Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កិច្ចសម្ភាស៍ រវាងអ្នកតំណាង សហគមន៍ និស្សិតច្បាប់ ជាមួយ និងលោក សាន រិច្ឆឺ

$
0
0

ភ្នំពេញ ៖ នៅក្នុងករណី ចោទប្រកាន់ ពីបទឆបោកទឹកប្រាក់ ចំនួនមួយ លានដុល្លារ សហរដ្ឋអាមេរិក ដែលល្បីរន្ទឺពាសពេញពិភពលោក តាមរយៈ បណ្ដាញ សារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ស្ដីអំពីរការ ចោទប្រកាន់នេះ។ ដើម្បីពិនិត្យ តាមដានអំពីដំណើរការក្ដីនេះ យើងខ្ញុំមានកិត្តិយស គោរពជម្រាប ជូនសាធារណៈជន នូវកម្រង កិច្ចសម្ភាស៍ ផ្ទាល់ អាស្រ័យដោយ ជនសង្ស័យ ចាត់ទុកជាជនពុំទាន់មានទោស ត្រូវតែទទួលបាន នូវសិទ្ធសេរីភាព និងផលប្រយោជន៍ ពេញលេញពីតុលាការ តាមរយៈនីតិវិធី ក៏ដូចជាការវិនិច្ឆ័យក្ដី ប្រកបដោយគតិច្បាប់។

១.ជាដំបូងខ្ញុំបាទ សុំសួរទៅលោក សាន រិច្ឆឺ ថាតើ អ្នកស្រី អេង លីគង់ ជួប និងលោកលើកទីមួយ ដោយវិធីណា?

បាទគឺអ្នកស្រី ម៉ែន កុលវត្តី បាន ណាត់ និងនាំអ្នកស្រី អេង លីគង់ មកជួបរូបខ្ញុំផ្ទាល់ រួមជាមួយនិងលោក Thomas Willems

២. តើអ្នកស្រីទាំងពីរបានមកជួបលោកទាំងពីរ ក្នុងគោលបំណងអ្វីដែរ?

គោលបំណងដែលអ្នកស្រី ម៉ែន កុលវត្តី បាននាំអ្នកស្រី អេង លីគង់ មកជួបយើងខ្ញុំ គឺដើម្បីសុំចូលរួម បណ្តាក់ទុន ជាមួយនិងក្រុមហ៊ុនអាក្រា (Akra Agriculture Partners Inc) ដោយអ្នកស្រីចង់ក្លាយ ជាសមាជិកក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន(១) និងបន្ថែមទៀត គឺចង់ឲ្យក្រុមហ៊ុន ធ្វើបែបបទធានាយក គ្រួសារអ្នកស្រីទាំងមូល ទៅរស់នៅ សហរដ្ឋអាមេរិក ដោយស្របច្បាប់ ។ បន្ទាប់មកអ្នកស្រី អេង លីគង់ ជាមួយ និងអ្នកស្រី ម៉ែន កុលវត្តី មកសុំជួបខ្ញុំ និងលោកThomas Willems ជាញឹកញាប់ ដើម្បីសម្រេចគោលបំនង នៃទិសដៅរបស់អ្នកស្រី ទាំងការចូលរួម ធ្វើពាណិជ្ជកម្ម ក៏ដូចជា អន្តោប្រវេស្ត៍ ស្របច្បាប់ចូល ទៅរស់នៅក្នុងសហរដ្ឋអាមេរិក ។

៣.តើក្រុមហ៊ុនរបស់លោក ឬ រូបលោកផ្ទាល់បាន ផ្តល់ព័ត៌មានអ្វីខ្លះទៅដល់អ្នកស្រី អេង លីគង់ ?

