ភ្នំពេញ៖ នៅក្នុងកម្មវិធី មហោស្រព ភាពយន្ត អន្តរជាតិកម្ពុជា (Cambodia International Film Festival) ដែលបានប្រារព្ធធ្វើ នៅតាមរោងភាពយន្ត នានា នៅក្នុងរាជធានីភ្នំពេញ រឿង "វិញ្ញាណម្ចាស់ពូក" របស់ផលិតកម្ម "ភូមិពេជ្រ" ក៏បានដាក់ចូលរួមនៅ ក្នុងកម្មវិធី របស់ CIFF នេះផងដែរ ដើម្បី បង្ហាញពី ស្នារដៃកូនខ្មែរ ជាមួយ និងភាយន្តល្បីៗ របស់បរទេសទាំង ៥៣ ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ រឿង "វិញ្ញាណម្ចាស់ពូក" ដែលចំណងជើងជាភាសាអង់គ្លេសថា "The Final Sleep" បានចាក់បញ្ចាំងនៅ រោងភាពយន្ត Legend នៅក្នុងកម្មវិធីរបស់ Cambodia International Film Festival ដែលមានការចូល រួមទស្សនា យ៉ាងច្រើនកុះករ ពីសំណាក់ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកផលិតភាពយន្ត បរទេសនានា ។
ក្រុមការងាររបស់ CIFF បានឲ្យដឹងថា មានទស្សនិជនជាច្រើនលើសពីការ គ្រោងទុក បានមក ទស្សនារឿង "វិញ្ញាណម្ចាស់ពូក" ដែលជាស្នាដៃ របស់ ផលិតករខ្មែរ ហើយទស្សនិជន ប្រមាណ ២០០នាក់ផ្សេងទៀត មិនអាចចូលទស្សនាបាន ដោយសារតែគ្មានកន្លែងអង្គុយ ។
លោក ដើង ពុទ្ធពណ៌ ដែលជាផលិករបានឲ្យដឹងថា លោកមានមោទនភាពណាស់ ដែលបានឃើញ ប្រជាជនខ្មែរតស៊ូ ប្រជ្រៀតគ្នា ដើម្បីមកគាំទ្រ ភាពយន្តខ្មែរ លោកសប្បាយ ចិត្តណាស់ ដែលប្រជាជនខ្មែរមាន គំនិតជាតិនិយម ចេះជួយគាំទ្រផលិតផល របស់ជាតិ យ៉ាងដូច្នេះ។
គួរបញ្ចាក់ថា រឿង "វិញ្ញាណម្ចាស់ពូក" ដែលបានចាក់បញ្ចាំងកាល ពីថ្ងៃទី១០ ខែធ្នួ នោះ គឺជាកម្មវិធីរបស់ CIFF តែនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ រឿង "វិញ្ញាណម្ចាស់ពូក" និងចាក់បញ្ចាំងម្តងទៀតនៅរោងភាពយន្ត Legend ក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទីបី និងសាលមហោស្រព ចេនឡា ៕