កំពង់ធំៈ លោក សុខ លូ អភិបាលនៃ គណៈអភិបាល ខេត្តកំពង់ធំ និងសហការី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ បានអញ្ជើញជា អធិបតីក្នុងពិធីបញ្ចុះ បឋមសិលាសាងសង់ អនុវិទ្យាល័យម្សាក្រង ស្ថិតក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក នាយកសាលាអនុវិទ្យាល័យម្សាក្រង បានធ្វើរបាយការណ៏ គូសបញ្ជាក់ថា អនុវិទ្យាល័យម្សាក្រង មានសាលាបឋមសិក្សាចំណុះ ០៦គឺ បឋមសិក្សា សំប៉ាន ជីមាស ស្ពឺ ព្រែកជីក អូរចក និងបឋមសិក្សាប្រគាប ដែល ស្ថិតក្នុងភូមិ ចំនួន១១ ក្នុងឃុំម្សាក្រង ។ ចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ រហូតដល់បច្ចុប្បន្ន អនុវិទ្យាល័យ ម្សាក្រង មានអគារតែ ០១ខ្នងស្មើ៥ បន្ទប់ប៉ុណ្ណោះ អគារសិក្សាមានស្រាប់នេះពុំទាន់ឆ្លើយតប ចំពោះតម្រូវការ របស់សាលា ឡើយ មានពេលខ្លះសាលា ធ្វើជារោងដោលបន្ថែមទៀត ម្យ៉ាងទីតាំងសាលាមានភាពតូចចង្អៀត។
ដោយមើលឃើញពីការលំបាករបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអាជ្ញាធរ ឃុំ ស្រុក និងអ្នកពាក់ព័ន្ធ សហគមន៏ សប្បុរសជន ក៏ចាប់ផ្តើមទិញដីមួយកន្លែង ដោយប្រើប្រាស់ថវិកាឃុំ មានបណ្តោយ ១០០ម៉ែត្រ ទទឹង១០០ម៉ែត្រ អស់ទឹកប្រាក់ ៨ពាន់ដុល្លារ បន្ទាប់មកក៏បានទទួលអំណោយ លោកជា ចាន់តូ និងលោជំទាវ ពង្រីកផ្លូវបន្ថែម លើផ្លូវចាស់ និងធ្វើខ្លោងទ្វារសាលានៅទីតាំងថ្មីនេះ។ ដោយបានការគាំទ្រពីសហគមន៏ សាលាបានទំនាក់ទំនងជាមួយ លោក ហ្វីលីព ប្រាំងដែលជាតំណាង របស់សមាគមន៍កុមារ ស្រុកស្រែ ប្រទេសបារាំង ជាអ្នកគ្របគ្រង រកថវិការ រហូតបានសម្រេចនាពេលនេះ ។
មានប្រសាសន៏សំណេះសំណាលក្នុងឱកាសនោះ លោក សុខលូ បានថ្លែងការកោតសរសើរ ចំពោះសហការីនៃសមាគមន៏ កុមារស្រុកស្រែ របស់ប្រទេសបារាំង ដែលបានផ្តល់ជា អំណោយអគារសិក្សានៃសាលាអនុវិទ្យាល័យម្សាក្រងនៅពេលនេះ។
ទាំងនេះសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មបំផុតរវាងសមាគមន៏កុមារស្រុកស្រែ របស់ប្រទេសបារាំងក្នុងការ អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យអប់រំ។ លោកក៏បានអំពាវ ដល់ប្រជាពលដែលមានកូន ចៅដែលគ្រប់អាយុចូលរៀន ត្រូវមកចូលរៀនអោយបានគ្រប់ៗគ្នា៕