ស្ទឹងត្រែង៖ ព្រៃឈើយ៉ាងក្រាស់ក្រែល នៅក្នុងតំបន់ឧទ្យានជាតិ វីរៈជ័យ ជាតំបន់អភិរក្ស ក៏ដូចជាព្រៃសហគមន៍ នៅស្រុកសៀមប៉ាង ត្រូវបានក្រុមឈ្មួញ មួយក្រុមនាំគ្នាដាក់ ពង្រាយកូនចៅ ដែលប្រដាប់ ដោយម៉ាស៊ីនអារឈើ ចូលទៅកាប់បំផ្លាញ ឈើប្រណិតដែលជាធនធាន សម្បត្តិធម្មជាតិ របស់រដ្ឋនៅក្នុងតំបន់ នោះយ៉ាងរង្គាល ដើម្បីកេងយកផល ប្រយោជន៍ផ្ទាល់ខ្លួន ។
ការកាប់បំផ្លាញឈើ នៅក្នុងព្រៃឧទ្យានជាតិវីរៈជ័យ និងព្រៃសហកមន៍អស់ទាំងនោះ ត្រូវបានប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង និយាយថា ក្រុមឈ្មួញបានដាក់ពង្រាយកូនចៅពាសពេញ ក្នុងព្រៃឧទ្យានជាតិវីរៈជ័យ ហើយធ្វើការ ដឹកជញ្ជូនតាមរយៈទូក និងគោយន្ត យកទៅផ្ញើរទុកតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួនពីរ គឺភូមិសាម៉ងនិងភូមិគីរីវង្សារ ឃុំសេកុង ស្រុកសៀមប៉ាង ។ ហើយឈើប្រណិតទាំងនេះ ត្រូវបានគេត្រៀម នឹងដឹកចេញទៅកាន់ស្រុកវ៉ឺនសៃ ខេត្តរតនៈគីរី និងបន្តទៅលក់នៅទីផ្សារគោលដៅ ។
ទាក់ទិនទៅនឹងការកាប់បំផ្លាញឈើប្រណិតខាងលើនេះត្រូវបានគេនិយាយ ទៀតថា ក្រោមការកាប់បំផ្លាញ និងដឹកជញ្ជូន គឺសមត្ថកិច្ចជំនាញមិនបានដឹងឮនោះទេ។ ជុំវិញរឿងនេះ សមត្ថកិច្ចជំនាញ ក៏ដូចជាអជ្ញាធរមូលដ្ឋាន ប្រចាំនៅក្នុងដែនសមត្ថកិច្ចនោះមិនអាចសុំការបំភ្លឺបានឡើយ ។
រាល់ការបាត់បង់ព្រៃឈើ នៅក្នុងឧទ្យានជាតិវីរៈជ័យ ជាតំបន់កន្ទុយនាគ និងព្រៃសហគមន៍ របស់បងប្អូន នៅក្នុងទឹកដី ស្រុកសៀមប៉ាង ដោយសារក្រុមឈ្មួញទាំងនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់គម្របព្រៃ ដែលជាជម្រកសត្វព្រៃ ក៏ដូចជាការទាក់ទាញទឹកភ្លៀងពី ផលអនុផលព្រៃឈើទាំងនោះ ហើយក៏អាចនិយាយបានថា គឺជាការបំផ្លាញ នូវសម្បត្តិធម្មជាតិរបស់រដ្ឋ ទាំងមូលផងដែរ ៕