ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្ត កិនស្លាប់ យ៉ាងអាណោចអធ័ម នៅនឹងកន្លែង កើតហេតុបន្ទាប់ពីជិះម៉ូតូ ទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដឹកគ្រឿងចក្របើកឆ្លងផ្លូវ កាលពីវេលាម៉ោង ៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ តុលា ២០១៤ នៅចំណុចមុខក្រុមហ៊ុនវឌ្ឍនៈ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម១៨ភូមិ២ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សុគ្រី ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម រស់នៅក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូស្មាស វី ពណ៌ក្រហម លាយ ខ្មៅ មួយគ្រឿង តែម្នាក់ឯង ដោយធ្វើដំណើរយ៉ាងលឿន តាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកគ្រឿងចក្រចេញពីក្រុម ហ៊ុនវឌ្ឍនៈ បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយព្រូរថយន្តម្នាក់ទៀត បើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូនិងមនុស្ស ទៅក្រោមរថយន្តត្រូវរថយន្តកិនស្លាប់ភ្លាមមួយរំពេច ។ បន្ទាប់មកគេឃើញបុរសបើករថយន្តបង្ក និង ព្រូរថយន្តចុះពីលើរថយន្ត ជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកពិនិត្យវាស់វែង និងទាក់ទងក្រុមគ្រួសារ ឱ្យមកទទួលយកសពបុរសរងគ្រោះទៅធ្វើ បុណ្យតាមប្រពៃណី ៕