ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនគ្រោងនឹងចំណាយ ថវិការដ្ឋ សម្រាប់ឆ្នាំ ២០១៥ ចំនួន១៥ ៦៩៩ ៥២៩លានរៀល ។
ការគ្រោងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដែលមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព។
សេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅល្ងាចថ្ងៃទី២៤ ខែតុលានេះ បានឲ្យដឹងថា ការចំណាយថវិការដ្ឋសរុប ត្រូវបានគ្រោងចំនួន១៥ ៦៩៩ ៥២៩លានរៀល ស្មើនឹង២១,០៩% នៃផសស (ផលិតផលក្នុងស្រុកសរុប) និងមានកំណើន ១០,៨% ធៀបនឹងច្បាប់ស្តី ពីហិរញ្ញវត្ថុឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង១៧មាត្រា ក្នុងនោះមានការ ស្នើសុំវិសោធនកម្ម មាត្រា ៤៧ នៃច្បាប់ ស្តីពីសារពើពន្ធដើម្បីតម្លើង កម្រិតបៀវត្ស លើកលែងពន្ធ (អត្រាពន្ធ០%) ពី ៥០០ ០០០រៀល ទៅ ៨០០.០០០រៀល ។
ឆ្នាំ២០១៤ តាមការប៉ាន់ស្មានបឋម កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានរង្វង់៧% ក្នុងនោះ៖ ទី១- វិស័យឧស្សាហកម្មទទួលបាន កំណើនប្រមាណ៩,៦% ដោយសារការនាំ ចេញផលិតផល វាយនភ័ណ្ឌ មានកំណើនខ្ពស់ ហើយផ្នែកសំណង់មានការកើនឡើងគួឲ្យកត់សម្គាល់ , ទី២- វិស័យសេវា មាន កំណើន ៧,៥% ដោយការរួមចំណែក ពីកំណើនខាងផ្នែកពាណិជ្ជកម្ម ផ្នែកសណ្ឋាគារ និងភោជនីយ ដ្ឋាន ផ្នែកអចលនទ្រព្យ ផ្នែកធនាគារ និងភាពប្រសើរ ឡើងនៃប្រព័ន្ធឡូជីស្ទិក និងទី៣- វិស័យកសិកម្ម អាចសម្រេចបានកំណើន ២,៦% ដោយសារពិពិធកម្ម នៃការដាំដុះ និងការកើនឡើងនៃផលិតភាព ៕