រតនគិរី ៖ បន្ទាប់ពីឈើប្រណិត ប្រភេទក្រញូង បេង នាងនួន និងធ្នង់ ដែលជាតម្រូវការ ទីផ្សារនៅ ប្រទេសវៀត ណាមនោះ។ ឥឡូវនេះទីផ្សារនៅប្រទេសវៀតណាមបានកម្ម៉ង ទិញឈើប្រភេទ លេខ១ (សុក្រំ) ដោយតម្រូវ ឲ្យក្រុមឈ្មួញខែ្មរ ដឹកឈើដែលមានមុខកាត់ធំៗ និងមានប្រវែង វែង ដោយតម្លៃខ្ពស់ទៀតផង ។
ជាក់ស្តែឈើប្រភេទលេខ១ (សុក្រំ) ប្រមាណ៥០កំណាត់ ដែលមានមុខកាត់៣០ឃ្លុំ ៤០ឃ្លុំ និង៥០ឃ្លុំ ប្រវែង ២,២ម៉ែត្រដល់២,៥០ម៉ែត្រ លាយចម្រុះគ្នា ត្រូវបានក្រុមឈ្មួញ ដឹកកាត់តាមក្រុមហ៊ុន អភិវឌ្ឍន៍ដំណាំកៅស៊ូ៧៤ ត្រង់ចំណុចK3 ឆ្ពោះទៅវៀតណាម តាមច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវ ដោយរលូន រួចស្រេចហើយ កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ។
បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ កម្លាំងចម្រុះ របស់គណៈ បញ្ជាការ ឯកភាពស្រុកអូរយ៉ាដាវ បានចុះទៅត្រួតពិនិត្យគំនរឈើនោះ បម្រុងនឹងចាប់បញ្ជូន មករដ្ឋបាល ព្រៃឈើទៅហើយ តែត្រូវបានរារាំងដោយក្រុមសមត្ថកិច្ចច្រករបៀងភូមិឡុំ ដែលមានលោករចំ ចីបហៅរ៉ាត់ ជានាយប៉ុស្តិ៍ និងលោកកយ ជាអនុប្រធានប៉ុស្តិ៍ ថាគំនរឈើនេះពួកគាត់ចាប់រួចហើយ ព្រមទាំងរៀបចំប្រគល់ឲ្យរដ្ឋបាលព្រៃឈើថែមទៀតផង។ បន្ទាប់ពីមានការជជែកគ្នារវាងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ និងសមត្ថកិច្ចច្រករបៀង រួចមកក៏បានដក កម្លាំង ត្រឡប់ក្រោយ ពោលគឺទុកការងារឲ្យសមត្ថកិច្ចច្រករបៀងគ្រប់គ្រង។ ស្រាប់តែរហូតដល់ថ្ងៃទី០១ ខែវិច្ឆិការ ឈើប្រភេទលេខ១ (សុក្រំ)ជាង៤០កំណាត់មានសេរីភាពដល់វៀតណាមបាត់ទៅហើយ។
ប្រភពពត៌មានដោយឡែកផ្សេងទៀតប្រាប់ឲ្យដឹងថាបានជាឈើប្រភេទលេខ១មានមុខកាត់ធំៗ និងមានប្រវែង វែងដឹកឆ្លងកាត់ក្រុមហ៊ុនអភិវឌ្ឍន៍ ដំណាំកៅស៊ូដឹកតាមគោយន្ត ដោយងាយស្រួលនោះគឺមានការត្រូវរ៉ូវគ្នារវាងម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ៧៤ និងសមត្ថកិច្ចច្រករបៀងភូមិឡុំតែម្តង។ ប្រភពព័ត៌មានខាងលើនេះ បញ្ជាក់ឲ្យដឹងទៀតថា លោកកយដែលមានតួនាទីជាអនុប្រធានប៉ុស្តិ៍ច្រករបៀងភូមិឡុំ និងសាច់ញាតិ សុទ្ធតែ ជាមេឈ្មួញ រកស៊ីឈើខុសច្បាប់យ៉ាងសកម្មជាយូរមកហើយ។ ទាក់ទិនទៅនិងករណីសមត្ថកិច្ចច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវបើកដៃឲ្យក្រុមឈ្មួញដឹកឈើលេខ១ (សុក្រំ)ទៅលក់នៅវៀតណាមដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិលមិនអាចសុំការបំភ្លឺពីលោកងួន សុវណ្ណា ហៅអូនធំ មេវរៈការពារព្រំដែន លេខ៦២៣ ដែលជាមេកើយបានទេ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ។
គេកំពុងដាក់ចម្ងល់ថា សមត្ថកិច្ចច្រករបៀង ភូមិឡុំក្រោយពីបានអះអាងថា បានចាប់វត្ថុតាងបទល្មើស ឈើប្រមាណ៥០កំណាត់ នោះមូលហេតុអ្វីបានជាមិន បញ្ជូនវត្ថុតាងទាំងនោះមករដ្ឋបាលព្រៃឈើបែរជាឈើទាំងនោះត្រូវបានគេដឹងត្រូវបានគេដឹកទៅកាន់ប្រទេសវៀតណាមទៅវិញ។ ថ្នាក់ដឹកនាំអគ្គស្នងការ នគរបាលជាតិ គួរតែត្រួតពិនិត្យឲ្យ មែនទែន ចំពោះនគរបាលមួយ ចំនួនឈើ ជើងតាមច្រករបៀង ពួកគេកំពុងតែក្លាយខ្លួនពីមន្ត្រី នគរបាលជាតិ ទៅជាឈ្មួញរកស៊ីនិង កាងបទល្មើស ព្រៃឈើយ៉ាងសកម្ម៕