កំពត ៖ ករណីជនមិនស្គាល់មុខ គប់គ្រាប់បែកចូលទៅក្នុងរោងពិធី រៀបចំមង្គលការមួយ នៅក្នុងស្រុកអង្គរជ័យ ខេត្ដកំពត បណ្ដាលឱ្យមនុស្សស្លាប់ ម្នាក់ និងរងរបួសចំនួន ៩នាក់ នោះ ឥឡូវត្រូវបានគេដឹងពីមូលហេតុហើយ បន្ទាប់ពីសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញា ហើយបាន ព្រមឆ្លើយសារភាពរួចមក ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន ទូច ភេទប្រុស អាយុ ៤៥ឆ្នាំ មានតួនាទីជាប្រធានការិយាល័យ ផែនការទូទៅ នៃក្រសួងផែនការ មានទីលំនៅរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅកន្លែងកើតហេតុ បានយល់ព្រមឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចដែលឃាត់ខ្លួនថា រូបគេពិតជាជនដៃដល់ ក្នុងករណីគប់ គ្រាប់បែកខាងលើនេះ ពិតប្រាកដមែន ហើយមូលហេតុ គឺដោយសាររឿងគំនុំជាមួយប្រពន្ធ ដែលបាន លែងលះគ្នា កាលពីដើមឆ្នាំ រួមគួបផ្សំខឹងជាមួយនឹងម្ដាយចិញ្ចឹម របស់អតីតប្រពន្ធ ដែលរូបគេចោទប្រកាន់ថា គឺជាអ្នកបំបែក បំបាក់ ក៏ដូចជាខឹងទៅ នឹងបុរសម្នាក់ទៀត ដែលខ្លួនដឹងថា បានស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមានវត្ដមាននៅក្នុង ពិធីមង្គលការដែរនោះ ។
ជនសង្ស័យឈ្មោះ នួន ទូច បានរៀបរាប់ឱ្យដឹងថា ដោយសារតែមានគំនុំជាមួយម្ដាយ ចិញ្ចឹមរបស់អតីតប្រពន្ធ ក៏ដូចជាបុរសដែលបានស្រឡាញ់ ប្រពន្ធរបស់ខ្លួន រូបគេក៏បានទិញគ្រាប់បែកយកមកទុក ក្នុងបំណងធ្វើឃាតគូជម្លោះរបស់ខ្លួន ដែលគ្រាប់បែកនោះ រូបគេបានទិញពីមន្ដ្រីយោធា មួយរូប មិនស្គាល់អត្ដសញ្ញាណ ពេលជួបគ្នាផឹកកាហ្វេនៅហាងមួយម្ដុំចោមចៅ (គ្រាប់បែក២គ្រាប់ តម្លៃ ១០០ដុល្លារ) ។
នៅមុនពេលកើតហេតុ ខណៈមានរៀបចំពិធីមង្គលការនៅក្នុងភូមិ ដែលកូនកំលោះនិងកូនក្រមុំត្រូវជាសាច់ញាតិ នឹងគ្នា ក៏ដូចជាអតីតប្រពន្ធរបស់ ខ្លួនដែរនោះ (ជនសង្ស័យនិងអតីតប្រពន្ធ ជាបងប្អូនជីដូនមួយនឹងគ្នា) ខ្លួនក៏ធ្វើ ដំណើរទៅស្រុក ដើម្បីចូលរួមក្នុងពិធីមង្គលការ ក៏ដូចរៀបគម្រោង ប៉ងធ្វើឃាតផងដែរ ។ លុះនៅព្រលប់ថ្ងៃទី៨ ខែធ្នូ ដែលជាថ្ងៃចូលរោង ខណៈដែលខ្លួនបានដឹកម្ដាយទៅផ្ទះការ ស្រាប់តែឃើញអតីតប្រពន្ធនិងកូន រួមជាមួយ ម្ដាយចិញ្ចឹម និងបុរសម្នាក់ទៀត ដែលខ្លួនចោទថា បានស្រឡាញ់អតីតប្រពន្ធរបស់ខ្លួននោះ បានធ្វើដំណើរមកចូល រួមក្នុងពិធីមង្គល ការនេះដែរ។ ពេលឃើញពួកគេមក ខ្លួនក៏បានទៅសួរសុខទុក្ខកូនប្រុស ស្រី ទាំងពីរនាក់ ដែល កូនស្រីបងមានអាយុ ១២ឆ្នាំ និងកូនប្រុសប្អូនមាន អាយុ ១០ឆ្នាំ ហើយរស់នៅជាមួយម្ដាយនោះ ។ ខណៈខ្លួន និយាយលេងជាមួយកូន អតីតប្រពន្ធរបស់ខ្លួន បានធ្វើការរារាំង ហាក់មានបំណងមិនឱ្យ ខ្លួនជួបមុខកូននោះ ឡើយ។
ទង្វើរបស់អតីតប្រពន្ធ ក៏ដូចជួបមុខម្ដាយចិញ្ចឹមរបស់អតីតប្រពន្ធ បានធ្វើឱ្យរូបគេផ្ទុះកំហឹង ហើយក៏មាន គំនិតបោក គ្រាប់បែកសម្លាប់ នៅយប់នោះតែម្ដង។ ប៉ុន្ដែមុននឹងធ្វើសកម្មភាព ខ្លួនបានដឹកម្ដាយបង្កើត យកទៅផ្ទះ រួចហើយក៏ដើរមកកាន់ផ្ទះការវិញ ហើយ ពេលមកដល់ ក៏បានបបួលកូនទាំងពីរនាក់ ដែលអង្គុយជុំគ្នានៅក្នុងរោង ការចំណុចកើតហេតុ យកទៅឱ្យអង្គុយនៅកន្លែងផ្សេង ដែលខណៈ នោះម្ដាយរបស់គេ ក៏តាមទៅអង្គុយជាមួយ ដែរ ទើបមិនបានត្រូវអំបែងរបួសដូចគេ ហើយខណៈអង្គុយនិយាយបានមួយសន្ទុះ ខ្លួនក៏បានដើរគេច ចេញបាត់ទៅ ឆ្ពោះទៅកាន់ទីងងឹត ហើយពេល ឃើញមិនសូវមានមនុស្សនៅចំណុចកើតហេតុ ឃើញមានតែម្ដាយចិញ្ចឹម និងបុរសដែល ស្រឡាញ់អតីតប្រពន្ធ របស់ខ្លួន ដែលជាមុខសញ្ញានោះ ខ្លួនក៏គប់គ្រាប់បែកចូលទៅតែម្ដង ទើបគេចខ្លួនបាត់ទៅ ។
