ភ្នំពេញ ៖ បន្ទប់ដាក់ឯកសារ ក្នុងប៉ុស្តិ៍នគរបាលផ្សារ កណ្តាលទី១ ចំណុះឲ្យអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យ ឆាបឆេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលា ម៉ោង ២ និង ៣០នាទីយប់ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។
ប្រជាពលរដ្ឋរស់នៅជិតខាងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បាននិយាយ ដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ មានផ្សែង ចេញពីប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី ចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមកចោមរោមមើល ស្រាប់តែឃើញមានអណ្តាតភ្លើង ឆាបឆេះចេញមកក្រៅ ទើប ប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ និងនាំគ្នាជួយមួយដៃមួយជើងម្នាក់យកទឹកជះពន្លត់ ប៉ុន្តែអណ្តាតភ្លើងនៅតែមិនទាន់រលត់ ព្រោះអណ្តាតភ្លើងកំពុងឆាបឆេះខ្លាំង រហូតរថយន្តពន្លត់ទៅដល់កន្លែងកើតហេតុ បាញ់ទឹកពន្លត់ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។
ក្នុងគ្រោះអគ្គិភ័យខាងលើនេះដែរ រថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងបានទៅ ដល់កន្លែងកើតហេតុ ភ្លាមៗ ប៉ុន្តែបាញ់ទឹកពន្លត់អស់តែ១គ្រឿង ប៉ុណ្ណោះ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយករណីនេះ សំណាងហើយ ដែល អគ្គិភ័យឆាបឆេះនៅចំកន្លែងមានសមត្ថកិច្ចស្រាប់ ព្រោះអាចមានកម្លាំងមនុស្សគ្រប់គ្រាន់ និង អាចផ្តល់ព័ត៌មានឆាប់រហ័ស ក្នុងទាក់ទងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកអន្តរាគមន៍ បានទាន់ពេលវេលា ៕