ភ្នំពេញ ៖ ជំនួបពិភាក្សាគ្នា រវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សសង្គ្រោះ ជាតិ (CNRP) នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ស្តីពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតនោះ បានបញ្ចប់ហើយនៅម៉ោងប្រមាណជា ៥និង៣០នាទីនេះ ដោយមានការខ្វែង គំនិតគ្នាលើចំណុចមួយចំនួន ។
លោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារ ព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះថា ការខ្វែងគំនិតគ្នា ទៅលើកត្តា៣ចំណុចរួមមាន អាយុ សញ្ជាតិ និងសញ្ញាបត្រ ដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជា កំណត់យកអាយុ៣៥ឆ្នាំយក សញ្ញាបត្រត្រឹមបញ្ចប់ថ្នាក់បរិញ្ញា ចំណែកគណបក្សសង្រ្គោះជាតិយកអាយុ ២៥ឆ្នាំ និងយកសញ្ញាបត្រ ឧត្តមសិក្សា ។
លោកបន្តថា កិច្ចប្រជុំនេះ មិនទាន់បញ្ចប់ទាំងស្រុងនោះទេ នឹងបន្តនៅថ្ងៃច័ន្ទសប្តាហ៍ ក្រោយទៀត ហើយច្បាប់នេះ នឹងពិភាក្សាគ្នាឲ្យចប់នៅអាណត្តិ ក្រោយហើយការបញ្ចប់នេះ នឹងក៏នឹងឲ្យសង្គមស៊ីវិល បានចូលរួមត្រួតពិនិត្យផងដែរ ហើយការខ្វែងគំនិតនេះ មានប្រហែលតែ ១០ភាគរយទេ។
លោកថា “ពិភាក្សាគ្នាដល់ផ្នែកមួយ ដល់អគ្គលេខាធិការ នៃគ.ជ.ប. អីចឹងគេនិយាយថា អគ្គលេខាធិការ ហ្នឹងយ៉ាងម៉េច អគ្គលេខាធិការរងហ្នឹងយ៉ាងម៉េច លក្ខណៈសម្បតិ្តដូចខ្ញុំរៀបរាប់មិញហ្នឹង”។
លោក គួច ប៊ុនរឿន ប្រធានក្រុមការងារ របស់គណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា ចំពោះ ច្បាប់នេះ ក៏មានដាក់ទោសទណ្ឌផងដែរ ចំពោះសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) មានបទវិន័យរបស់ខ្លួន ដោយមិនគិតបទព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទេ ប៉ុន្តែ ច្បាប់វិសោធនកម្ម បោះឆ្នោត ប្រហែលជាមានច្រើនទៀត ។ លោកថា “ការពង្រឹងច្បាប់របស់យើងនេះ មិនមាននិយាយ ពីការផាកពិន័យអីនោះទេ តែខាងបោះឆ្នោត មាន”។
លោក គួច ប៊ុនរឿន បានបន្ថែមថា ចំពោះកិច្ចវារៈសម្រាប់ការពិភាក្សានៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយនោះ គឺពិនិត្យមើលនូវជំពូកណា ដែលព្រមព្រៀងគ្នា និងជំពូកណាដែលមិនបានព្រមព្រៀងគ្នា ហើយចំណុច ដែលត្រូវគ្នា និងយកមកចងក្រងទុក ។ សូមបញ្ជាក់ថា ច្បាប់នេះមាន ៧ ជំពូក និង៦៦មាត្រា ៕