ពាក់ព័ន្ធទៅនឹងសកម្មភាពខាងលើនេះ ជនសង្ស័យក៏បានរៀបរាប់ថា ម្ដាយចិញ្ចឹមរបស់អតីតប្រពន្ធខ្លួន ដែលកន្លង មក បានព្យាយាមបំបែកបំបាក់ គ្រួសាររបស់ខ្លួន ជាញឹកញាប់មកហើយ ដោយសារមើលឃើញអ្នកផ្សេងមាន ហើយចង់ឱ្យប្រពន្ធរបស់ខ្លួន ដែលមានរូបសម្ផស្សស្អាត ធ្វើការ លែងលះគ្នា ដើម្បីទៅយកអ្នកផ្សេង ដែលមានទ្រព្យច្រើន ដោយទង្វើ របស់ម្ដាយចិញ្ចឹមនេះ បានធ្វើឱ្យអតីតប្រពន្ធរបស់ខ្លួនជឿតាម ហើយផិតជា មួយខ្លួន តាំងពីមិនទាន់លែងលះ គ្នាមកម្ល៉េះ ដែលចុងក្រោយទើបបានណែនាំទៅបញ្ចុកបន្ស៊ី ជាមួយបុរសម្នាក់ឈ្មោះ ម៉ាប់ (រងរបួស) ជាមន្ដ្រី នគរបាលនៅ ក្រសួងមហាផ្ទៃ ទើបនាំឱ្យប្ដីប្រពន្ធរបស់ខ្លួន ធ្វើការលែងលះគ្នាបានសម្រេច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ នេះ ដោយ ការលែងលះធ្វើឡើងត្រឹមតែចៅសង្កាត់មិត្ដភាព នៅទីក្រុងភ្នំពេញតែប៉ុុណ្ណោះ ។
កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចផ្ទះរៀបចំពិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ដកំពត បានកើតមានអំពើឃាតកម្ម គប់គ្រាប់បែកចូលរោង ការមួយ បណ្ដាលឱ្យមនុស្សស្រីម្នាក់ស្លាប់ និងមនុស្សប្រុសស្រីចំនួន ៩នាក់ ទៀត រងរបួស ។ ក្នុងនោះជនរងគ្រោះ នៅក្នុងអំពើគប់គ្រាប់បែកខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ទី១ លី ជ្រាង ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅ សង្កាត់មិត្ដភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានស្លាប់ ដោយស្ដ្រីរូបនេះ ត្រូវជាម្ដាយចិញ្ចឹមរបស់អតីតប្រពន្ធ ជនសង្ស័យ។ ទី២ ឈ្មោះ សែម ទឹម ភេទស្រី អាយុ ៥៧ឆ្នាំ, ទី៣ ឈ្មោះ សែម ទូច ភេទស្រី អាយុ ៣៥ឆ្នាំ, ទី៤ ឈ្មោះ ស្រី ម៉ី ភេទស្រី អាយុ ២ឆ្នាំ , ទី៥ ឈ្មោះ ង៉ែត ស៊ីណា ភេទប្រុស អាយុ ៤៨ឆ្នាំ, ទី៦ ឈ្មោះ ង៉ែត រ៉ន ភេទស្រី អាយុ ៥៨ឆ្នាំ , ទី៧ ឈ្មោះ ជា ស្វិត ភេទប្រុស អាយុ ២ឆ្នាំ, ទី៨ ឈ្មោះ អ៊ឹម ប្រុក ភេទប្រុស អាយុ ៣៦ឆ្នាំ និងទី៩ ឈ្មោះ សុខ យឹង ដែលត្រូវជាឪពុកកូនកំលោះ រងរបួសធ្ងន់ស្រាលនៅក្នុងករណីនេះ។
សូមបញ្ជាក់ថា ពិធីរៀបមង្គលការខាងលើ ត្រូវបានគេដឹងថា កូនកំលោះមានឈ្មោះ សុខ ប៊ុន អាយុ ៣១ឆ្នាំ មាន មុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្ដកែប ហើយកូនក្រមុំមានឈ្មោះ អ៊ឹត គឹមឡោម អាយុ ២៧ឆ្នាំ ជាគ្រូបង្រៀននៅខេត្ដព្រះសីហនុ ។ ប៉ុន្ដែក្រោយកើតករណី ឃាតកម្ម បោកគ្រាប់បែកហើយ ពិធី មង្គលការខាងលើនេះ ត្រូវបានលើកពេល ដោយរោងការបានក្លាយទៅជារោងបុណ្យសព ហើយម្ហូបមង្គលការ ក៏ បានបង្វែទៅជាម្ហូប សម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យវិញផងដែរ៕