ភ្នំពេញ ៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើម ឆ្នាំ២០១៤ នេះ សាខាពន្ធដារក្រុងព្រះ សីហនុប្រមូលពន្ធបានចំនួន ១៩.០២៧.៣២១.៧៥៤រៀល ស្មើនឹង ៩៤% ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) លោក នុត វុត្ថា បានមានប្រសាសន៍ថា ការកើនឡើង ចំនួន ៩៤%នោះ ក្នុងនោះពន្ធប្រថាប់ត្រា មានចំនួន៨.២៧៧.៦៣២.៥៨៤រៀល ស្មើនឹង ១០២%, ពន្ធ ដីមិនប្រើប្រាស់ចំនួន ៦៦០.១៥៦.៨៩៦រៀល ស្មើនឹង ៥៥០%, ពន្ធអចលនទ្រព្យមាន ចំនួន ៣.៤១០.៧០៤.០៨៤រៀល ស្មើនឹង១១០% និងពន្ធលើមធ្យោបាយមានចំនួន១.០០៨.៩១០.៥ ៣៧ រៀលស្មើនឹង៥០% ។
លោកប្រធានសាខាពន្ធដារ បានឱ្យដឹងបន្តថា នៅរយៈពេល៣ ខែខាងមុខនេះ សាខាពន្ធដារក្រុង ព្រះ សីហនុនឹងខិតខំប្រមូលពន្ធបន្តទៀត ដើម្បីធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធក្នុងឆ្នាំ២០១៤នេះ បាន សម្រេច តាមកាលកំណត់ របស់ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៤ ដោយសង្ឃឹមថានៅក្នុង ឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុ នឹងប្រមូលចំណូលពន្ធលើសផែនការ ប្រចាំឆ្នាំជាក់ជាមិនខាន ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ សាខាពន្ធដារក្រុងព្រះសីហនុ ត្រូវប្រមូលពន្ធតាមផែនការចំនួន ២០.១៧៧.៦០០.០០០រៀល កើនលើសឆ្នាំ ២០១៣ ជិត៣ដង ព្រោះនៅឆ្នាំ២០១៣សាខាពន្ធដារ ក្រុងព្រះសីហនុ ត្រូវប្រមូលពន្ធប្រចាំឆ្នាំចំនួនតែ ៨.១៧២.៦០០.០០០រៀល ប៉ុណ្ណោះ ៕