សៀមរាប ៖ ការជួយជ្រោមជ្រែង របស់លោកអ្នក គឺជាការផ្តល់កម្លាំងទឹកចិត្តដ៏ធំមួយ ដល់សិល្បៈល្ខោន សៀកខ្មែរ លើឆាកកម្ពុជាឲ្យនៅតែ មានជីវិតបន្ត ពីព្រោះទីតាំងសម្តែងសិល្បៈអចិន្ត្រៃយ៍ និងជាលក្ខណៈអាជីព គឺជាក្តីសង្ឃឹមរបស់សិល្បករ សិល្បការិនី ដើម្បីអភិវឌ្ឍអាជីព និងជីវិតរបស់ពួកគាត់ ។
បន្ទាប់ពីបានតស៊ូយ៉ាងសស្រាក់សស្រាំ អស់រយៈពេលជិត ២០ឆ្នាំ ក្នុងការពាំនាំ និងធ្វើឲ្យរស់ឡើងវិញ នូវ សិល្បៈល្ខោនសៀកកម្ពុជា មកសម្តែងនៅលើឆាក ហើយការតស៊ូររបស់សមាគមហ្វារពន្លឺសិល្បៈ (www.PharePs.org) នេះបានធ្វើឲ្យល្ខោនសៀកខ្មែរ នេះមានកេរ្តិ៏ឈ្មោះល្បីល្បាញលើឆាកជាតិ ក៏ដូចជាអន្តរ ជាតិ ។
ទន្ទឹមនឹងភាពជោគជ័យ ល្ខោនសៀកខ្មែរនេះ បានជួបបញ្ហាការលំបាកដោយសារតែទីតាំង ក៏ដូចជាទីកន្លែង សម្តែងល្ខោនសៀកខ្មែរ ដែលកំពុងសម្តែងសព្វថ្ងៃ នៅក្នុងខេត្តសៀមរាប ពុំមែនជាទីកន្លែងអចិន្ត្រៃយ៍ ដូចនេះ វាជាការព្រួយបារម្ភដ៏ធំមួយសម្រាប់សមាគមហ្វារពន្លឺសិល្បៈ។
អាស្រ័យដូចនេះសមាគម ហ្វារពន្លឺសិល្បៈ កំពុងតែអំពាវនាវ ស្វះស្វែងរកជំនួយពីបងប្អូនជនរួមជាតិខ្មែរទាំងអស់ ក្នុងការជួយចូលរួម ដើម្បីឲ្យហ្វារមានទីតាំងជាអចិន្រ្តៃយ៍ផ្ទាល់ខ្លួនមួយ ក្នុងគោលបំណងបន្តនូវការផ្តល់នូវក្តី សង្ឃឹម និងងស្នាមញញឹម ជាពិសេសនោះ គឺបន្តផ្តល់នូវទស្សនីយភាពប្លែកៗ សម្រាប់លើកស្ទួយវិស័យសិល្បៈ ល្ខោនសៀកខ្មែរ ដែលរាល់ការសម្តែងទាំងអស់ សុទ្ធសឹងតែជួយឧបត្ថម្ភដល់ជីវភាពគ្រួសាររបស់សិល្បៈករ សិល្បៈការនី និងទ្រទ្រង់ទៅដល់សាលាហ្វារពន្លឺសិល្បៈ នៅខេត្តបាត់ដំបង ដែលមានទទួលសិស្សចូលរៀន យ៉ាងហោចណាស់ជាង ១២០០ នាក់ជារៀងរាល់ថ្ងៃ ។
លោក ហួត តារា ជានាយកសហគ្រាសសង្គម ហ្វារប្រចាំនៅខេត្តសៀមរាប (Www.PhareCambodianCircus.org) បាននិយាយថា ទីតាំងសម្តែងសព្វថ្ងៃនេះ នឹងត្រូវផុតកំណត់ នាពេលអនាគតដ៍ខ្លីខាងមុខនេះ លោកបានបញ្ជាក់ថា តម្លៃនៃការជួលទីតាំងនេះ គឺខ្ពស់ណាស់ទៅហើយ។
