គូឡាឡាំពួ៖ អធិការនគរបាល ប្រទេសម៉ាឡេស៊ី លោក Khalid Abu Bakar បាននិយាយ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០១៤នេះថា ជនសង្ស័យជនជាតិ ម៉ាឡេស៊ី ១៣ នាក់ ត្រូវបានឃាត់ខ្លួនពី បទជាប់ទាក់ទង នឹងពួកសកម្ម ប្រយុទ្ធ ឥស្លាម IS , នេះបើយោងតាម កាសែតអង់គ្លេស The Star បានរាយការណ៍។
ទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ ដោយយោងទៅតាមកាសែតក្នុង ស្រុកខាងលើ បានឲ្យ ដឹងទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅកន្លែងផ្សេងៗគ្នា កាលពីថ្ងៃអង្គារ ទី១៤ នៅក្នុងទីក្រុង Shah Alam ដែលជាទីក្រុងកណ្តាល នាភាគខាងលិច នៃរដ្ឋ សេឡាំងហ្គ័រ ប្រទេសម៉ាឡេស៊ី។
លោក Khalid បានបន្តទៀតថា ប៉ូលីសបានឃ្លាំមើលសកម្មភាព ក្រុមនេះ ដែលអាច សន្និដ្ឋានថាជា «ក្រុម សកម្មយុទ្ធ ឬ ភេរវករ ដែលគ្មានទីតាំងច្បាស់លាស់ នៅក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹង ក្រុមសកម្មយុទ្ធ IS នេះត្រូវបានឃាត់ខ្លួន ៣៦ នាក់ហើយ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ មកម្ល៉ះ៕