វ៉ាស៊ីនតោន ៖ សារព័ត៌មានអាម៉េរិក បានផ្សាយថា យ៉ាងហោចណាស់ មានមនុស្សចំនួន ០៤នាក់ស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានបុកនឹងអគារ នៅជិតអាកាសយានដ្ឋាន ស្ថិតនៅតំបន់ Midwestern រដ្ឋកាន់សាស់ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែក តាមការ ផ្សាយរបស់ទូរទស្សន៍ ស៊ីអិនអិនថា ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់ទំាង ០៤នាក់នោះ គឺមាន ០២ នាក់ គឺមនុស្សដែលស្ថិតនៅក្នុងអគារ ដែលយន្តហោះបុក នៅជិតអាកាសយានដ្ឋាន មីដខុនធីណិន ទី ក្រុង វីឆាតា។
បើតាមគ្រូពេទ្យ ក្នុងតំបន់ម្នាក់ បានប្រាប់ ស៊ីអិនអិនថា នៅក្នុងឧប្បតិហេតុនោះ មានអ្នករបួសម្នាក់ ស្ថិត នៅអាការៈធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀត របួសគួរសម ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។
យន្តហោះនោះ ជាប្រភេទយន្តហោះ Hawker Beechcraft B200 Super King Air ម៉ាស៊ីនពីរ ។ យោង តាមវែបសាយ របស់ក្រុមហ៊ុនអាកាសចរណ៍ យន្តហោះអាចដឹកអ្នកដំណើរច្រើនជាង ១៣នាក់ ចំណែក អគារដែលយន្តហោះនោះបុក គឺមានមនុស្សប្រហែលជា ១០០នាក់ ។
ជាមួយគ្នានោះដែរ ក្រុមស៊ើបអង្កេត មកពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សា សុវត្ថិភាព ដឹកជញ្ជូនជាតិ បានទៅដល់កន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតប្រាកដ ដែលនាំឲ្យយន្តហោះធ្លាក់ ផងដែរ ៕