ភ្នំពេញៈ សម្រាប់ឆ្នាំសិក្សាថ្មី ០១ វិច្ឆិកា ២០១៤-២០១៥ នេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ បានអញ្ជើញ ជាអធិបតីបើកបវេសនកាលថ្មី ក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង។
ជាមួយនឹងការបើកបវេសនកាលនេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ ក៏បានអាននូវសារលិខិត របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ថ្ងៃទី១ វិច្ឆិកា ២០១៤ នេះ ជាថ្ងៃដែលមាន អត្ថន័យដ៏ ជ្រាលជ្រៅមួយ សម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់សិស្ស និស្សិត ក្នុងវ័យសុក្សា កុលបុត្រធីតា ជាទីស្រឡាញ់របស់យើង គ្រប់គ្នាបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូង សម្រាប់កុមារ ដែលទើបដល់អាយុ ត្រូវចូលរៀន ។
លោក ជ គឹមស៊ បានបន្តសារលិខិតនោះទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្នុង បុព្វហេតុ លើក តម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿនកុលបុត្រធីតាខ្មែរ ដែលជាសសរ ទ្រូងរបស់ជាតិ ឲ្យស្រវាស្រទេញរកចំណេះដឹង ជំនាញវិជ្ជាជីវៈសម្រាប់ជីវិតផ្ទាល់ខ្លួន ឲ្យបានប្រកបដោយ ភាពថ្លៃថ្នូ ជាពិសេសឲ្យ បានយល់ច្បាស់ថា ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃ, រួមចំណែកលើកតម្កើង កិត្យានុភាពជាតិឲ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងប្របកដោយសុខដុមរមនា ។
នាយកវិទ្យាល័យ ជា ស៊ីម បឹងកេងកង លោក ង៉ូវ ឈុនហាក់ បានថ្លែងឲ្យដឹងដែរថា សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានលោកគ្រូ អ្នកគ្រូបម្រើការងារចំនួន ១៨៩នាក់ ឯសិស្សានុសិស្សមានចំនួន ១៦៤៩នាក់ ចែកចេញជា ៤៨ថ្នាក់។
ជាមួយគ្នានោះដែរ លោក ង៉ូវ ឈុនហាក់ បានថ្លែងបញ្ជាក់ទៀតថា ចំពោះលទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិ លើកទី២នេះ សិស្សចំនួន២១៥នាក់ បានប្រឡងជាប់ ឯការប្រឡងលើកទី១នោះវិញ វិទ្យាល័យ ជា ស៊ីម បឹងកេងកង មានសិស្សចំនួន៨៤នាក់ ប្រឡងជាប់ ៕