កំពត ៖ បុរសវ័យ ៥៦ ឆ្នាំម្នាក់ ជាមន្ដ្រី ពេទ្យបម្រើការនៅមណ្ឌលសុខភាព “ប៊ុន រ៉ានី ហ៊ុនសែន” ស្ថិត នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ សម្ដេចតេជោ ហ៊ុន សែន តាកែនកោះ ស្លា ៣១៧ ត្រូវបានជនមិនស្គាល់ អត្ដសញ្ញាណ កាប់ជាច្រើនកាំបិត រហូតស្លាប់បាត់បង់ជីវិត ខណៈស្ដ្រីជាភរិយារងរបួសធ្ងន់ សង្ស័យប្លន់យកទ្រព្យសម្បត្ដិ ។
ហេតុការណ៍ឃាតកម្មដ៏ឃោរឃៅធ្វើឱ្យ បុរសជាជនរងគ្រោះដេកដួលស្លាប់ក្នុងថ្លុកឈាម ជាមួយស្នាម កាំបិតពាសពេញខ្លួន ប្រាណនេះបានកើតឡើងកាលពីម៉ោង៦ និង១០នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះ របស់ជនរងគ្រោះក្នុងភូមិ-ឃុំ សម្ដេចតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ដកំពត។
មន្ដ្រីនគរបាលស្រុកឈូក បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៤ថា ជនរងគ្រោះដែល ស្លាប់បាត់បង់ជីវិតមានឈ្មោះអេង សេង អាយុ៥៦ឆ្នាំ បម្រើការនៅ មណ្ឌលសុខភាព “ប៊ុន រ៉ា នី ហ៊ុនសែន”។ រីឯភរិយាដែលរងរបួស ធ្ងន់ពេលហក់ទៅជួយស្វាមីនោះ មាន ឈ្មោះ អៀង សារិទ្ធ អាយុ៥៥ឆ្នាំ ។
បើតាមសមត្ថកិច្ចស្ដ្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួល ការជួយសង្គ្រោះពីក្រុម គ្រូពេទ្យ រហូតដល់ព្រឹកថ្ងៃនេះ មិនទាន់ដឹងខ្លួននៅឡើយទេ ។ ដោយឡែកអត្ដសញ្ញាណជនបង្ក សមត្ថ កិច្ចមិនទាន់កំណត់អត្ដសញ្ញាណនៅឡើយទេ កំពុងស៊ើបអង្កេតនិង ស្រាវជ្រាវ ។
បើតាមលោកវរសេនីយ៍ឯក សៅ សំអឿន អនុប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ករណីខាងលើនេះ ទំនងជា ការប៉ុនប៉ងប្លន់យកទ្រព្យសម្បត្ដិរបស់ជនរងគ្រោះ តែចំពោះការបាត់បង់ទ្រព្យសម្បត្ដិអ្វីខ្លះនោះ គឺគេ នៅមិនទាន់ដឹងឡើយ ដោយសារតែស្ដ្រី ជាភរិយាដែលនៅរស់ កំពុងធ្វើការសង្គ្រោះ បន្ទាន់ ហើយកូនៗ របស់ជនរងគ្រោះគឺមិនបាននៅផ្ទះជាមួយនោះឡើយ ។
លោកសៅ សំអឿន បានឱ្យដឹងថា ក្រៅពីប្ដីប្រពន្ធជាម្ចាស់ផ្ទះស្លាប់ និងរងរបួសនោះ អ្នកជិតខាងម្នាក់ ទៀត ក៏រងរបួសផងដែរ ។
លោក សៅ សំអឿន បានរៀបរាប់ពីមូលហេតុឱ្យដឹងថា មុនដំបូង ខណៈប្រពន្ធនៅ ក្រោយផ្ទះ ស្រាប់តែ ជនសង្ស័យដែលគេមិនស្គាល់អត្ដសញ្ញាណ បានដើរចូលពីក្រោយផ្ទះ មកធ្វើសកម្មភាព ប្រតាយប្រតប់ ជាមួយស្ដ្រីជាប្រពន្ធ ហើយប្ដីដែលនៅក្នុងផ្ទះឃើញ ដូច្នេះក៏រត់ទៅជួយប្រពន្ធ ក៏ត្រូវបានជនសង្ស័យ កាប់ប្រហាររហូតដល់ទៅ ៩ កាំបិតដេកដួល នៅនឹងកន្លែងហើយអ្នកជិតខាងម្នាក់ទៀតឃើញ ក៏ស្ទុះ រត់ចូលទៅជួយ ក៏ត្រូវជនល្មើស កាប់ប្រហាររងរបួសផងដែរ ទើបជនល្មើសរត់គេចខ្លួនបាត់ទៅ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ជន សង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាម ច្បាប់ ៕