-ក្រុមកម្មករ ស្តាប់ការណែនាំ ពីសមត្ថកិច្ច និងអាជ្ញាធរ ដោយមិនបិទផ្លូវ
ភ្នំពេញ ៖ ក្រោយពីអត់ធ្មត់ ប្រមូលផ្តុំការតវ៉ា នៅខាងមុខរោងចក្រ តាមរយះ ការចាក់ធុងបាស់ ដើម្បីធ្វើការស្វែងរក ដំណោះស្រាយ ពីភាគីរោងចក្រ អស់ រយះពេល មួយសប្តាហ៍នោះ ក្រុមកម្មករ កម្មការិនី នៃរោងចក្រ Grand Twin (អតីតរោងចក្រQMI) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដឹកនាំក្រុមសហជីព មួយចំនួន បានដង្ហែ ក្បួនចេញពីរោងចក្រ បំណងឆ្ពោះ ទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវះ ក្នុងគោលបំណងស្វែង រកការអន្តរាគមន៍ ប៉ុន្តែសម្រាប់ បំណងនេះ មិនទាន់ទទួលបាន ជោគជ័យនៅឡើយទេ ក្រោយពីត្រូវ កម្លាំងសមត្ថកិច្ច ទាំង នគរបាល និងអាវុធហត្ថ ព្រមទាំងអាជ្ញាធរ ជាច្រើននាក់ ធ្វើការ ទប់ ស្កាត់ ពីព្រោះតែការដង្ហែក្បួននេះ មិនមានច្បាប់ត្រឹមត្រូវ។
យ៉ាងណាក៏ដោយ សម្រាប់យុទ្ធនាការ ស្វែងរកដំណោះស្រាយ តាមរយះការ ដង្ហែក្បួន ខាង លើនេះ ក្រុមកម្មករ ជាច្រើនពាន់នាក់ បានគោរពនូវសិទ្ធិ របស់អ្នកទដៃ ដោយ ពួកគេ ទាំងអស់គ្នា មិនបានបិទផ្លូវជាតិ លេខ៤នោះឡើយ ពោលបាន បើក ផ្លូវទុកឲ្យដំណើរការ ចរាចរណ៍ជាធម្មតា តបតាមការ អំពាវនាវពីសំណាក់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ។
សូមបញ្ជាក់ថា ក្រុមកម្មករ-កម្មការរិនី នៃអតីតរោងចក្រ QMI ជិត៦ពាន់នាក់បាន នាំគ្នាធ្វើកូដកម្មអស់ រយៈពេល ៥ថ្ងៃមកហើយ ដើម្បីឲ្យថៅកែគិតប្រាក់ អតីតភាពការងារផ្សេងៗ ទៅតាម ច្បាប់ បន្ទាប់ពីរោងចក្រមួយនេះ បានប្តូរឈ្មោះអស់រយៈពេល៩ឆ្នាំ ។
លោក ពុធ សុវណ្ណ ប្រធានសហព័ន្ធ សហជីពដើម្បីកម្មករ បានមាន ប្រសាសន៍ ប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ថា ក្រុមកម្មករបាន ផ្ទុះកូដកម្ម តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍មកម្ល៉េះ ក្នុងគោល បំណង សំខាន់ ទាមទារប្រាក់ អតីតភាពការងារ និងលក្ខខណ្ឌ ការងារ មួយ ចំនួនទៀត។