ក្រុមហ៊ុន អាក្រាបានសុំឲ្យអ្នកស្រី ធ្វើការពិចារណាឲ្យបានច្បាស់លាស់ មុននឹងអ្នកស្រី សំរេចចុះហត្ថលេខា លើសេចក្តីព្រមព្រៀង ដាក់ហ៊ុន ជាមួយក្រុមហ៊ុនអាក្រា។ អ្នកស្រីក៏បាននាំមេធាវីពីរនាក់ ដើម្បីប្រឹក្សាផ្តល់មតិច្បាប់ ពាណិជ្ជកម្ម ការពារផលប្រយោជន៍របស់អ្នកស្រី ក្នុងការដាក់ហ៊ុន នៅក្នុងនោះដែរ គឺមានម្នាក់ជាមេធាវីរបស់ អ្នកស្រី អេង លីគង់ គឺមេធាវី អ៊ន ហ៊ីង បានចូលរួម ដើម្បីជួយត្រួតពិនិត្យ និងជាសាក្សី ការពារអ្នកស្រី ផ្នែកផ្លូវច្បាប់ និងប្រថាប់ត្រា លើកិច្ចព្រមព្រៀង នៃកិច្ចឯកភាព ដាក់ហ៊ុន ដែលបានចុះហត្ថលេខាផ្ទាល់ដោយអ្នកស្រី អេង លីគង់ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១២នៅសណ្ឋាគារ Almond Hotel ក្នុងរាជធានីភ្នំពេញ។

៤. បន្ទាប់ពីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួច តើមានសកម្មភាពអ្វីបន្តទៀត?

បន្ទាប់ពីចុះហត្ថលេខារួច, អ្នកស្រីអេង លីគង់បានស្នើសុំជួបលោក ស៊ីវ ស៊ីចាន់, ជាប្រធានក្រុមហ៊ុន នៅសហរដ្ឋអាមេរិក ដើម្បីសុំឲ្យក្រុមហ៊ុន អាក្រាចាប់ផ្តើមធ្វើសំនុំបែបបទ បំពេញលក្ខខណ្ឌ ក្រុមហ៊ុន ដែលអ្នកស្រី អេង លីគង់ ក្លាយទៅជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន ក៏ដូចជា ដើម្បីផលប្រយោជន៍ផ្ទាល់ របស់គ្រួសារអ្នកស្រីទាំងមូល ឆាប់បានក្រដាស់ស្នាម ទៅរស់នៅសហរដ្ឋអាមេរិក។

៥.   តើលោក សាន រិច្ឆឺ ផ្ទាល់មានតួនាទី និង កាតព្វកិច្ចយ៉ាងណាខ្លះនៅក្នុងកិច្ចការនេះ?

ក្នុងនាមខ្ញុំបាទជាបុគ្គលិក ដែលមានមុខងារជា អនុប្រធាន នៃការិយាល័យមួយ របស់ក្រុមហ៊ុន ទទួលបន្ទុកការងាប្រតិបត្តិ នៅក្នុងគំរោង របស់ក្រុមហ៊ុន ក៏ទទួលបានបញ្ជាពីចៅហ្វាយផ្ទាល់ របស់ខ្ញុំ គឺមានលោក Thomas Willems, William No Jay និងលោក ស៊ីវ ស៊ីចាន់ ឲ្យខ្ញុំផ្តល់ ព៌ត័មាន និងកិច្ចការ ដែលអ្នកស្រី អេង លីគង់ ជាអនាគតចៅហ្វាយរបស់ខ្ញុំ ត្រូវអនុវត្តបំពេញ តាមលក្ខខណ្ឌដូចដែលបានចែង និងឯកភាពគ្នា ក្នុងកិច្ចព្រមព្រៀង ជាលាយល័ក្ខអក្សរ ដែលចុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ ។ គឺបន្ទាប់ពីពេលចុះហត្ថលេខា ជាផ្លូវការនោះមក ខ្ញុំត្រូវបាន លោក Thomas Willems ដាក់ភារៈកិច្ចបន្ថែមគឺ ជាអ្នកទទួល បន្ទុកសំរបសំរួល និងទំនាក់ទំនងការងារផ្ទាល់ ជាមួយអ្នកស្រី អេង លីគង់ តាមរយៈ ទូរស័ព្ទ, អ៊ីម៉ែល, Skype ជាដើម។ ជារៀងរហូតមក គឺការងាររបស់ខ្ញុំសួរ និងឆ្លើយផ្តល់ព៌តមាន រវាងក្រុមហ៊ុន និងអ្នកស្រី អេង លីគង់  ពីគ្នាទៅវិញទៅមកតាមក្របខ័ណ្ឌរដ្ឋបាល ក្នុងការអនុវត្តតាមលក្ខន្តិកៈ និងសេចក្តីព្រមព្រៀងជាផ្លូវការ។

៦.តើអ្នកស្រីអេង លីគង់ និងក្រុមហ៊ុនអាក្រា មានទំនាក់ទំនងយ៉ាងដូចម្តេចដែរ?

