ឧត្ដរមានជ័យៈ ប្រជាពលរដ្ឋ ចំនួន៣៨នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលពួកគេ ព្យាយាម ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅចំណុច “អូរស្វាយ” ស្ថិតក្នុងភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
យោងតាម ប្រភពព័ត៌មាន ពីកម្លាំងនគរបាល វរៈសេនាតូចការពារ ព្រំដែនគោក លេខ ៩០៥ ដែលជាអ្នក ឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ បានឱ្យដឹងថា ប្រជាជនចំនួន៣៨នាក់នេះ ជាអ្នកភូមិតាសំ ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានព្យាយាម ឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួលអូសឈើគ្រញូងក្នុងទឹកដីថៃ ។ ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ច ក៏បានដកហូត វត្ថុតាងមួយចំនួន ផងដែរ ក្នុងនោះមាន ម៉ូតូចំនួន ១៤ គ្រឿង ទូរស័ព្ទ ១៣ គ្រឿង និង សម្ភារៈ មួយចំនួនទៀត ដែលពួកគេនាំយកទៅជាមួយ ។
បច្ចុប្បន្ន ប្រជាពលរដ្ឋ ទាំង៣៨នាក់ ត្រូវបានសមត្ថកិច្ច បញ្ចូន ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តឧត្តមានជ័យ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា ។
គួរបញ្ជាក់ថា ករណីប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់ ទៅស៊ីឈ្នួលអូសឈើ នៅប្រទេសថៃ នៅក្នុង ខេត្តឧត្តមានជ័យ គេតែងសង្កេតឃើញ កើនមានជាញឹកញាប់ តួរយ៉ាងដូចជាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ សមត្ថកិច្ច ក៏បានឃាត់ខ្លួន ប្រជាពលរដ្ឋ ចំនួន១១នាក់ដែរ ខណៈដែលពួកគេព្យាយាម ចូលទៅកាប់ឈើ នៅក្នុងទឹកដីថៃ តាមច្រកអន្លង់វែងនោះ ៕