លោកបន្តថា ចាប់តាំងពីថ្ងៃធ្វើកូដកម្ម រហូតមក ដល់ពេល នេះមាន ចំនួន៥ថ្ងៃ មកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយ ណាមួយ សមរម្យ សម្រាប់ឲ្យ ក្រុមកម្មករទទួលយក បាននៅឡើយទេ ។ លោក ពុធ សុវណ្ណ បានឲ្យដឹងទៀតថា រោងចក្រមួយនេះ មុនដំបូងឈ្មោះ QMI ប៉ុន្តែ ក្រោយមក បានដូរមកឈ្មោះ ហ្រ្គេនធ្វីន វិញ ប៉ុន្តែបន្ទាប់ពីបាន ដូរហើយ ភាគី រោងចក្រ បានគិតគូរប្រាក់ អតីតភាពការងារ ឲ្យកម្មករត្រឹមតែ ៣០ដុល្លារ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហេតុនេះបានជាក្រុមកម្មករ ជំរុញឲ្យ ថៅកែត្រូវទទួល ខុស ត្រូវលើបញ្ហា ទាំងអស់នេះវិញ។
សម្រាប់ការដង្ហែក្បួន កាលពីព្រឹក ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ របស់ក្រុមកម្មករ រាប់ពាន់នាក់ខាង លើនេះ អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ដែលដឹកនាំកម្លាំង នគរបាល ជាច្រើននាក់ រួមសហការ ជាមួយកម្លាំង អាវុធហត្ថ និងមន្រ្តី អាជ្ញាធរ នោះ បានថ្លែងថា ក្រុមកម្មករ បានស្តាប់ការ ណែនាំ មិនបិទផ្លូវ នាំឲ្យ ប៉ះពាល់ដល់ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទូទៅ ជាលទ្ធផល ក្រុមកម្មករ និងមន្រ្តី សហជីព បានស្តាប់ និងយល់ព្រម តាមការអំពាវនាវ របស់លោក និង អាជ្ញាធរ ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ខ្ញុំបានដឹកនាំ កម្លាំង នគរបាល ចុះរៀបចំ សណ្តាប់ធ្នាប់ និងសម្រួល ចរាចរណ៍ ណែនាំកម្មករ កុំឲ្យតវ៉ា បិទផ្លូវដោយ ខុសច្បាប់ ពីព្រោះការបិទផ្លូវធ្វើឲ្យ ប៉ះពាល់ដល់ សិទ្ធិ ដល់អ្នកប្រើប្រាស់ ដងផ្លូវ ជាពិសេស អ្នកជំងឺដែលអាច សង្គ្រោះបាន ទាន់ ពេលវេលា បែរជាត្រូវបាត់បង់ជីវិត ដោយសារ ការស្ទះចរាចរណ៍ ទៅវិញ»។
លោកអធិការ បានបន្តទៀតថា ជាការឆ្លើយតបវិញ ក្រុមកម្មករ និងមន្រ្តី សហជីព បានបង្ហាញ ការទទួលយក ហើយយល់ព្រមធ្វើការជួបជុំ នៅម្ខាងផ្លូវ ដោយទុកឲ្យ ប្រជាពលរដ្ឋ អាចធ្វើដំណើរបាន មិនប៉ះពាល់នោះទេ ។
បើតាមលោក យឹម សារ៉ាន់ ក្រោយការដង្ហែក្បួន និងការពន្យល់អំពីច្បាប់ ទម្លាប់ ក្រុមកម្មករទាំងនោះ តាមរយះសហជីពរបស់ពួកគេ បាននាំគ្នា បំបែកជួរ និងត្រឡប់ទៅវិញ នៅព្រឹកថ្ងៃដដែលនោះ។ ជាមួយគ្នានេះ ក្រុម កម្មករ ជាច្រើននាក់ បានចោទប្រកាន់ ប្រធានសហជីព នៅរោងចក្រ ឈ្មោះ ម៉ម សុវណ្ណារ៉ា ថា បានទទួលលុយពី ភាគីរោងចក្រ ដែលជាហេតុ មិនជួយ ដោះស្រាយ បញ្ហាជូនក្រុមកម្មករ ហើយអ្នកដែលចេញមុខរត់ការបញ្ចប់ ការតវ៉ានោះ គឺឈ្មោះ ភួង រិទ្ធី ហៅតា០៥ ប្រធានគ្រប់គ្រង រដ្ឋបាលទូទៅ នៅ រោងចក្រមួយនេះ ។