មុនពេលខ្ញុំចាកចេញពីក្រុមហ៊ុន ខ្ញុំសង្កេតឃើញអ្នកស្រីអេង លីគង់ ទៅជួបការងារ ជាមួយលោក Thomas Willems នៅការិយាល័យក្រុមហ៊ុន ដែលមានទីតាំងនៅទីក្រុងភ្នំពេញជាញឹកញាប់។

៧.តើលោកបានលាឈប់ បម្រើការងារ នៅក្រុមហ៊ុន អាក្រានៅពេលណា? តើមូលហេតុអ្វីបានជាលោកឈប់?

បាទគឺខ្ញុំបានឈប់ធ្វើការបំរើក្រុមហ៊ុន តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារតែក្រុមហ៊ុន ជារឿយៗ មានការយឺតយ៉ាវ ក្នុងការបើកប្រាក់បៀរវត្ស ឲ្យរូបខ្ញុំបាទ និងមិនសងប្រាក់បំណុល ដែលក្រុមហ៊ុន បានជំពាក់ខ្ញុំ។ ការឈប់របស់ខ្ញុំ ក៏បានដឹងលឺ និងឯកភាព ពីក្រុមប្រឹក្សាភិបាលទាំងមូល ដែលអង្គប្រជុំក្រុមប្រឹក្សា ធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ក្នុងអង្គប្រជុំនោះ ក៏មានវត្តមាន នៃការចូលរួមពីអ្នកស្រី អេង លីគង់ ជាសមាជិកក្រុមប្រឹក្សាភិបាល, លោកWilliam Nojay ជាសមាជិក ក្រុមប្រឹក្សាភិបាល, លោកThomas Willems ជាសមាជិក ក្រុមប្រឹក្សាភិបាល និង James Nester ជាសមាជិក ក្រុមប្រឹក្សាភិបាល, ដោយឡែក អ្នកស្រី ម៉ែន កុលវត្តី ជាតំណាង និងសហគាវិករបស់អ្នកស្រី អេង លីគង់ក៏មានវត្តមាន ក្នុងអង្គប្រជុំនោះផងដែរ (proxy)។ សូមជម្រាបថា អ្នកស្រី ម៉ែន កុលវត្តី បានចូលរួមយ៉ាងសកម្ម និងជាមេគំនិតណែនាំអ្នកស្រី អេង លីគង់ ឲ្យចូលរួមក្នុងកិច្ចប្រតិបត្តិការ ពាណិជ្ជកម្មនេះ រាប់ទាំងណែនាំ ជាលើកដំបូង រហូតដល់រួមការងារ យ៉ាងសកម្មជាមួយអ្នកស្រី អេង លីគង់ ទាំងការងារក្រៅ និងការងារសំរេច របស់ក្រុមប្រឹក្សាភិបាលផងដែរ។ អ្នកស្រី អេង លីគង់ បានផ្តល់ភាគហ៊ុន ២០% នៃភាគហ៊ុនរបស់អ្នកស្រី អេង លីគង់ ឆ្លើយតប និងការប្រឹងប្រែង របស់អ្នកស្រី ម៉ែន កុលវត្តី ក្នុងកិច្ចទំនាក់ទំនង និងការធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនអាក្រា។

៨.តើលោក សាន រិច្ឆឺ ទទួលបានប្រាក់ មួយលានដុល្លាសហរដ្ឋអាមេរិក ពី  អ្នកស្រី អេង លីគង់មែនដែរឬទេ?

ខ្ញុំបាទសូមធ្វើការបំភ្លឺថា រាល់ការចោទប្រកាន់ របស់អ្នកស្រី អេង លីគង់ មកលើខ្ញុំបាទ គឺសុទ្ធតែជារឿងប្រឌិត និងការទំលាក់កំហុស ដោយអសុទ្ធចិត្តមកលើខ្ញុំបាទ នោះមិនគិតទាំងព៌ត័មាន បំភ្លើសលាបពណ៌ និងបង្អាប់បង្អោន កិត្តិយស ដល់រូបខ្ញុំបាទជាសាធារណៈនៅក្នុង ទិដ្ឋភាពប៉ះពាល់ជាបុគ្គល ក៏ដូចជាមន្រ្តីរាជការ ផងដែរ ។ តាមការជាក់ស្តែង លោក លឹម ស្រូយ ដែលគេស្គាល់ថាជាស្វាមីរបស់ អ្នកស្រី អេង លីគង់ បានវេរសាច់ប្រាក់សរុបទាំងអស់មួយលានដុល្លាសហរដ្ឋអាមេរិក នោះផ្ទាល់ ទៅក្នុងគណនីរបស់ក្រុមហ៊ុន អាក្រានៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុន រួមរបស់អ្នកស្រី។ ហើយអ្នកស្រី អេង លីគង់ បានយល់ និងមានជំនឿថា ទទួលបាននូវផលប្រយោជន៍ពីក្រុមហ៊ុន ទាំងប្រាក់ចំណេញ ក៏ដូចជាទទួលបានសិទ្ធិ ក្លាយជាប្រជាពលរដ្ឋអាមេរិកកាំង។ រូបខ្ញុំបាទ សាន រិច្ឆឺ គ្មានភាគហ៊ុននៃចំណែកណាមួយ រឺមានអំណាចនៃការសំរេចណាមួយនោះទេ ក្រៅពីអនុវត្តតាមបញ្ជា នៃការងាររដ្ឋបាល របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនអាក្រាមានឈ្មោះ ម្ចាស់ភាគហ៊ុនជាផ្លូវការ មានតែបីនាក់ប៉ុណ្ណោះ រួមមាន លោក ស៊ីវ ស៊ីចាន់, លោក William No Jay និងលោក Thomas Willems ដែលគ្មានឈ្មោះខ្ញុំបាទទាល់តែសោះ។ ខ្ញុំបាទក៏ពុំបានទទួលសាលាកប័ត្រហ៊ុន (Sharing Certificate) ណាមួយ ជាផ្លូវការនោះទេ។

៩.នៅក្នុងសមរភូមិក្ដី តាមរយៈតុលាការ រាជធានីភ្នំពេញ រវាងលោក និង អ្នកស្រី អេង លីគង់ តើលោកមានអារម្មណ៍ ឬ សម្ពាធបែបណាចំពោះបណ្ដាញសារព័ត៌មាន ភ្នំពេញប៉ុស្ត៍ ដែលសាធារណៈជន យល់ដឹងថា អ្នកស្រី អេង លីគង់ បានចំណាយ រហូតដល់ទៅ ម្ភៃម៉ឺនដុល្លារ នៅក្នុងករណីតាមចាប់លោកដាក់ នៅក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្ន និងរង់ចាំកាត់ក្ដី ពីបទឆបោកនោះ?

ជាបទពិសោធន៍របស់ខ្ញុំ នៅក្នុងរឿងរ៉ាវរបស់ខ្ញុំនេះ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាមេធាវីរបស់ខ្ញុំ មានសេចក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះនីតិវិធីដែលអនុវត្តមកលើរូបខ្ញុំ។ សាធារណៈជនលោក បានទទួលបានព័ត៌មានផ្ទាល់ពីបណ្ដាញវិទ្យុអាស៊ីសេរីរួចស្រេចហើយថា អ្នកស្រី អេង លីគង់ មិនខ្លាយចំណាយលុយ ទោះបីមានទំហំធំធេងប៉ុណ្ណាទេក្នុងការស្វែងរកយុត្តិធម៌។

អ្នកស្រី អេង លីគង់ អោយតម្លៃយុត្តិធម៌ទៅលើសាច់ប្រាក់ ក៏ប៉ុន្តែខ្ញុំពុំមានសាច់ប្រាក់សន្ធឹកសន្ធាប់សម្រាប់ទិញដូរយុត្តិធម៌ដូចជាអ្នកស្រី អេង លីគង់ នោះទេ គឺខ្ញុំមានតែភាពសុច្ចរិត សេចក្ដីថ្លៃថ្នូរ និងសមត្ថភាពសុច្ចរិតរបស់ចៅក្រម ដែលលោកអាចផ្ដល់ដល់ខ្ញុំនូវអ្វីដែលយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរចង់បាន និង រំពឹងទុកនោះគឺការស្មើរភាពគ្នាចំពោះមុខច្បាប់ និង ភាពសុច្ចរិតដែលប្រជាជាតិខ្មែរ ឬមនុស្សជាតិអោយតម្លៃដល់ស្ថាប័ននេះ។

១០.តើលោក សាន រិច្ឆឺ ចំណាយពេលប៉ុន្មានថ្ងៃ និងទទួលបានបទពិសោធម៌អ្វីខ្លះនៅក្នុងពន្ធធានាគា របស់នគរបាលយុត្តធម៌(P.J) ?

ជាការចាប់ផ្ដើមខ្ញុំសូមអរគុណដល់អ្នកមានគុណទាំងអស់ ដែលបានផ្តល់យុត្តិធម៌អោយខ្ញុំ ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នក្នុងការតទល់ ជាមួយអ្នកស្រី អេង លីគង់ ដែលជាជនដើមចោទ។ អស់រយៈពេល៤៣ថ្ងៃ ដែលខ្ញុំបានចំណាយពេលទទួលនូវភាពអយុត្តិធម៌ ដែលនេះអាចហៅបានថា គឺជាសុបិន្តដ៏សែនអាក្រក់នៅក្នុងជីវិតរបស់ខ្ញុំ បន្ទាប់ពីការរស់នៅក្នុងគុកឥតជញ្ជាំងរបស់បនប៉ុលពត ។ អ្វីដែលដែលជាពិសោធម៌របស់ខ្ញុំនោះ ខ្ញុំយល់ឃើញថាមនុស្សមួយចំនួននៅក្នុងមន្ទីឃុំឃាំង គេមិនមែនជាមនុស្សអាក្រក់ទាំងអស់នោះទេ ខ្ញុំសង្ឃឹមថាគេនឹងជួបសំណាងល្អដូចមនុស្សដ៏ទៃ នៅពេលដែលមេធាវីដ៏ប៉ិនប្រសព្វ និងមានសមត្ថភាពតតាំងដើម្បី ផលប្រយោជន៍នៃការពិតរបស់គេ ព្រមជាមួយនិងលោកចៅក្រមប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ មានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចធានា និងការពារយុត្តិធម៌ ដើម្បីតម្លៃមនុស្សជាតិ និងសង្គមថ្លៃថ្នូរបស់កម្ពុជា។

១១.ខ្ញុំទទួលបានព័ត៌មានថាលោក សាន រិច្ឆឺ បាននៅក្រៅឃុំបណ្ដោះអាសន្នតាមរយៈ ដីកាសម្រេចដាក់ជនត្រូវចោទ អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តើលោកមាន អារម្មណ៍បែបណាដែរ ក្រៅពីឱកាសដែលនៅក្រៅឃុំបណ្ដោះអាសន្ននេះ?

ក្រៅពីការអប់អរ និងសេចក្ដីអំណរគុណ ខ្ញុំមានចម្ងល់នៃចំណុច(ង)នៃដីកាសម្រេចនេះ ដែលតម្រូវអោយខ្ញុំដាក់ប្រាក់តម្កល់ធានាខ្លួន ឬសំណង ចំនួនមួយលានដុល្លាសហរដ្ឋអាមេរិក មិនអោយហួសថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ។ ខ្ញុំឆ្ងល់ថាចៅក្រម ឬ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ មានបំណងឬ ចង់ផ្ញើសារអោយខ្ញុំ រកប្រាក់ក្នុងរយៈពេលហុកសិបថ្ងៃនៅក្រៅឃុំនេះ អោយបានមួយលានដុល្លាសហរដ្ឋអាមេរិក ដើម្បីតម្កល់ធានាខ្លួន ឬសងបំណុលគឺជារឿងមួយហួសចិត្ត និយាយមិនរួច ឬមួយអោយខ្ញុំនៅក្រៅឃុំបណ្ដោះអាសន្ននេះ មានឱកាសនិងសេរីភាព តតាំងតាមផ្លូវច្បាប់ ការពារផលប្រយោជន៍ ដ៏ត្រឹមត្រូវរបស់ខ្ញុំ ពីការចោទប្រកាន់ និងការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលគ្មានមូលដ្ឋាននៃធាតុផ្សំ របស់ពិរុទ្ធនេះ ។ ចំណុចទីមួយ នៃការទាមទារនេះគឺហួសពីសមត្ថភាពរបស់ខ្ញុំ កុំថាឡើយរយៈពេលហុកសិបថ្ងៃ ក្នុងមួយជីវិតរបស់ខ្ញុំក៏ខ្ញុំគ្មានលទ្ធភាព និងសមត្ថភាពរកពុំបានឡើយ ចំណុចទីពីរ ហាក់បីដូចករណីរបស់ខ្ញុំនេះ ត្រូវបានវិនិច្ឆ័យដោយតុលាការ រកឃើញថាខ្ញុំមានកំហុសរួចជាស្រេចទៅហើយ និងដូចជា ពិដប្រាកដប្រឆាំង និងអ្វីដែលជាអង្គសេចក្ដី កំពុងដំណើរការស៊ើបអង្គេត និងតទល់រវាងខ្ញុំ និងអ្នកស្រី អេង លីគង់ ។ ខ្ញុំពុំយល់ទាល់តែសោះ ចំពោះសាច់រឿងនេះហាក់ជាការបង្គាប់ខ្ញុំ អោយសងប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក ទៅដើមបណ្ដឹងដោយមិនចាំបាច់ធ្វើការវិច្ឆ័យ តែម្តង។

១២.តើមិត្តភ័ក្រ្ត ឬអ្នកស្គាល់លោក សាន រិច្ឆឺ មានការភ្ញាក់ផ្អើលយ៉ាងដូចម្ដេចខ្លះ ចំពោះហេតុការណ៍ នៃបណ្ដឹង និងការចាប់ខ្លួនរបស់លោក ដែលលោកជាមនុស្សមានមុខ មានមាត់នៅក្នុងសហគមន៍ខ្មែរនិងអាមេរិកកាំង ?

អរគុណចំពោះសំនួរនេះ មុននិងឆ្លើយតទៅទៀតខ្ញុំសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះបណ្ដាមិត្តភ័ក្រ្ត ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅសហរដ្ឋអាមេរិក ដែលមិត្តភ័ក្ត្រ ព្រមទាំងអ្នកស្គាល់ខ្ញុំច្បាស់ បានសរសេរសំបុត្រមកលើកទឹកចិត្តខ្ញុំ និងស្នើរតាមរយៈ

ឯកឧត្តម ផៃ ស៊ីផាន ដែលលោកជាអគ្គលេខាសហគមន៍ខ្មែរ-អាមេរិកកាំង នៅកម្ពុជាជួយអន្តរាគមន៍ ផ្ញើលិខិតគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន  និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយអោយរូបខ្ញុំ ទទួលបានយុត្តិធម៌ពេញលេញ គឺអាស្រ័យដោយគេបានស្គាល់ខ្ញុំ និង ដឹងអំពីសាច់រឿននេះច្បាស់ ដែលគេទាំងអស់នោះ ជាសហគាវិកធ្វើការងារស្ម័គ្រចិត្តបម្រើសង្គម ដោយសុច្ចរិត ពុំត្រូវការកម្រៃ។ បន្ថែមពីលើឯកជនដែលជាបុគ្គល ខ្ញុំក៏ទទួលបានលិខិតគាំទ្រពីសមាគមន៍ យ៉ាងហោចណាស់ប្រាំបី អង្គការ ដូចជា

1.         Cambodia Town Inc.

2.         Cambodian-American Chamber of Commerce

3.         Long Beach-Phnom Penh Sister Cities

4.         United Cambodian Community

5.         Cambodian Health Professional of America

6.         Cambodian Student Society

7.         LA Sheriff’s Advisory Committee of Cambodian-American

8.         អ្នកតំណាងរាស្រ្តអាមេរិកកាំងមួយចំនួន ។

១៣. លោក សាន រិច្ឆឺ មិនមែនជាពាណិជ្ជករទេ លោកជាអ្នកចូលចិត្តនិងសកម្មភាពសង្គម តើលោកមានអារម្មណ៍យ៉ាងដូចម្តេចដែរចំពោះករណីបណ្ដឹងនេះ ?តម្លៃនៃប្រព័ន្ធតុលាការកម្ពុជា? តើលោកនិងវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញទេ បន្ទាប់ពីបញ្ចប់ការងារតុលាការនេះ?

 អរគុណចំពោះសំនួរដ៏មានសារៈសំខាន់នេះ ខ្ញុំពុំដែលបោះបង់នូវក្ដីសង្ឃឹម និងកាតព្វកិច្ចកូនខ្មែរ ដែលឆ្លើយតបទៅនិងមាតុប្រទេសរបស់ខ្ញុំ។ ខ្ញុំបានរៀនសូត្រពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកខេណ ណេឌីដែលលោកបានបន្សល់នូវពាក្យដ៏គួរអោយគោរពដែលថា៖ “សួរខ្លួនអ្នកថា តើអ្នកបានធ្វើអ្វីខ្លះ សម្រាប់ប្រទេសជាតិរបស់អ្នក”ទាំងនេះគឺជាកាតព្វកិច្ចរបស់ខ្ញុំ។ ខ្ញុំបានធ្វើ បានកសាងសហគមន៍របស់ខ្ញុំរួចហើយនៅសហរដ្ឋអាមេរិក ។ ខ្ញុំត្រូវតែសម្រេចចិត្តតបស្នងសងគុណវិញ សម្រាប់អ្នកដែលបានរំដោះខ្ញុំអោយមានជីវិតទីពីរនេះ ដែលជាពលីកម្មដ៏ធំធេង និងឧត្តុង្គឧត្តមរបស់ឥស្សរៈជន ដែលខ្ញុំពុំអាចបំភ្លេចបានក្នុងមួយជីវិតរបស់ខ្ញុំ។ ខ្ញុំត្រូវតែមានកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង ការពារមតុប្រទេសរបស់ខ្ញុំនេះ។ មាតុប្រទេសនេះល្អណាស់ខ្ញុំស្រលាញ់ណាស់ ខ្ញុំពុំដែលត្មេះតេះដៀលមួយម៉ាត់ណានោះឡើយ ខ្ញុំតែងតែនិយាយប្រាប់មិត្តភ័ក្រ្តខ្មែរក៏ដូចជាអាមេរិកាំង លើកទឹកចិត្តអោយគេចូលរួមសាមគ្គី កសាងមាតុប្រទេសនេះ។ ខ្ញុំយល់ឃើញថា បុគ្គលមួយចំនួនតូចទេដែលគេគ្មានសមត្ថភាព ស្មោះត្រង់និងកាតព្វកិច្ច ជាប្រជាពលរដ្ឋខ្មែររបស់គេ។ អ្នកស្រី អេង លីគង់ ដែលជាបុគ្គលដើមចោទ មានសមត្ថភាព មានលុយរាប់លានដុល្លា មានកិត្តិយស ដែលអាចកើបគេង យកផលពីមាតុប្រទេសនេះដោយជោគជ័យទោះឋិតនៅក្នុងទិដ្ឋភាពមួយណាក៏ដោយ អ្នកស្រីបានគិតខុសពីខ្ញុំ អ្នកស្រីចង់រត់គេចចេញពីប្រទេសដ៏ល្អនេះ ទៅរស់នៅសហរដ្ឋអាមេរិក។ ខ្ញុំយល់ថាបណ្ដឹងចោទប្រកាន់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត និងអយុត្តិធម៌នេះ រឹតតែធ្វើអោយខ្ញុំរឹងម៉ាំបន្ថែមទៀត ក្នុងការរស់នៅ ចូលរួមកសាង ការពារ មាតុប្រទេសរបស់ខ្ញុំ ដោយខ្ញុំយល់ឃើញថា ប្រទេសកម្ពុជានៅមានមនុស្សល្អ និងអ្នកដឹកនាំប្រកបដោយគុណធម៌ និងសីលធម៌ច្រើនណាស់ ដែលធ្វើអោយខ្ញុំមានឱកាសនៅក្រៅឃុំនេះ។ ហើយខ្ញុំជឿជាក់ថាតុលាការកម្ពុជា ក៏មានចៅក្រម ព្រះរាជអាជ្ញាប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ច្រើនណាស់ដែរ។ អ្នកទាំងអស់នោះច្បាស់ជាខិតខំព្យាយាម ធ្វើអោយស្ថាប័នតុលាការក្លាយជា ស្ថាប័នដ៏មានតម្លៃ នៃវិស្ស័យយុត្តិធម៌សម្រាប់ស្ថេរភាពសង្គម និងទទួលបានការគោរពពីប្រជាពលរដ្ឋខ្មែរទាំងអស់ នោះមិនគិតពីការខិតខំប្រឹងប្រែង ដោយគ្មាននឿយហត់ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចកំណែទម្រង់វិស័យយុត្តិធម៌ ក៏ដូចជាគណៈមេធាវីដែលលោកប្រឹងប្រែងការពារផលប្រយោជន៍ និងសេរីភាពជូនកូនក្ដីរបស់គេ។ ខ្ញុំពុំដែលបោះបង់សេចក្ដីសង្ឃឹមរបស់ខ្ញុំដែលថា ចៅក្រមគ្មានសមត្ថភាពចំពោះកាតព្វកិច្ចរបស់ខ្លួន មេធាវីរត់ការ និងព្រះរាជអាជ្ញាបំពាន ច្បាស់ជាត្រូវចាកចេញពីតុលាការនៃសង្គមខ្មែរដ៏បវរនៅថ្ងៃណាមួយមិនខាន។

១៤.លោក សាន រិច្ឆឺ តើលោកយល់យ៉ាងដូចម្ដេចដែរចំពោះករណីចោទប្រកាន់ ពីបទឆបោកនេះ ?

បាទវាជាសុបិន្តអាក្រក់បំផុត ព្រោះករណីនេះជាករណីព្រហ្មទណ្ឌ គួរតែពិចារណាឡើងវិញនូវការចោទប្រកាន់នេះ ត្បិតខ្ញុំបានឃើញមនុស្សជាប់ឃុំ នៅក្នុងមន្ទីឃុំឃាំង មួយចំនួនធំគឺរងគ្រោះដោយសារ ការចោទប្រកាន់ពីបទឆបោកដែលជាបទឧក្រិដ្ឋសម្រាប់ដាក់មនុស្សចូលក្នុងពន្ធនាគាដោយឥតប្រយោជន៍ ឬរំលោភ ក៏ប៉ុន្តែរឿងពិត គឺជារឿងវិវាទពាណិជ្ជកម្ម។ ក្នុងករណីនេះគឺអាចជះឥទ្ធិពលអាក្រក់ ជាពិសេសអ្នកបណ្ដាក់ទុនបរទេស ដែលធ្វើអោយគេមានអារម្មណ៏មិនល្អ ខ្លាចរអា ប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលខំលើកទឹកចិត្តនិងបង្កើត បរិយាកាសល្អសម្រាប់អ្នកទាំងអស់នោះ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។

១៥.លោក សាន រិច្ឆឺ តើលោកសង្ឃឹមថានិងឈ្នះក្ដីនេះដែរឬទេ?

បាទអរគុណដូចខ្ញុំបាននិយាយពីដើមស្រាប់ នៅក្នុងតុលាការកម្ពុជា នៅតែមានចៅក្រមល្អច្រើន មានព្រះរាជអាជ្ញាល្អ ក្នុងកិច្ចប្រឆាំងនិងអំពើរទុច្ចរិត អយុត្តិធម៌។ គេទាំងអស់នោះនិងប្រឹងប្រែងបន្សល់នូវស្នាដៃជាប្រវត្តសាស្រ្ត ដល់សង្គមខ្មែរ ត្បិតករណីបណ្ដឹងនីមួយៗមិនត្រឹមតែឈ្នះ ឬចាញ់ប៉ុណ្ណោះទេ ក៏ប៉ុន្តែឈ្មោះនិងហត្ថលេខារបស់គេ បានចារជាប្រវត្តិសាស្រ្ត និងតម្លៃសិក្សាផ្នែកច្បាប់ជាបន្តបន្ទាប់ ជាមួយការបង្ហាញគេជាអ្នកណានៅក្នុងសង្គមខ្មែរ ឬអន្តរជាតិ។ ខ្ញុំជឿជាក់ថា ភរិយារបស់ខ្ញុំច្បាស់ជាមិនបន្តស្រក់ទឹកភ្នែក មិត្តភ័ក្រ្តរបស់ខ្ញុំទាំងអស់ច្បាស់ជាគេត្រេកអរនូវក្ដីសម្រេច ជាតម្លៃយុត្តិធម៌នេះនៅអនាគត់យ៉ាងខ្លី។

លោក សាន រិច្ឆឺ ខ្ញុំសូមអរគុណច្រើន ក្នុងការផ្ដល់កិច្ចសម្ភាសន៍ដ៏មានតម្លៃ និងក្បោះក្បាយនេះ ក្នុងនាមសហគមន៍មិត្តនិស្សិតច្បាប់កម្ពុជា។ ករណីនេះគឺជាករណីសិក្សាស៊ីជម្រៅផ្លូវច្បាប់មួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការ កែទម្រង់យុត្តិធម៌ ដើម្បីកម្ពុជា៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>