ភ្នំពេញ៖ បន្ទាប់ពីមានការដាក់សំណើ ពីប្រជាពលរដ្ឋមួយក្រុម សុំធ្វើការជួបជុំ នៅលើទីលានប្រជាធិប តេយ្យ ក្នុងគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ និងទប់ស្កាត់ការទទួលយក ជនភៀសខ្លួនអូស្ត្រាលី ដែលគ្រោងមកនៅចុងឆ្នាំ២០១៤នេះ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើពិធីនេះ នៅលើទី លានប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ។
យោងតាមលិខិត របស់សាលារាជធានីភ្នំពេញ ចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរង រាជ ធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលានេះ បានដាក់លក្ខខណ្ឌមួយចំនួនរួមមានទី១- ការជួបជុំមានចំនួនក្រោម ២០០នាក់ ដោយពុំមានការដង្ហែរ ក្បួនឡើយ ដើម្បីជៀសវាងប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ តែអាចចាត់តំណាង ក្រោម១០នាក់ ដើម្បីដាក់ញត្តិ ទៅតាមស្ថាប័នដែលខ្លួនចងដាក់ ទី២- បើចង់ឲ្យអ្នកចូលរួមមាន រហូត ១០០០នាក់ និងមានការដង្ហែរក្បួនជាសាធារណៈ សាលារាជធានីភ្នំពេញ រង់ចាំគោលការណ៍សម្រេច ពីក្រសួងមហាផ្ទៃជាមុនសិន ទី៣-ចំពោះការបញ្ចេញមតិ មិនត្រូវប៉ះពាល់ដល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រទេសជិតខាង ទី៤-អ្នកចូលរួមទាំងអស់ ត្រូវរក្សាអនាម័យ ទី៥- អ្នកចូលរួមមិនត្រូវ យកកម្មវិធីនេះ បម្រើសម្មភាពនយោបាយ ទី៦- ប្រសិនបើមិនគោរព តាមគោលការណ៍ ឯកភាពខាង លើនេះទេ ម្ចាស់សំណើត្រូវទទួលខុសត្រូវដោយខ្លួនឯង ។
សូមបញ្ជាក់ថា កម្មវិធីជួបជុំនៅថ្ងៃស្អែកនេះដឹកនាំដោយតំណាងប្រជាពលរដ្ឋ សហគមន៍ សមាគម សហព័ន្ធ និស្សិត បញ្ញាវ័ន្ត និងយុវជនអង្គការសង្គមស៊ីជាដើម។ ការជួបជុំនេះ ប្រព្រឹត្តទៅ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ល្ងាច ៕