ភ្នំពេញ ៖ ជាយុទ្ធនាការចូលរួម លើកកម្ពស់ សោភ័ណភាពទីក្រុង និង រក្សាបរិស្ថាន ឲ្យស្រស់បំព្រង នៅក្នុងរាជធានីភ្នំពេញ ជាពិសេស ខណ្ឌ ដូនពេញ ដែលជាទីកន្លែង ទស្សនាពីសំណាក់ ភ្ញៀវទេសចរជាតិ អន្តរជាតិនោះ ក្រុមប្រជាការពារ ខណ្ឌដូនពេញ បានរួមសហការជាមួយ ព្រះសង្ឃ វត្តឧណ្ណាលោម បានចុះរើសសំរាម នៅតាមសួនច្បារមាត់ទន្លេ និងមុខ ព្រះបរមរាជវាំង នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។
មន្រ្តីសាលា ខណ្ឌដូនពេញ បានថ្លែងឲ្យដឹងថា ដើម្បីលើកកម្ពស់ សោភ័ណភាព នៅតាម មាត់ទន្លេ និងដើម្បី រក្សាបាននូវខ្យល់ បរិសុទ្ធនោះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានណែនាំ ក្រុមប្រជាការពារ រួមសហការជាមួយ ព្រះសង្ឃ នៅវត្តឧណ្ណាលោម ចុះរើសសំរាម និងកាសសំណល់ផ្សេងៗ ដែលត្រូវ បានប្រជាពលរដ្ឋ មួយចំនួន បោះចោលនៅទីនោះ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ មួយចំនួនតូច ដែលមកទស្សនា នៅតាមសួនមាត់ទន្លេ និងសួន មុខព្រះបរមរាជវាំង នៅក្នុងទឹកដី ខណ្ឌដូនពេញនោះ បានចោលសំរាម និងកាក សំណល់ ក្រោយបរិភោគ ទៅលើសួនច្បារ ដោយមិនបាន គិតពិចារណា នាំឲ្យមានភាពកខ្វក់ និងធុំក្លិនស្អុយដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ផ្សេងទៀត។
ដោយមើលឃើញនូវបញ្ហាទាំងនេះ និងដើម្បីលើក កម្ពស់វិស័យបរិស្ថាន កាន់តែល្អប្រសើរ ដើម្បីជាការ ទាក់ទាញនោះ អភិបាលខណ្ឌដូនពេញ តែងតែណែនាំ ដល់ក្រុមប្រជាការពារ កម្លាំងសណ្តាប់ធ្នាប់ និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះជាប្រចាំរើសសំរាម និងសំអាតច្រាំងទន្លេ ។
លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យ មន្រ្តីសាលាខណ្ឌ និងថ្នាក់ដឹកនាំសង្កាត់ ត្រូវចុះជាប្រចាំស្តារ ប្រព័ន្ធលូរ និងកាយកាកសំណល់ពីក្នុងលូរ ដើម្បីកាត់បន្ថយ ទឹកជន់លិច នៅពេលមាន ភ្លៀងធ្លាក់ម្តងៗ៕