កំពង់ចាម ៖ កម្លាំងអន្តរាគមន៍ ខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាល ស្រុកស្រីសន្ធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានបន្តរុះរើផ្ទះដែលប្រឈមមុខនឹងការ បាក់ច្រាំងចូលក្នុងទឹកទន្លេ ដែលការបាក់ច្រាំងទន្លេនេះ បានកើតឡើងតាំងពីថ្ងៃទី១៥ ខែតុលា ហើយបន្តបាក់រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះ ។
លោកស្នងការនគរបាល ខេត្តកំពង់ចាម បែន រ័ត្ន បានបញ្ជាក់ថា លោកបានបញ្ជូនកម្លាំងអន្តរាគមន៍ចុះទៅជួយ ភ្លាមៗ ដោយរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ជៀសវាងកុំឲ្យបាក់ចូលទន្លេ ។
មន្ត្រីនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ មានការបាក់ច្រាំងទន្លេ ចំណុចភូមិគគីឃុំកោះអណ្តែត ដែលកាលពីថ្ងៃទី១៥តុលា បានបាក់ច្រាំង១០ម៉ែត្រ គុណនឺង៣០ម៉ែត្រ បណ្តាលអោយម៉ាស៊ីនបូមទឹក ១គ្រឿង ១៥សេះ ក្បាលបូម១ និងទុយោ៤០ម៉ែត្រ ធ្លា់ចូលទន្លេបាត់ របស់ ឈ្មោះ កែម គ្រី ថ្ងៃទី១៧ បន្តបាក់ច្រាំង២០ម៉ែត្រ គុណនឹង៥០ម៉ទៀត ហើយនៅព្រឺកថ្ងៃ១៨ នេះ ផ្ទះតៀម១ ខ្នង ទំហំ៦ម៉ែត្រ គុណនឺង ១១ម៉ែត្រ របស់ឈ្មោះ ជាម សេងគ្រី កំពុង រុះរើ និង ៤ខ្នងទៀតកំពុងត្រៀមរុះរើ បន្តបន្ទាប់គ្នា។
មន្ត្រីនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ទៀតថា ក្រុមក្រុមការងារ បានចាត់មន្ត្រី ចុះថតបាតទន្លេ និងកំពុង សិក្សារកវិធី កាត់បន្ថយការបាក់ច្រាំង បណ្តោះអាសន្នដោយប្រើសំណាញ់ដែក ៕