បាត់ដំបង៖ មត្ថកិច្ចនគរបាល ស្រុកសង្កែ បានចុះអនុវត្តចាប់ខ្លួន យុវជនម្នាក់តាមដីកាតុលាការ ពីបទរំលោភ សេពសន្ថវៈ កាលពីវេលាម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ រួចបញ្ជូនមកស្នងការខេត្ត នៅរសៀលថ្ងៃទី១៤ ខែតុលា ដើម្បីបញ្ជូនបន្តទៅតុលាការ ខេត្តចាត់ការ តាមច្បាប់។
មន្រ្តីនគរបាលស្រុកសង្កែម្នាក់ បានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចបានទទួលដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ ៣៤៤ ដ.ច.ខ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ចេញដោយចៅក្រមស៊ើបសួរ លោក ប្លុង វិសាល រួចមក សមត្ថកិច្ចជំនាញ បានចុះ អនុវត្តនិងបានចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ហ៊ុន កំសត់ ហៅ វៀច ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ដោយជាប់ចោទពីបទ រំលោភសេពសន្ថវៈ (ស្តីពីស្ថានទម្ងន់ទោសបទឧក្រិដ្ឋ) ដែល បានប្រព្រឹត្តកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩កន្លងទៅ នៅភូមិស្វាធំ ឃុំអូរដំបង២ ស្រុកសង្កែ រួចរត់គេចខ្លួន ទៅសម្ងំលាក់ខ្លួន នៅក្នុងព្រៃរនាមបឹងទន្លេសាប បាត់រហូត។
លុះក្រោយមកជនជាប់ចោទ បានលួចចេញ ចូលមកលេងផ្ទះ ជាបន្តបន្ទាប់ លុះដល់វេលាម៉ោង១០៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក៏ត្រូវសមត្ថកិច្ច យើងចុះអនុវត្តដីកា ចាប់ខ្លួនបាន រួចនាំយកមកអធិការស្រុកសង្កែ រៀបចំសំណុំរឿងបញ្ជូនខ្លួន មកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃដដែល ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញ បញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការ តាមច្បាប់ ៕