បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ មានឧប្បត្តិហេតុ គ្រោះថ្នាក់ដ៏រន្ធត់ មួយបានកើតឡើង ដោយសារគោយន្តកន្ត្រៃ បើកដាច់កង់ខាងមុខ រេចង្កូតបុក ជាមួយរថយន្តកាមរី ពណ៌ស ពេញទំហឹង បណ្ដាលឲ្យខ្ទេចទាំងសងខាង និងមានមនុស្សរងរបួសស្រាលចំនួន ៤នាក់ នៅចំណុចផ្លូវជាតិ លេខ ០៥ លើស្ពានទឹកថ្លា ភូមិទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្តកន្ត្រៃ ដ៏ចាស់មួយគ្រឿង បើកចេញពីលិចមកកើត សំដៅទៅផ្ទះនៅខេត្តបាត់ដំបង លុះបើកមកដល់លើស្ពានទឹកថ្លា ខំប្រឹងរោទ៍ឡើងស្ពាន ក៏ដាច់កង់មុខ រេចង្កូត ទៅខាងស្តាំដៃ ស្របពេលនោះ មានរថយន្តកាមរី ពណ៌សស៊េរី៩៣ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-១៨៣៧ ជារថយន្តរត់ឈ្នួល បើកចេញពីទីរួមខេត្ត ឆ្ពោះទៅក្រុងប៉ោយប៉ែត ពីកើតទៅលិចច្រាសទិសគ្នា ជ្រុលបុកគ្នាយ៉ាងពេញទំហឹង តែសំណាងល្អពុំមានមនុស្សស្លាប់ គ្រាន់តែរបួសស្រាល ៤នាក់ ។ ក្រោយពីកើត ហេតុគេឃើញ សមត្ថិច្ចបានចុះទៅវាស់វែងចំណុចកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
លោក សន គឹមសួគ៌ នាយការិយាល័យសណ្តាប់ធ្នាប់ និងចរាចរណ៍ជើងគោក បានប្រាប់ឲ្យដឹងថា អ្នករងរបួស រួមមាន ទី១-ឈ្មោះ សូ សុខុន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអ្នកបើករថយន្តកាមរីពណ៌ស មានមុខរបជាអ្នក រត់តាក់ ស៊ី រស់នៅភូមិជោគជ័យ ជុំអូបីជាន់ ស្រុកអូរជ្រៅ រងរបួសស្រាល ទី២-ឈ្មោះ យឺត និងរឿន អ្នករួម ដំណើរ រងរបួសស្រាល។ ចំណែកអ្នកបើកគោយន្តកន្ត្រៃទី៣-ឈ្មោះ ប៉ិប ភ័ណ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិភាស ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួសស្រាល។
ក្រោយពីសមត្ថកិច្ចវាស់វែងរួចរាល់ បានស្ទូចយករថយន្ត និងគោយន្តកន្រ្តៃទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលក្រុងសិរីសោភ័ណ ដើម្បីដោះស្រាយចំពោះមុខច្បាប់៕