ភ្នំពេញ ៖ ម៉ូតូរឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល ១គ-៤៤៧០ ត្រូវ បានចោរលួចកាត់សោ ចូលលួចយកទៅបាត់ ខណៈដែលជនរងគ្រោះ ជាម្ចាស់ម៉ូតូកំពុង ដេកលង់លក់នៅក្នុងផ្ទះ កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្បែរអង្គភាពអគ្គិសនី រោងចក្រដំបូលក្រហម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ម្ចាស់ម៉ូតូរឺម៉កកង់បី លោក ស អាយុ ជាង២០ឆ្នាំ បាននិយាយថា ក្រោយពីបើកដឹកម៉ូយចប់ បានត្រឡប់មកផ្ទះវិញ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយយកម៉ូតូទៅទុកក្នុងផ្ទះជួលជាធម្មតា រួចចូលដេក ។ លុះព្រឹកព្រលឹមឡើង ពេល ភ្ញាក់ពីដេកមិនឃើញម៉ូតូរបស់ខ្លួន ក៏ស្រែក ឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ។
នៅព្រឹកថ្ងៃដដែលនេះ ជនរងគ្រោះបាន មកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ដើម្បីឱ្យជួយស្វែងរកម៉ូតូរឺម៉ករបស់ខ្លួន ដែលត្រូវចោរលួច កាលពីយប់មិញនោះ ។