កំពង់ធំ ៖ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ដើម្បីឲ្យ ប្រជាពលរដ្ឋ ដែលចូលរួម នៅក្នុងពិធីមួយនេះ មានភាពសប្បាយ រីករាយនោះ ស្នងការ នគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានចាត់កម្លាំង នគរបាល ជាច្រើននាក់ ត្រៀមការពារ រួចរាល់អស់ហើយ។
ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់ថា លោកបានដឹកនាំការប្រជុំ និងចាត់កម្លាំង នគរបាល យាមប្រចាំការ រួចរាល់ហើយ សម្រាប់ការពារ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំទូក «ង» នាថ្ងៃស្អែក (១៩ ខែតុលា)នេះ ដែលមាន ប្រជាពលរដ្ឋ ជាច្រើននាក់ នឹងចូលរួមសប្បាយ ។
លោកស្នងការ បានបន្តទៀតថា កម្លាំងនគរបាល បានរួមសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ពាក់ព័ន្ធ បានដាក់នៅ តាមគោលដៅរៀងៗខ្លួន ដើម្បីទប់ស្កាត់ និងជួយអន្តរាគមន៍ ភ្លាមៗ បើសិនមានបញ្ហាអ្វី មួយនោះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការ អំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលចូលរួម ក្នុងពិធី ប្រណាំងទូក «ង» ត្រូវបង្កើនការ ប្រុងប្រយ័ត្ន ដោយខ្លួនឯងផងដែរ ជាពិសេស មានជនឆ្លៀតឱកាស ធ្វើសកម្មភាព ល្មើសផ្សេងៗ ដូចជា លូកហោប៉ៅ លួចលុយជាដើម៕