ត្បូងឃ្មុំ៖ មន្ទីរគណបក្សឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់ ទៅតាមទំនៀមទំលាប់ ប្រពៃណី ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី ១៥ ខែតុលា នេះ ដោយមានការអញ្ជើញចូលរួម ពីលោក កែវ ពិសិដ្ឋ សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយ ស្រុកពញាក្រែក ទទួលបន្ទុកឃុំពពេល ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ និងក្រុមការងារ។
តាមប្រសាសន៍លោក លន សុភាព វិស្វករសាងសង់មន្ទីរគណបក្សនេះ បានឱ្យដឹងថា តាមគម្រោង សាងសង់ មន្ទីរបក្សឃុំនេះ មានបណ្តោយ ១២ម៉ែត្រ ទទឹង ៩ម៉ែត្រ កំពស់ ៦ម៉ែត្រ សាងសង់លើ បរិវេណដីទំហំ ១៨ គុណ នឹង ៣៦ម៉ែត្រ និងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣ខែ។
សូមបញ្ជាក់ថា ក្នុងគោលបំណងជួយប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍភូមិ ឃុំ ស្រុក មានការរីកចម្រើន បន្ថែម ទៀត លោក កែវ ពិសិដ្ឋ រួមជាមួយក្រុមការងារចុះជួយឃុំពពេលទាំងអស់ បានផ្តចផ្តើ មគំនិតកសាងមន្ទីរ គណបក្សឃុំពពេលនេះឡើង។
ក្នុងឱកាសនេះដែរលោក កែវ ពិសិដ្ឋ និងក្រុមការងារក៏បាន អញ្ជើញចុះពិនិត្យអណ្តូងទឹក និង អាងស្តុកទឹក ដែលកសាងឡើងដោយក្រុមការងារ និងអង្គការភ្លែនកម្ពុជា(Plan) ទុកជាប្រយោជន៍ សម្រាប់សិស្សនុសិស្ស និងប្រជាពលរដ្ឋ ប្រើប្រាស់ជាសាធារណៈ នៅភូមិជាំ ធ្លក ឃុំពពេល នៅសាលាបឋមសិក្សា និងនៅវិទ្យាល័យ ចក្រី ហេង សំរិន ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ ៕