មូស្គូ ៖ ភាពប្រទូស្តរាយគ្នា រវាងទីក្រុង មូស្គូ និង វ៉ាស៊ីនតោន កំពុងតែរុញច្រាន និងបង្កក្តី អន្តរាយដល់ ស្ថិរភាព ជាយុទ្ធសាស្ត្ររបស់សកលលោក, នេះបើតាមការលើកឡើង ដោយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីលោក ពូទីន ថ្លែងក្នុងកិច្ចប្រជុំមន្ត្រីរបស់ខ្លួន នៅវិមាន ក្រិមឡាំង នាថ្ងៃព្រហស្បតិ៍ នេះទៀត ថា “យើងសង្ឃឹមថា ដៃគូរបស់យើង នឹងភ្ញាក់ខ្លួន រួចដកខ្លួន ចេញពីទង្វើរុកគួនដ៏ខ្មៅងងឹតពីក្រោយខ្នងរុស្ស៊ីតទៅទៀត ហើយគេត្រូវ ចងចាំថា ការប្រទូស្តរាយគ្នា រវាងមហាអំណាច នុយក្លេអ៊ែរទាំងពីរ នឹងធ្វើកើតមាននូវ អស្ថិរភាពជាយុទ្ធសាស្ត្រជាក់ជាមិនខាន” ។
លោក ពូទីន សង្កត់ធ្ងន់ទៀតថា “ជាមួយគ្នានឹងទណ្ឌកម្មសេដ្ឋកិច្ចលើផ្នែកជាច្រើនក្នុងប្រទេស រុស្ស៊ី កន្លងមក ការលើកដោយប្រឆាំងនឹងរុស្ស៊ីលើកនេះ គឺជាសកម្មភាពគឃ្លើនសុទ្ធសាធ” ។
គួរបញ្ជាក់ថា កាលពីអំឡុង កិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ នាចុងខែកញ្ញា លោក ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា បានលើកឡើងចំពោះមុនថ្នាក់ដឹកនាំអន្តរជាតិ ដែលបានចូលរួម កិច្ចប្រជុំនោះថា រុស្ស៊ី គឺជាប្រទេស ដែលគម្រាមកំហែងអន្តរជាតិដ៏ខ្លាំងបំផុត បន្ទាប់ពីជំងឺអ៊ីបូឡា និង ក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ៕