លោក តារា ថ្លែងថា ៖ «ជារៀងរាល់ថ្ងៃ សាលាយើងនៅខេត្តបាត់ដំបង ទទួលបង្រៀន និងឧបត្ថម្ភផ្នែកសង្គម ដល់សិស្សានុសិស្ស ដែលមានជីវភាព លំបាកយ៉ាងតិច ១២០០ នាក់ ជារៀងរាល់ថ្ងៃ ទាក់ទង់និងចំណេះដឹង ខាងផ្នែកសិល្បៈ និងចំណេះដឹងផ្សេងៗទៀត ដែលពួកគេចង់រៀន ។ ទាំងអស់នេះហើយ គឺជាក្តីបារម្ភរបស់ ពួកយើងដោយសារតែទីតាំងសម្តែងរបស់យើង នៅខេត្តសៀមរាប ដែលជាសហគ្រាសសង្គម និងជាអ្នករក ចំណូលមកឧបត្ដម្ភសមាគម ហើយទីតាំងយើងនេះ ជិតផុតកំណត់ជួលហើយ ហើយយើងមិនមានសង្ឃឹមនឹង ត្រូវបានការជួលបន្តនោះឡើយ ។»
សមាគមនេះ បានចាប់ផ្តើមបោះទីតាំងសម្តែង ក្នុងខេត្តសៀមរាប ជាលក្ខណ សហគ្រាសសង្គម ក្នុងឆ្នាំ២០១៣ ដែលទីតាំងនេះ ជាកន្លែងដែលសិស្សបញ្ចប់ការសិក្សាផ្នែកសិល្បៈ មានឱកាសបង្ហាញពីចំណេះដឹង ដែលគេបាន រៀន និងភាពច្នៃប្រឌិតរបស់ពួកគេ តាមរយៈការសម្តែងសាច់រឿងអប់រំនានា ដើម្បីស្វែងរកគោលដៅជីវិត របស់ ពួកគេ ព្រមទាំងអាចឲ្យពួកគេអាចរកប្រាក់ចំណូលជួយដល់គ្រួសារពួកគេផងដែរ ។
លោក តារា បញ្ជាក់ថា ៖ «សហគ្រាសសង្គម យើងគ្មានលទ្ធភាពជួលទីតាំងនេះតទៅទៀត ពីព្រោះយើងជឿជាក់ ថា តម្លៃរបស់វានឹងកើនឡើង ។ ពួកយើងត្រូវការទីតាំងអចិន្រ្តៃយ៍សម្រាប់សិល្បករ សិល្បការិនីរបស់យើង ដើម្បី គាំទ្រដល់ខ្លួនគេ និងគ្រួសាររបស់គេ ជាពិសេស វាជាជំនួយដ៏ធំបំផុតក្នុងការបន្តសិល្បៈល្ខោនសៀកខ្មែរ ដែល ទើបតែរស់រានមានជីវិតឡើងវិញ ដែលកំពុងសាងកេរ្តិ៏ឈ្មោះល្បីដល់ប្រទេសជាតិទាំងមួលផងដែរ» ។
ហើយរាល់ជំនួយរបស់លោក អ្នក មិនត្រឹមតែជួយទៅដល់អនាគតរបស់សិល្បៈករ សិល្បៈការនីដ៏ទៃទៀត ដែល មានជីវភាពលំបាកនោះទេ ប៉ុន្តែលោកអ្នកក៏បានរួមចំណែកក្នុងការបន្តជីវិតសិល្បៈល្ខោនសៀកខ្មែរ ឲ្យនៅតែ មានលើឆាកជាតិ ក៏ដូចជាឆាកអន្តរជាតិ លើសពីនេះទៅទៀត គឺកុំឲ្យសិល្បះល្ខោនសៀកខ្មែរ បាត់បង់ដូចពី មុនទៀត ។
លោកបន្ដថា៖«យើងជឿជាក់ថា សិល្បៈពិតជាអាចកែប្រែជីវិតរបស់យុវជនកម្ពុជា ដូច្នេះការមានទីតាំងផ្ទាល់ខ្លួន មួយនេះ នឹងធ្វើឲ្យសិល្បៈករ សិល្បៈការនី ក៏ដូចជាយុវជនកម្ពុជា អាចមានឱកាសពាំនាំនូវសិល្បៈសៀក ដ៏ ចំណាស់របស់ខ្មែរមួយនេះ ទៅកាន់ពិភពលោក ដែលសិល្បៈនេះតែងតែធ្វើឲ្យបរទេសកោតសរសើរ ពីទេព កោសល្យខ្មែរមិនដាច់ពីមាត់» ។
សម្រាប់ពត៌មានបន្ថែមទៀតក្នុងការបរិច្ចាកថវិកាសូមចូលទៅកាន់ :
www.StartSomeGood.com/HomeForPhare ឫ បរិច្ចាកតាម WING និង ទំនាក់ទំនងទៅកាន់ អ្នកនាង សួស ស៊ីណាត តាមរយៈទូរសព្ទ័លេខ ០១៧ ៩០០ ២២៣ ៕