Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឈ្មួញ ផាន់ នី ជើងខ្លាំង រត់ការចរាចរណ៍ ឈើប្រណីត កក្រើកសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង : ប្រភពពីមន្ត្រីសមត្ថកិច្ច តូចតាចដែលមិនទទួលបាន ផលប្រយោជន៍ពីការចរាចរណ៍ឈើប្រណីត នៅលើដងផ្លូវជាតិលេខ៥ បានបង្ហើបឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានយប់បន្តបន្ទាប់ ក្នុងខែកញ្ញា ឆ្នាំ២០១៤ រហូតមកដល់យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និង យប់មិញនេះ ឈ្មួញឈើប្រណីត បានធ្វើសកម្មភាពប្រើរថយន្តស៊េរីទំនើបៗ ដឹកឈើប្រភេទនាងនួន និងឈើធ្នង់ ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តកាមរីហើម ស៊េរីឆ្នាំ១៩៩៣ និង ១៩៩៥ រថយន្តកាមរីឆ្លាម រថយន្តបាឡែន និង រថយន្តហាយឡិនដឺ ដឹកឈើប្រសេចប្រសាច ដូចក្បួនប្រតិភូអមដំណើរមន្ត្រីជាន់ខ្ពស់។

ឈ្មួញឈើ បានបញ្ចេញសកម្មភាព ដឹកឈើចេញពីខេត្តពោធិ៍សាត់ ពិសេសពីស្រុកភ្នំក្រវ៉ាញ ដោយដឹកតាមរថយន្តបាឡែន និង កាមរីឆ្លាម ព្រមទាំងការីហើមជិត២០គ្រឿង អមដំណើរដោយរថយន្តហាយឡិនដឺ ឡិចស៊ីស ដឹកឈើប្រណិតផង និងចាំធ្វើសកម្មភាពបិទគូទ ខណៈមានសមត្ថកិច្ចដេញ បង្ក្រាបជំរិតទារប្រាក់ ។

សេចក្តីរាយការណ៍ បានបន្តឲ្យដឹងថា ការចរាចរណ៍ឈើប្រណីត ប្រភេទ ធ្នង់ បេង និង នាងនួន ក្នុងមួយយប់ៗ មិនក្រោមពី៣០គ្រឿង ដែលគេដឹងថា មានឈ្មួញដ៏ពូកែ ខាងរត់ការបិទមាត់សមត្ថកិច្ច តាមផ្លូវឈ្មោះ ផាន់ នី ធ្វើចារាចរណ៍បានយ៉ាងរលូន មិនមានកង្វល់ ឬភ័យខ្លាចអ្វីឡើយ ។ ឈ្មួញឈើឈ្មោះ ផាន់ នី មានប្រាស្រ័យទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ករណីនេះឮថា សូម្បីតែអភិបាលនៃគណៈអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ជាគណៈបញ្ជាការឯកភាព និង លោកព្រះរាជអាជ្ញា ក៏ដឹងរឿងនេះផងដែរ ប៉ុន្តែការបង្ក្រាបហាក់ដូចជា មានភាពកំសោយ ខ្វះការគ្រប់គ្រង កម្លាំងដើម្បីចេញបង្ក្រាប ឲ្យមានប្រសិទ្ធិភាព។ ឈ្មួញឈើផាន់ នី រត់ការឲ្យឈ្មួញឈើដទៃទៀត ក្នុងក្បួនរថយន្តមួយក្រុមៗ ជិត១០គ្រឿង ចេញពីស្រុករុក្ខគិរី ខេត្តបាត់ដំបង និងចេញពីខេត្តផ្សេងៗទៀត ជាប់ព្រំប្រទល់កម្ពុជា-ថៃ ។ កត្តាទាំងនេះធ្វើឲ្យមជ្ឈដ្ឋាន ទូទៅមានការងឿងឆ្ងល់ ហើយសង្ស័យថា លោកអភិបាលខេត្ត ក៏ដូចជាលោកព្រះរាជអាជ្ញា ប្រហែលទទួលបានលាភ សើមបំពង់កហើយ ទើបធ្វើមិនដឹង មិនឮបែបនេះ ។  

សូមរម្លឹកថា សមត្ថកិច្ចដែលឈរជើង នៅតាមដងផ្លូវជាតិលេខ៥ ស្អេកស្កះនៅក្នុងខេត្តកំពង់ឆ្នាំង មានស្នាក់ការសន្តិសុខ អ.ហ លេខ៥០១ និង ស្នាក់ការ អ.ហលេខ៥០០ ព្រមទាំងកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត ក៏ដូចជាក្រសួង និងកម្លាំងអ.ហនៅតាមបណ្តាស្រុក មួយចំនួនទៀតផងដែរ ប៉ុន្តែការបង្ក្រាបមានតិចតួច ហើយការបង្ក្រាបនេះ ធ្វើឡើងនៅពេលដែលរថយន្តដឹកឈើ ជួបឧប្បត្តិហេតុគ្រោះថ្នាក់ ដូចជាបែកកង់ ឬគ្រោះថ្នាក់ចរាចរណ៍ទៅមុខលែងរួចជាដើម ។

ក្រុមអ្នករកស៊ី បានចាត់ទុកក្រុមមន្ត្រី ដែលឈរជើងតាមដងផ្លូវជាតិលេខ៥ ថាជាក្រុងត្រួលជជុស គ្រាន់តែប្រជាពលរដ្ឋ ទៅកាប់អុសសល់បន្តិចបន្តួច ដឹកយកមកទុកដុតចម្អិនអាហារប្រចាំថ្ងៃ តាមគោយន្តកន្ត្រៃ ឬរ៉ឺម៉កម៉ូតូ ឆ្លងកាត់ត្រូវក្រុមសមត្ថកិច្ចទាំងនោះ ចាប់ឃាត់គាបស៊ីលុយជាអន្លើៗ មួយគោយន្ត ២០.០០០រៀល បើមឹនបានបង់លុយឲ្យពួកគេទេ នឹងចាប់អូសយកទៅរក្សារទុកមិនខានឡើយ ។ ដោយឡែករថយន្តដឹកឈើប្រណីត រាប់សិបគ្រឿងក្នុងនោះ មានរថយន្តពី៥ទៅ៧គ្រឿង ដែលឈ្មួញឈើប្រណីត ឈ្មោះ ផាន់ នី ដឹកចេញពីស្រុកភ្នំក្រវ៉ាញ ក្នុងខេត្តពោធិ៍សាត់ ឆ្លងកាត់ហើយ បានចំណាយប្រាក់ សម្រាប់រត់ការបង់ផ្លូវក្នុងមួយរថយន្ត៥០ដុល្លារ ទៅ១០០ដុល្លារ ក្នុង១ជំនាញ ក្នុងមួយយប់ៗ រថយន្តដឹកឈើប្រណីតប្រភេទធ្នង់ នាងនួន បេង នឹងគ្រញូង មិនក្រោមពី៣០គ្រឿងឡើយ ប៉ុស្តិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ មាន កម្លាំងនគរបាល អ.ហ និងរដ្ឋបាលព្រៃឈើ នៅតាមដងផ្លូវជាតិលេខ៥ ។    

ពាក់ព័ន្ធ និងព័ត៌មាននេះ បញ្ហាជាក់ការចរាចរណ៍ឈើប្រណីត ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ បាននិងកំពុងរង់ចាំមើល តើអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អាចប្រើកណ្តាប់ដៃដែកបង្ក្រាប ឬប្រើស្នៀតដេកលក់យករួចតែខ្លួន ឬយ៉ាងណានោះ ? ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles