កំពត ៖ កន្លងទៅមានគេទម្លាយរឿងមិនប្រក្រតី ទាក់ទងទៅនឹងក្រុមហ៊ុនរបស់ អ្នកស្រី ទេព សុខា ថា ធ្វើអាជីវកម្មជីក យករ៉ែថ្មសំណង់ ខុសពីទីតាំងច្បាប់អនុញ្ញាត ហើយនឹងមានគេសង្ស័យថា ក្រុមហ៊ុននេះ មានការឃុបឃិតគ្នា ជាមួយមន្ដ្រី អាជ្ញាធរ សមត្ថកិច្ចជំនាញ កេងបំបាត់ប្រាក់សួយសារ រ៉ែជាច្រើនផង ដែរ ដោយមានមតិភាគច្រើន ទាមទារចង់ឱ្យមានគណៈកម្មការចម្រុះមួយ ក្រុម ចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃពី សកម្មភាពធ្វើអាជីវកម្ម របស់ក្រុមហ៊ុននេះ ឡើងវិញ ដើម្បីចង់ដឹងថា តើក្រុមហ៊ុនខាង លើពិតជារកស៊ីត្រឹមត្រូវ ឬក៏រកស៊ីកេងបំ បាត់ប្រាក់ចំណូលពន្ធរដ្ឋ ឬយ៉ាងណានោះ? ។
ឥឡូវក្រោយពីធ្លាយរឿងអាស្រូវខាង លើ ស្រាប់តែធ្លាយចេញឯកសារមួយចំនួន របស់អ្នកខេត្ដកំពត បានប្ដឹងក្រុមហ៊ុនរបស់ អ្នកស្រី ទេព សុខា ដែលមានប្ដីឈ្មោះ ហុក ចិន្ដា ពីបទ ធ្វើសកម្មភាពជីកកកាយ យក អាចម៍ដី ក្រួសក្រហមនៅលើទីតាំងដីកម្ម សិទ្ធិរបស់ខ្លួន យកទៅលក់ធ្វើអាជីវកម្ម ដោយគ្មាន ច្បាប់ អនុញ្ញាត រួមទាំងក្នុងបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃផងដែរ ។
យោងតាមឯកសារ ដែលគេផ្ញើមកឱ្យ ដើមអម្ពិល ជួយចុះផ្សាយបានបង្ហាញឱ្យ ឃើញថា ក្រុមហ៊ុនរបស់ អ្នកស្រី ទេព សុខា និងប្ដីកន្លងមក បានរងនូវបណ្ដឹងពីឈ្មោះ គឹម សោភ័ណ្ឌ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅផ្ទះលេខ៣៤ ក្រុម៥ ភូមិសុវណ្ណ សាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្ដកំពត កាល ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ពីបទ ប្រើប្រាស់ គ្រឿងចក្រ និងកម្មករ ធ្វើសកម្មភាពជីក កកាយយកអាចម៍ដី និងដឹកជញ្ជូនឆ្លងកាត់ អស់រាប់ពាន់រថយន្ដ ចេញពីទីតាំងដីជាកម្ម សិទ្ធិរបស់លោក ដោយគ្មានច្បាប់អនុញ្ញាត ហើយសកម្មភាពនៃការធ្វើអាជីវកម្ម ជីក យកអាចម៍ដីរបស់ក្រុមហ៊ុនអ្នកស្រី ទេព សុខា ខាងលើនេះ ក៏គ្មានច្បាប់អនុញ្ញាតផង ដែរ ។
យោងតាមពាក្យបណ្ដឹង ដែលលោក គឹម សោភ័ណ្ឌ ប្ដឹងចូលទៅមេឃុំព្រៃឃ្មុំ ប្ដឹង ចូលទៅអភិបាលស្រុក ក៏ដូចជាប្ដឹងទៅ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងប្ដឹង ទៅតុលាការជាដើមនោះ គឺបានធ្វើការ ចោទ ប្រកាន់ទៅលើឈ្មោះ ទេព សុខា និងប្ដី ឈ្មោះ ហុក ចិន្ដា ពីបទ ប្រើប្រាស់កម្មករ និងគ្រឿងចក្រ ជីកយកអាចម៍ដីក្រួស ក្រហម នៅលើទីតាំងដីកម្មសិទ្ធិរបស់ខ្លួន អស់រាប់ពាន់រថយន្ដ រួមទាំងបំផ្លិច បំផ្លាញ ផលដំណាំ និងផ្ទះសម្បែងរបស់លោកផង ដែរ ។ ប៉ុន្ដែ រាល់ពាក្យបណ្ដឹងរបស់លោក គឹម សោភ័ណ្ឌ ដែលប្ដឹងចូលទៅមន្ទីរ រ៉ែ និង ថាមពល ក៏ដូចអាជ្ញាធរខេត្ដគឺមិនទទួល បាននូវការឆ្លើយតប ជាផ្លូវការនោះឡើយ និយាយរួមពាក្យបណ្ដឹងរបស់លោកត្រូវបានគេផ្អឹមចោល សូម្បីតែលោកដាក់ ពាក្យ បណ្ដឹងទៅក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល កាលជំនាន់លោក ចម ប្រសិទ្ធិ នៅធ្វើជារដ្ឋមន្ដ្រី ក៏គ្មាន ទទួលបានការឆ្លើយ តបជាផ្លូវការនោះដែរ គឺបានត្រឹមតែមន្ដ្រី ទូរស័ព្ទប្រាប់ថា ការធ្វើអាជីវកម្មជីក យក អាចម៍ដីរបស់ក្រុមហ៊ុនអ្នកស្រី ទេព សុខា នៅតំបន់ភ្នំស ដែលជីកលើដីរបស់ លោកនោះ គឺក្រុមហ៊ុន គ្មានច្បាប់តែប៉ុណ្ណោះ សូម្បីតែមេឃុំព្រៃឃ្មុំ ក៏បានបញ្ជាក់ជាលាយ លក្ខណ៍អក្សរថា ការធ្វើអាជីវកម្ម ជីកយក អាចម៍ដីរបស់អ្នកស្រី ទេព សុខា ក៏មិនបាន ជូនដំណឹងឱ្យសាលាឃុំដឹងនោះដែរ ។ លុះពេល លោក គឹម សោភ័ណ្ឌ ប្ដឹង ហើយអាជ្ញា ធរឃុំកោះហៅឱ្យចូលទៅពិភាក្សាដោះ ស្រាយ ក៏អ្នកស្រី ទេព សុខា និងប្ដី យក លេសនេះ លេសនោះ មិនចូលទៅដោះ ស្រាយ គឺបានត្រឹមតែឱ្យមេការទៅជួបដោះ ស្រាយ ដោយគ្មានលទ្ធផលអ្វីនោះទេ បានត្រឹមតែឆ្លើយថា ការជីកយកអាចម៍ដី ខាងលើនេះ គឺក្រុម ហ៊ុនខ្លួនមានច្បាប់ពីក្រុម ហ៊ុនចិន ដែលជីកប្រឡាយលើគម្រោង របស់រដ្ឋតែប៉ុណ្ណោះ ។ ក្នុងនោះការ ឆ្លើយ ដាក់ក្រុមហ៊ុនចិន ដើម្បីដោះបន្ទុករបស់ខ្លួន នេះ ត្រូវបានមេការក្រុមហ៊ុនចិនដែលធ្វើ ការជីកស្ដារ ប្រឡាយនៅតំបន់នោះ ចេញ មុខមកបដិសេធជាលាយលក្ខណ៍អក្សរថា ក្រុមហ៊ុនរបស់ខ្លួនមាន ភារកិច្ច ជីក ស្ដារប្រឡាយតែប៉ុណ្ណោះ មិន ពាក់ព័ន្ធជាមួយក្រុមហ៊ុនផ្សេងនោះឡើយ។
ជួបជាមួយមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញនេះ លោក គឹម សោភ័ណ្ឌ បានធ្វើការអះអាងថា ក្រុម ហ៊ុនរបស់អ្នកស្រី ទេព សុខា និងប្ដី ឈ្មោះ ហុក ចិន្ដា ពិតជាជីកយកអាចម៍ដី បំផ្លិច បំផ្លាញទ្រព្យសម្បត្ដិ នៅលើដីកម្មសិទ្ធិរបស់ ខ្លួនពិត ប្រាកដមែន ហើយរាល់ពាក្យបណ្ដឹង របស់ខ្លួន ដែលប្ដឹងទៅមន្ទីរជំនាញរ៉ែ និង ថាមពល ដើម្បីឱ្យជួយ ដោះស្រាយគឺមិន ដែលមានការឆ្លើយតប ជាផ្លូវការនោះទេ ហើយក៏មិនដែលទៅធ្វើការហាមឃាត់ ឬក៏ ទប់ស្កាត់សកម្មភាព ធ្វើអាជីវកម្មជីកយក អាចម៍ដីរបស់អ្នកស្រី ទេព សុខា នោះដែរ។ ចំណែកឯរូប លោកវិញ កន្លងមកមានច្បាប់ ពីមន្ទីរជំនាញ និងអាជ្ញាធរខេត្ដ ក្នុងការធ្វើ អាជីវកម្មជីកយកអាចម៍ដីវិញ បែរជាមន្ទីរ ជំនាញ ធ្វើការហាមឃាត់ និងប្ដឹងផ្ដល់ទៅ វិញ ។
សូមបញ្ជាក់ថា នៅក្នុងខេត្ដកំពតបច្ចុប្បន្ន នេះ សកម្មភាពជីកយកអាចម៍ដីក្រួស ក្រហម និងវាយភ្នំយក ថ្ម ទៅលក់ធ្វើអាជីវ កម្មបានកើតមានភាពអនាធិបតេយ្យយ៉ាង ខ្លាំង ដូចជា នៅតំបន់ភ្នំស ភ្នំកូនសត្វ ភ្នំ បន្ទាយចាស់ ជាពិសេសភ្នំលក ដែលជាតំបន់ ប្រវត្ដិសាស្ដ្រ ត្រូវអភិរក្សជាដើមនោះគឺ ឈ្មួញបានធ្វើ សកម្មភាពជីកខ្ទេចខ្ទីរអស់ ដោយគេគ្មានឃើញមន្ទីររ៉ែ និងថាមពល ដែលជាអង្គភាពជំនាញ ចុះទៅធ្វើ ការហាម ឃាត់ និងត្រួតពិនិត្យរកច្បាប់ទម្លាប់អ្វីនោះ ឡើយ ។
ក្រៅពីធ្លាយរឿងអាស្រូវ លោក គឹម សោភ័ណ្ឌ ប្ដឹងខាងលើនេះ នៅមានករណីមួយទៀត ដោយគេអះ អាងថា កាលពីពេល ថ្មីៗនេះ ក្រោយពីធ្លាយរឿងអាស្រូវឈ្មោះ ទេព សុខា ជីកយកថ្មនៅតំបន់ភ្នំឃ្លៃ ខុស ទីតាំងច្បាប់អនុញ្ញាត ហើយក៏ឆ្លេឆ្លាប្រុង រត់ការ ដើម្បីស្នើសុំពង្រីកទីតាំងដើម្បីឱ្យ គ្របដណ្ដប់ទៅ លើតំបន់ដែលខ្លួនជីកខុសទី តាំងនោះ ហើយប្រសិនបើគម្រោងផែនការ ស្នើសុំពង្រីកនេះ ត្រូវបានគេ អនុញ្ញាតនោះ នឹងមានក្រុមហ៊ុនមួយចេញមុខតវ៉ាជាមិន ខាន ព្រោះកន្លងមក ក្រុមហ៊ុនខាងលើក៏ ធ្លាប់ ត្រូវបានធ្វើការស្នើសុំប្ដូរទីតាំង ទៅ ចំណុចដែលក្រុមហ៊ុនអ្នកស្រី ទេព សុខា ជីកខុសទីតាំងនេះដែរ តែ ស្ថាប័នជំនាញមិន អនុញ្ញាតឱ្យ ក្រោមហេតុផលទីតាំងនោះគឺ មានរ៉ែ ដែលច្បាប់ហាមឃាត់ជីកយកធ្វើ អាជីវកម្ម ។
ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃម្សិលមិញ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនអាច ស្វះស្វែងរការបំភ្លឺ ពីភាគីអ្នកស្រី ទេព សុខា បានឡើយ ព្រោះ មិនមានលេខទូរស័ព្ទទំនាក់ទំនង ៕