឡើងជាលំដាប់ ហើយដោយពេលនេះ ក្រុមអង្កេតការណ៍ បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ដែលបំពាក់ដោយ អាវុធអន់ៗ ទាំងនោះ អាចដណ្តើមបាន ក្រុងមួយចំនួន របស់ស៊ីរី ដែលស្ថិត នៅជាប់ព្រំដែន ប្រទេសតួកគី ហើយពួកគេកំពុង ជីកឬសគល់ តំបន់ផ្សេង នៅជាយរដ្ឋធានី បាកដាដ ប្រទេស អ៊ីរ៉ាក់ ដើម្បីដណ្តើម កាន់កាប់ទីក្រុងស្នូល មួយនេះ នៅថ្ងៃខាងមុខ។
សារព័ត៌មាន ស៊ីអិនអិន របស់អាម៉េរិក ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះថា អភិបាល ខេត្ត អាន់បារ ក្បែររដ្ឋធានី បាកដាដរបស់អ៊ីរ៉ាក់ បានសំណូមពរ ឲ្យមានអន្តរាគមន៍ពីយោធា របស់អាម៉េរិក នៅលើដី ដើម្បីទប់ទល់ នឹងការវាយសម្រុករបស់ក្រុម ISIS ដែលបានបង្កការ សម្លាប់រង្គាល មនុស្សជាច្រើនកន្លងមក។
ដោយឡែក កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ មេបញ្ជាការយោធា អាម៉េរិកប្រចាំនៅអ៊ីរ៉ាក់ និងទទួលខុសត្រូវ ការប្រយុទ្ធនឹងក្រុម ISIS បានអះអាងថា ក្រុមឧទ្ទាមនេះ បានធ្វើដំណើរមកដល់ ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន ទីក្រុងបាកដាដហើយ ។
លោកអគ្គមេបញ្ជាការ ម៉ាទីន ឌិមសីយ៍ បានប្រាប់សារព័ត៌មាន ABC ថា នៅសប្តាហ៍នេះសហរដ្ឋអាម៉េរិក ហាក់នៅទន់ខ្សោយ ក្នុងការវាយប្រហារ តាមផ្លូវអាកាសលើក្រុម ISIS។
លោកមេបញ្ជាការរូបនេះបានថ្លែងទៀតថា អ្វីដែលយើងអាចធ្វើការវាយប្រហារបាននោះ គឺអាចត្រឹមតែ តាមរយៈឧទ្ធម្ភាគចក្រប៉ុណ្ណោះ ហើយដោយឡែកហានិសភ័យនៃការវាយ ប្រហារនៅទីនោះ វាខ្ពស់ណាស់ ព្រោះទីតាំងភូមិសាស្ត្រមិនអំណោយផលឡើយ។
ដូច្នេះ ហើយយើងត្រូវរង់ចាំ រហូតដល់ពួកគេលេចមុខ ទើបអាចវាយប្រហារបាន។ គួរបញ្ជាក់តាម សំនួរដែលសួរថា តើក្រុម ISIS អាចគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ ទីក្រុង បាកដាដ បានដែរ ឬទេ, លោក ម៉ាទីន បានបញ្ជាក់ច្បាស់ៗថា “យើងមិនអាចឲ្យរឿង ដូច្នេះ កើតឡើងបានឡើយ៕