កំពង់ធំ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានបើកវគ្គសិក្ខាសាលា ស្តីពីការវិភាគស្ថានភាព ស្រ្តី និង កុមារ ក្រោមអធិបតីភាព លោក អ៊ុត សំអន អភិបាល នៃគណៈអភិ បាលខេត្តកំពង់ធំ ។ សិក្ខារសាលានេះ មានការឧបត្ថម្ភពីអង្គការ យូនីសេហ្វ ក្នុងគោលបំណង ចែក រំលែក នូវការវិភាគស្ថានភាពរបស់កុមារ និងស្ត្រីដោយរំលេច នូវស្ថានភាពសមធម៌ ហើយនឹងពិភាក្សា បញ្ហាដែលកើតមានថ្មីៗ ដែលប៉ះពាល់ដល់ស្ត្រី និងកុមារ ដើម្បីជាមូលដ្ឋានក្នុងការធ្វើផែនការ របស់ឃុំ សង្កាត់ ស្រុក និងខេត្ត ពិភាក្សា និងឯកភាពគ្នាទៅលើក្របខណ្ឌសកម្មភាព និងការទទួលខុសត្រូវ ពី ភាគីពាក់ព័ន្ធ ដើម្បីជួយកុមារ និងស្ត្រីដែលងាយរងគ្រោះ នៅក្នុងខេត្ត ស្វែងយល់អំពីបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ព្រមព្រាងគ្នាលើកិច្ចការ ដែលត្រួវធ្វើបន្ត ក្រោយពេលសិក្ខាសាលានេះ ។
យោងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ក្នុងឆ្នាំ២០១៣ បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានចូល រៀន មានកុមារប្រមាណ ១៣% បានបោះបង់ការសិក្សា នៅកម្រិតបឋមសិក្សា និង២៥% ទៀត បាន បោះបង់កាសិក្សានៅកម្រិតអនុវិទ្យាល័យ ។ ចំពោះស្ត្រីអាត្រាស្ត្រីមានផ្ទៃពោះ ដែលបានពិនិត្យ ផ្ទៃពោះ លើកទីបួនមានតែ ៣៦% បើធៀបទៅនឹងគោលដៅ ដែលបានកំណត់ ៦០% ។ ស្រ្តីដែលសម្រាលកូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យមានប្រមាណ ៤០ % ពោល គឺក្រោមគោលដៅដែលបានកំណត់ ៨០% ។ ជាងនេះទៅទៀត មានការសម្រាលកូនតែ ៥២% ប៉ុណ្ណោះ ដែលបានធ្វើឡើង ដោយឆ្មប ជំនាញ បើធៀបទៅនឹងគោលដៅ ៨៥% ៕