ភ្នំពេញ ៖ លោក Christian និង Marie-France des Pallierres (ប៉ាពី និង ម៉ាមី) ដែលជា ស្ថាបនិក របស់អង្គការ ដើម្បីភាពញញឹមនៃកុមារពេលនេះ កំពុងស្វែងរកការគាំទ្រ ដើម្បីទទួលបាន ពានរង្វាន់ វីរជនសប្បុរសធម៌ ឆ្នាំ២០១៤ ដែលរៀបចំដោយ ស្ថាប័ន AIDEX គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន ដែលធំជាងគេបំផុត ក្នុងការចូលរួម និងអភិវឌ្ឍជំនួយមនុស្សធម៌ទូទាំងពិភពលោក ខណៈពេលនេះ ពួកគេកំពុង ឋិតនៅក្នុងចំណោមបេក្ខជន៥នាក់ចុងក្រោយ (វគ្គផ្តាច់ព្រ័ត្រ) ។
ការផ្តល់ពានរង្វាន់ វីរជនសប្បុរធម៌ ឆ្នាំ២០១៤ របស់ពិភពលោក នឹងធ្វើនៅថ្ងៃទី១៣ និង ១៤ ខែវិច្ឆិកា ឆ្នាំនេះ ហើយការបោះឆ្នោតចុងក្រោយ នឹងធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។ ពលរដ្ឋខ្មែរ ក៏អាច ចូលរួមបោះឆ្នោត គាំទ្រ ប៉ាពី និងម៉ាមី បានដែរ តាម http://www.aid-expo.com/brussels/visit/humanitarian-hero-of-the-year-award ។ សូមចុចនៅទីនេះ bit.ly/HHA2014 ហើយធ្វើការបោះឆ្នោតដើម្បីឱ្យពួកគាត់ឈ្នះពានកិត្តិយស ដែលពួកគាត់ គួតែទទួល បាន គឺវីរជនសប្បុរសធម៌ឆ្នាំ២០១៤។ លោកគ្រូអ្នកគ្រូក៏អាចចូលទៅចុច LIKE ឬ SHARE នូវព័ត៌មាន នេះនៅលើទំព័រFacebook: https://www.facebook.com/psecambodia ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៥ លោក Christian និង លោកស្រី Marie-France des Pallières ដែលជា ជនជាតិបារាំង ចូលនិវត្តន៍វ័យក្មេង បានមកធ្វើបេសកម្មមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ មុនថ្ងៃដែលពួក គាត់ចាកចេញពីប្រទេសកម្ពុជា កុមារតូចម្នាក់ ដែលនៅតាមដងផ្លូវបានបង្ហាញឱ្យពួកគាត់ បានស្គាល់នូវ កន្លែងដែលរូបគេរស់នៅ។ ពេលនោះហើយ ដែលពួកគាត់បានឃើញគំនរសំរាមដ៏ធំ ដែលស្ថិតនៅជាយ នៃរាជធានីភ្នំពេញ ។
លោក Christian និង លោកស្រី Marie-France des Pallières មានចិត្តរន្ធត់យ៉ាងខ្លាំង នូវអ្វីដែលពួក គាត់បានឃើញ ហើយពួកគាត់បានគិតដោយខ្លួនគាត់ថា៖ «អ្នកមិនធ្លាប់បានឃើញអ្វីដូច្នេះទេ ហើយអ្នក ក៏មិនអាចបន្តរស់នៅ ក្នុងជីវិតសព្វថ្ងៃនេះបានដែរ» ពួកគាត់បានទុកចោលនូវអ្វីៗ គ្រប់បែបយ៉ាង របស់ គាត់ដោយឡែក ហើយចាប់ផ្តើមជីវិតថ្មីនៅក្នុងរាជធានីភ្នំពេញ ដោយសង្ឃឹមថា នឹងបញ្ចប់នូវស្ថានភាព ដ៏អាក្រក់ៗទាំងនេះ ។
ការសង្រ្គោះរបស់ពួកគាត់ គឺបានចាប់ផ្តើមដោយកាចែកអាហារ និងការសង្រ្គោះបឋម ដល់កុមារដែល រស់នៅលើគំនរសំរាម។ បន្ទាប់មក ពួកគាត់បានបបួលមិត្តភក្តិ និងក្រុមគ្រួសារឱ្យជួយដល់គម្រោងរបស់ ពួកគាត់។ នៅឆ្នាំ១៩៩៦ ពួកគាត់បានចាប់ផ្តើមគម្រោងដំបូងបង្អស់ របស់គាត់ជាមួយកុមារចំនួន ៦០ នាក់នៅក្នុងអាគារជួលមួយ។ បច្ចុប្បន្ននេះ កុមារចំនួន៧០០០នាក់ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ២០ឆ្នាំ ត្រូវបានបញ្ជូនឱ្យចូលរៀននៅក្នុងសាលា ប៉េ អេស អឺ ។
អង្គការPSE គឺជារឿងរាវនៃជីវិតរបស់លោក Christian និង លោកស្រី Marie-France des Pallières ជាបេះដូងរបស់គាត់ ជាខួរក្បាលរបស់គាត់ និងជាកូនៗរបស់ពួកគាត់ ។ ពួកគេបានរៀបអាពាហ៍ ពិពាហ៍អស់រយៈពេល៥០ឆ្នាំនិងមានកូនធំៗចំនួន៤នាក់ អស់រយៈពេល២០ឆ្នាំមកហើយ ដែលពួកគាត់ បានរួមគ្នាបង្កើតអង្គការPSEឡើង ជំនួសឱ្យការសប្បាយរីករាយនឹងជីវិតចូលនិវត្តន៍នៅប្រទេសបារាំង។
បច្ចុប្បន្ន ពួកគាត់កំពុងរស់នៅក្នុងមណ្ឌលPSEនៃរាជធានីភ្នំពេញ រូបពួកគាត់ទាំងពីរគឺជាវីរជនរបស់ PSEជា រៀងរហូតមក ៕