កំពង់ធំៈ ប្រជាពលរដ្ឋ ចំនួន២៨៣នាក់ ក្នុងនោះស្រ្តី ១៩៧នាក់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា ពុលនំបញ្ចុក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ហើយជន រងគ្រោះទាំងនេះ នៅបន្តព្យាបាល
និងសង្រ្គោះឯមនី្ទរពេទ្យ និងនៅតាមផ្ទះ។ ហេតុការណ៍ប្រជាពលរដ្ឋ ពុលនំបញ្ចុករហូតទៅដល់រាប់សិបនាក់ ខាងលើនេះ បានកើតឡើងនៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតនៅក្នុងពិធីភ្ជាប់ពាក្យ របស់កូនអ្នកស្រុក ។
មន្រ្តីនគរបាលស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ មានកម្មវិធីភ្ជាប់ពាក្យកូនកំលោះ កូនក្រមុំ នៅក្នុងភូមិ ដោយម្ចាស់កម្មវិធីបាន រៀបចំនំបញ្ចុកទទួលភ្ញៀវ និងបងប្អូនបរិភោគ ប៉ុន្តែពេលជនរងគ្រោះទាំងនេះ បរិភោភរួច ស្រាប់តែមានអាការមិនស្រួល ក្អួតចង្អោរ រាករូស និងទន់ដៃទន់ជើងគ្រប់ៗគ្នា នាំឲ្យផ្អើលឆោឡោ ដល់អាជ្ញាធរនិងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងដឹកជនរងគ្រោះ ទៅកាន់មនី្ទរពេទ្យមូលដ្ឋាន និងមនី្ទរពេទ្យ ខេត្តេសៀមរាប មនី្ទរពេទ្យបង្អែកត្រពាំងស្វាយ ស្រុកបារាណ៍ ជាដើម ។
មន្រ្តីនគរបាលដដែលបានបញ្ជាក់ថា ករណីពុលនំបញ្ចុកខាងលើនេះ មិនបណ្តាលឲ្យ ជនរងគ្រោះណា ម្នាក់ស្លាប់ នោះឡើយ ។
តាមរបាយការណ៍ របស់នគរបាល រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងចំណោមជនរងគ្រោះ ទាំងអស់ កំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាព តាំងក្រសាំង ចំនួន ៥៦នាក់ ក្នុងនោះស្រី ២០នាក់ ហើយក្រៅពីនេះ សម្រាកព្យាបាលនៅខេត្តសៀមរាប និងមនី្ទរពេទ្យបង្អែកត្រពាំងស្វាយជាដើម។
ជុំវិញហេតុការណ៍ខាងលើនេះ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់ដឹងពីមូលហេតុពុល ដោយសារអ្វីនោះឡើយ ពោលស្ថិតក្រោមការស្រាវជ្រាវ និងតាមដានពីសំណាក់សមត្ថកិច្ចអាជ្ញាធរ និងមន្រ្តីជំនាញនៅឡើយ។
លោកស្នងការបានបន្តថា ក្រោយទទួលបានព័ត៌មាន នៃការពុលនំបញ្ចុកខាងលើនេះ លោកបានបញ្ជា ឲ្យកម្លាំង នគរបាលរបស់លោក រួមសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយដឹកជនរងគ្រោះ ភ្លាមៗទៅកាន់ មនី្ទរពេទ្យ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ពេលនេះ ជនរងគ្រោះខ្លះបានធូរស្បើយហើយ និងខ្លះទៀតបន្តព្យាបាល ៕