កំពង់ធំ ៖ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាច្រើននាក់ នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៤នេះ បានការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចូលរួមកំសាន្តមានការសប្បាយរីករាយ ។
ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានថ្លែងឲ្យដឹងថា «កម្លាំង ន.ប របស់លោក បានរួមសហការ ជាមួយ កងរាជអាវុធហត្ថ រៀបចំសម្រួល សណ្តាប់ធ្នាប់ចរាចរណ៍ និងការពារ សន្តិសុខ ជូនប្រជាពលរដ្ឋ កំសាន្តសប្បាយ ក្នុងពិធីប្រណាំងទូក «ង» ខេត្ត នៅក្រុងស្ទឹងសែន ធានាបានសុវត្ថិភាព និងប្រកប ដោយជោគជ័យ» ។
បើតាមការ បញ្ជាក់បន្ថែម ពីលោកស្នងការខេត្ត សម្រាប់ការចូលរួម សប្បាយ របស់ប្រជាពលរដ្ឋ នៅក្នុងពិធី ប្រណាំងទូក «ង» ខាងលើនេះ ពុំមានបញ្ហាអ្វី កើតឡើងនោះឡើយ បូករួមទាំង បទល្មើសនានា ខណៈកម្លាំង សមត្ថកិច្ច របស់លោក បានយាមប្រចាំការ នៅតាមគ្រប់គោលដៅ។ ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បាន ចេញល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រ និងរឹតបន្តឹងការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកតាម ស្រុកក្រុងផងដែរ ៕