ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ កាលពីឆ្នាំ២០០៨ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ តាមចាប់ខ្លួន នៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នេះ រួចប្រគល់ទៅឲ្យ នគរបាលខេត្តកណ្តាល ដើម្បីបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រតិបត្តិការ ចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង តាមដីកា បញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រម សាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។
មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យខាងលើនេះ មានឈ្មោះ តុន ប៊ី អាយុ២២ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ជាមួយបក្ខពួក មួយចំនួនទៀត ។
មន្រ្តីនគរបាល ខណ្ឌច្បារអំពៅ បានបន្តទៀតថា តបតាមដីកាបញ្ជាឲ្យចាប់ ខ្លួនរបស់ចៅក្រម ខេត្តកណ្តាល រួចមក និងមានការ សុំជំនួយពី នគរបាល ខេត្តកណ្តាលនោះ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខណ្ឌ បានសុំបទ បញ្ជាពី សំណាក់លោកស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង នគរបាល ហើយក៏ឈានទៅដល់ ការចាប់ខ្លួន ជននេះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ បញ្ជូនទៅឲ្យ នគរបាលខេត្តកណ្តាល ចាត់ការបន្តទៀត តាមផ្លូវច្បាប់៕