ប្រភព័ត៌មាន ពីកម្មករ បានលួច បង្ហើបឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការតវ៉ាខាងលើនេះ និងគ្មាន ដំណោះស្រាយ ក៏ព្រោះតែមានបុគ្គលម្នាក់ ឈ្មោះ ភួង រិទ្ធី ហៅតា០៥ ជាប្រធាន គ្រប់គ្រង រដ្ឋបាល នៅក្នុងរោងចក្រ បានស៊ីដាច់លុយកម្មករ រាប់ម៉ឺនដុល្លារ យកទៅ ធ្វើអ្នកមានមួយរំពេច ដូចជា ទិញរថយន្ត ស៊េរីទំនើប ជាច្រើនគ្រឿង និងទៅ ទិញដី និងផ្ទះជាច្រើន កន្លែងផងដែរ។ ប្រភព័ត៌មាន បានបន្តទៀតថា បុគ្គល ភួង រិទ្ធី ហៅតា០៥ ជាមនុស្សមាន អំណាចយ៉ាងខ្លាំង នៅក្នុងរោងចក្រ ហើយនៅពេលដែល ក្រុមសហជីព និងតំណាង កម្មករ មួយចំនួន ផ្តិត មេដាយពីក្រុមកម្មករ ដើម្បីធ្វើការ តវ៉ានោះ ស្រាប់តែបុគ្គលរូបនេះ បាន លួចហៅ ប្រធានសហជីព និងតំណាង កម្មករទាំងនោះ ទៅជួប និងឲ្យលុយ ជាថ្នូរបញ្ចប់ការតវ៉ា ។
ក្រុមកម្មករ ដាក់ការសង្ស័យថា តាមពិតថៅកែចិន ដែលម្ចាស់រោងចក្រ បានផ្តល់លុយ អតីតភាពការងារ រួចហើយ ដល់កម្មករ ដែលធ្វើការយូរឆ្នាំ នៅពេលប្តូរ ឈ្មោះ រោងចក្រ តែលោក ភួង រិទ្ធី បានយក លុយទាំងនេះ ស៊ីដាច់តែម្នាក់ មិនផ្តល់ ជូនកម្មករ ។
សម្រាប់ការតវ៉ា ក្នុងរយះពេលជិត មួយសប្តាហ៍ខាងលើនេះ ក្រុមកម្មករ ជាង១០០០នាក់ ក្នុងចំណោមកម្មករ ជាង៥០០០នាក់នោះ បាននាំគ្នាចាក់មេក្រូ និងធុងបាស់ ពីខាងក្រៅ រោងចក្រ ស្រាប់តែ លោក ភួង រិទ្ធីបានចាក់មេក្រូ ពីខាង ក្នុងរោងចក្រ ដើម្បីប្រឆាំង នឹងក្រុមកម្មករ ។ កម្មករបាននិយាយទៀត បុគ្គល ភួង រិទ្ធី បានគំរាម មិនបើកប្រាក់ខែ ជូនកម្មករទាំងឡាយណា ដែលចូលរួមធ្វើកូដកម្ម មិនចូល ធ្វើការទៀតផង។
ក្រុមកម្មករ បានអំពាវនាវ ដល់ថៅកែ ជនជាតិចិន និងថ្នាក់ដឹកនាំ ក្រសួងការងារ ជួយស្រាវជ្រាវ ករណីពុករលួយ នៅក្នុងរោងចក្រមួយនេះ ដែលប្រព្រឹត្តឡើង ដោយបុគ្គល ភួង រិទ្ធី ហើយអាចបញ្ឈប់ បុគ្គលរូបនេះតែម្តងទៅ ទើបមានដំណោះស្រាយ ហើយកម្មករ អាចទទួល យកបាន៕
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ពន្យល់ដល់ក្រុមកម្មករ តវ៉ាកុំបិទផ្លូវបិទ នាំឲ្យខុសច្បាប់ និងប៉ះពាល់សិទ្ធិអ្នកដទៃ